អភិបាលខេត្ត​បាត់ដំបង​៖ ជម្ងឺ​កូ​វីដ​ធ្វើឱ្យ​ប្រែប្រួល​សេដ្ឋកិច្ចពិភពលោក ក្នុងនោះ​កម្ពុជា​ក៏​ទទួល​ឥទ្ធិពល​

ថ្ងៃព្រហស្បតិ៍ 7 មករា 2021, 8:18

​ខេត្តបាត់ដំបង​! ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ជម្ងឺ​កូ​វីដ​ធ្វើអោយ​ប្រែប្រួល​សេដ្ឋកិច្ចពិភពលោក ហើយ​ក្នុងនោះ​កម្ពុជា​យើង​ក៏​ទទួល​ឥទ្ធិពល ខេត្តបាត់ដំបង​យើង​ក៏​ទទួល​ឥទ្ធិពល​ដូច​ខេត្ត​ដ​ដៃៗ​ទៀត​ដែរ ជាពិសេស​គឺ​បងៗ​ដែល​ប្រកបមុខរបរ​ជាមួយនឹង​សេវាកម្ម​ទេសចរណ៍​នេះ​តែម្តង ដែលមាន​ទាំង​ផ្ទះសំណាក់ រមណីយដ្ឋាន អាហា​រដ្ឋា​ន និង​ពិសេស​សេវា​ដឹកជញ្ជូន​បាន​ប៉ះពាល់​ប្រាក់ចំណូល​។​

 

​ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ជំនួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌​សម្តេច​ក្រ​ឡោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង ចែកជូន​ដល់​បងប្អូន​អាជីវករ​និង​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី​(​តុ​ក តុ​ក​)​សរុប​ប្រមាណ​ជាជាង ១០០​នាក់ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ នៅ​បរិវេណ​សួន​នាគ​បាញ់​ទឹក ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

 

​បន្ថែម​ពីនេះ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍ថា កន្លងទៅ​រាជរដ្ឋាភិបាល ជាមួយនឹង​ការស្តា​ជីវភាព ជាមួយនឹង​ផលប៉ះពាល់​ដោយ​កូ​វីដ​នេះ​គឺមាន​គោលនយោបាយ​ច្រើន គោលនយោបាយ​ជាមួយនឹង​កម្មករ គោលនយោបាយ​ជាមួយនិង​សហគ្រិន​ធុន​តូច គោលនយោបាយ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ និង​គោលនយោបាយ​ដែល​ធំធេង​មួយទៀត គឺ​គោលនយោបាយ​ផ្តល់​សាច់ប្រាក់​ជាមួយ​ពលរដ្ឋ ដែលមាន​ក្រ​១ -​ក្រ​២ ហើយ​សម្រាប់​ខេត្តបាត់ដំបង​យើង​គឺមាន​រហូត​ជាង ៦០០០០​គ្រួសារ​ហើយ​។​

 

​ដោយឡែក​ចំពោះមុខ​ដែល​កើត​ជំងឺ​ផ្ទុះ​នៅក្នុង​សហគមន៍​ក្នុងប្រទេស​ថៃ ហើយ​ខេត្តបាត់ដំបង​ជា​ខេត្ត​ជាប់​ព្រំដែន យើង​មានធុរៈ​ទទួលបន្ទុក​កិច្ចការ​នេះ​ធំ​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​អោយជួយ​រ៉ាប់រង​និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជម្ងឺ​នេះ​ដែល​ឆ្លង​ពី​ប្រទេសជិតខាង ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ព្រោះ​មកដល់ពេលនេះ​ខេត្តបាត់ដំបង​យើង​មាន​ពលករ​មក​ស្នាក់នៅ​ជាង ១០០០​នាក់​ហើយ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​ប្រាំពីរ​ធំៗ មាន​កំរៀង ,​ភ្នំព្រឹក ,​សំពៅ​លូន ,​ថ្មគោល ,​ក្រុង​បាត់ដំបង ,​និង​ស្រុក​សង្កែ ដែល​រាជរដ្ឋាភិបាល​ជួយ​ទំនុកបំរុង​ទាំងស្រុង​ក្នុងការ​រៀបចំ គ្រប់គ្រង និង​ស្នាក់នៅ​ដល់​រដ្ឋបាលខេត្ត​ដើម្បី​ជួយ​បងប្អូន​ដែល​កំពុងស្នាក់នៅ នៅទីនេះ​។​

 

​ឯកឧត្តម​បន្តទៀតថា ខេត្តបាត់ដំបង​ជា​ខេត្ត​មួយ​ដែល​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​ទៅលើ​កសិកម្ម ហើយ​បើទោះបីជា​ជម្ងឺ​កូ​វីដ​នេះ​ធ្វើអោយប៉ះពាល់​សេដ្ឋកិច្ច​ផ្នែក​វិស័យ​ទេសចរណ៍ តែ​ផ្នែក​វិស័យ​កសិកម្ម​គឺ​នៅតែ​ដំណើរ​ការដែល​ពេលនេះ​ប្រជាពលរដ្ឋ​យើង​ខ្លះ​បាននិងកំពុង​ដាំ​ដុះ ខ្លះ​បាននិងកំពុង​ច្រូតកាត់ ពីព្រោះ​ខេត្តបាត់ដំបង​យើង​រាជរដ្ឋាភិបាល​បាន​វិនិយោគ​ច្រើន​ទៅលើ​វិស័យ​ធារាសាស្ត្រ ទើប​ធ្វើអោយ​លទ្ធភាព​ដាំ​ដុះ មានឱកាស​ដាំ​ដុះ​បាន​ច្រើនដង ដែល​ធ្វើអោយ​សេដ្ឋកិច្ច​កសិកម្ម​របស់​យើង​មានដំណើរ​ធម្មតា​បើទោះបី​មាន​កូ​វីដ​ក៏ដោយ លើកលែងតែ​វិស័យ​ទេសចរណ៍ ទាំងនេះហើយ​ដែល​យើង​មិនអាច​បំភ្លេចបាន​នៅ​ថ្ងៃជ័យ​ជំនះ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​យើង​មាន​ថ្ងៃនេះ​។​

 

​គួរ​បញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ចែកជូន​ដល់​បងប្អូន​អាជីវករ ក៏ដូចជា​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី (​តុ​ក តុ​ក​)​នាពេលនេះ ក្នុង​មួយ​នាក់​ទទួលបាន - អង្ករ ២០​គីឡូក្រាម - ទឹក​សុទ្ធ ១​កេស -​ត្រីខ -​សាប៊ូ និង​ថវិកា​ចំនួន ៤០០០០​រៀល​។​

អភិបាលខេត្ត​បាត់ដំបង​៖ ជម្ងឺ​កូ​វីដ​ធ្វើឱ្យ​ប្រែប្រួល​សេដ្ឋកិច្ចពិភពលោក ក្នុងនោះ​កម្ពុជា​ក៏​ទទួល​ឥទ្ធិពល​

PLB Banner on article detail