កសិករ​នាំគ្នា​សម្រុក​ប្រមូល​ផលដំណាំ​ពោតក្រហម បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​

ថ្ងៃពុធ 4 វិច្ឆិកា 2020, 13:23

​ខេត្ត​ប៉ៃលិន៖ កសិករ​ម្នាក់ បាន​ដាំ​ដំណាំ​ពោតក្រហម​១​ហិកតា និង​ដាំដំឡូង​មី​ចំនួន​១០​ហិកតា នៅលើ​ដីចម្ការ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លុះ​ភ្លៀង​ធ្លាក់​ជោកជាំ អស់​រយ​:​ពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ គ្នា បណ្តាលឱ្យ​ទទួលរង​ការ​រលួយ​ខូចខាត​ទាំងអស់ ដោយ​នៅសល់តែ​ដំណាំ​ពោតក្រហម ក៏​នាំគ្នា​ប្រមូល​ផល​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។

 

​បើតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ មុំ អាយុ​៤០​ឆ្នាំ ជា​ម្ចាស់​ចម្ការពោត និង​ដំឡូង​មី ខាងលើ​បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា ៖ នៅ​ចុង​ឆ្នាំនេះ ពួកគាត់​ពិតជា​យំ​មិន​ចេញ ហើយក៏​ដេក​មិន​លក់​បក់​មិន​ល្ហើយ​នោះទេ ដោយ សារ​តែ​មេឃ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ជាប់ៗ​គ្នា អស់​រយ​:​ពេល​ជា​យូរ កាលពី​ថ្មីៗ​កន្លងទៅ បណ្តាលឱ្យ​ជាំ ទឹក ក្នុង​ចម្ការ រលួយ​មើម​ខូចខាត​ដំណាំ​ដំឡូង​មី​របស់ខ្លួន​គ្មាន​សល់​សូម្បីតែ​បន្តិច​នោះឡើយ ។​

 

​គាត់​បន្តទៀតថា ឆ្នាំនេះ គាត់​ពិតជា​មានការ​ខាតបង់​អស់​ច្រើន ដោយសារ​ចំណាយ​ថវិកា​ទិញ​ដើម​ដំឡូង​មី យកទៅ​ដាំ​នៅលើ​ដី​១០​ហិកតា និង​ទិញ​ពូជ​គ្រាប់ពោត​ក្រោម ដាំ​នៅលើ​ដី​១​ហិកតា ដោយ​សង្ឃឹមថា នៅពេល​ប្រមូល​ផល អាច​នឹង​លក់បាន​ប្រាក់​ខ្លះៗ សម្រាប់​យកទៅ​សង​ជំពាក់​គេ ហើយ​សល់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។ ប៉ុន្តែ ដោយសារ​គ្រោះធម្មជាតិ​ភ្លៀង​ខ្លាំង ធ្វើឱ្យ​គាត់​អស់សង្ឃឹម​យ៉ាងខ្លាំង ហើយ​មើលទៅ​មិនអាច​រក​ថវិកា សង​ជំពាក់​គេ​រួចរាល់​នោះឡើយ ។​

 

​គាត់​បញ្ជាក់ថា នៅក្នុង​ចម្ការពោត​នេះ គឺ​មិន​ទទួលផល​បាន​១០​ភាគរយ​នោះឡើយ ព្រោះ​ភ្លៀង​ខ្លាំងពេក ធ្វើឱ្យ​ផ្លែ​ពោត​ខ្លះ​ដុះ​ពន្លក​នៅក្នុង​ផ្លែ ហើយ​ខ្លះទៀត​មានការ​ដួល​ហូរ​តាម​ទឹក​ខូចខាត​អស់​មួយចំនួន​ដែរ ។

 

​ចំណែក​កម្មករ ឈ្មោះ សេន ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ អ៊ិន ចិ​ត្រា អាយុ​៣៣​ឆ្នាំ រស់​ក្រុងប៉ៃលិន បានឱ្យដឹង​ដែរ​ថា ការ​ស៊ី​ឈ្មួ​ល​ប្រមូល​ផល​ផ្លែ​ពោត គឺ​ម្ចាស់​ចម្ការ​គិត​ឱ្យ​ក្នុង​១​កា​រ៉ុង តម្លៃ​៧០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ ពួកគាត់​អាច​កាច់​ស្នៀតពោត បាន​ប្រហែល​ជាង​១០​កា​រ៉ុង ។ ប្រភព​បន្តទៀតថា ដំណាំ​ពោតក្រហម​នៅ​ឆ្នាំ​២០២០​នេះ មិនសូវ​ទទួលផល​ច្រើន ដូច​ឆ្នាំមុន​នោះទេ ដោយសារតែ​ពេល​ពោត​កំពុង តែ​ចេញ​ផ្កា និង​ដាក់​ស្នៀត គឺមាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ​ពេក ធ្វើឱ្យ ស្កក លុះ​ពេល​ពោត​ទុំ មេឃ​នៅតែ​ភ្លៀង បណ្តាលឱ្យ​គ្រាប់ពោត​ដុះ​ពន្លក​នៅក្នុង​ផ្លែ​តែម្តង ។

 

​ចំណែក​កសិករ​ផ្សេងៗ ទៀត រស់នៅក្នុង​ខេត្ត​ប៉ៃលិន ជាច្រើន​នាក់ បាន​ត្អូញត្អែរ​ដូចៗ គ្នា​ថា ពួកគាត់​ពិតជា​មានកា​រ​លំបាក​យ៉ាងខ្លាំង​នៅ​ចុងឆ្នាំ​២០២០​នេះ ដោយសារតែ​ចម្ការ​របស់ខ្លួន​រលួយ​មើមដំឡូង​អស់ ។​

 

​ចំណែក​កន្លែង​ខ្លះ ត្រូវ​បង្ខំចិត្ត​ប្រមូល​ផល ទាំង​មើមដំឡូង មិនទាន់​គ្រប់​អាយុ ហើយក៏​លំបាក​ដឹក​យកទៅលក់ ខណ​:​ទីផ្សារ​ពោតក្រហម​១ គីឡូក្រាម​ឈ្មួញ​ទិញ ៤.៥​បាត​(​ប្រាក់​ថៃ​) រីឯ​ដំឡូង​មី ១​គីឡូក្រាម ឈ្មួញ​ទិញ ១.៥​បាត ដែលមាន​ការធ្លាក់ចុះ​ជាង​ឆ្នាំមុន​បន្តិច ៕​

 

 

កសិករ​នាំគ្នា​សម្រុក​ប្រមូល​ផលដំណាំ​ពោតក្រហម បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​
កសិករ​នាំគ្នា​សម្រុក​ប្រមូល​ផលដំណាំ​ពោតក្រហម បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​
កសិករ​នាំគ្នា​សម្រុក​ប្រមូល​ផលដំណាំ​ពោតក្រហម បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​

PLB Banner on article detail