កសិករ​ជិត​៣០០​នាក់ តវ៉ា​ស្នើ​អាជ្ញាធរ​បើកផ្លូវ​ធំ​ឱ្យ​រថយន្ត​ដឹក​កសិផល​ចេញចូល​ដូច​មុន​

ថ្ងៃសុក្រ 1 មេសា 2022, 9:59

ខេត្តបាត់ដំបង ៖ ក្រោយពី​អាជ្ញាធរ​ស្រុក​រតនមណ្ឌល​យក​ដុំថ្ម​ទៅ​រៀប​បិទ​បង្រួម​នៅ​សងខាង​ផ្លូវ​មិនឱ្យ​រថយន្ត​ធុន​ធំ​បើកបរ​ដឹក​កសិផល​ចូល​បាន​ដូច​មុន នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​នេះ​ប្រជាកសិករ​ប្រមាណ​ជិត​៣០០​នាក់ កើតទុក្ខ​មិន​សុខចិត្ត​នាំគ្នា​ផ្ទុះ​ការតវ៉ា​យក​ត្រាក់ទ័រ​បិទផ្លូវ​ដើម្បីឱ្យ​ថ្នាក់លើ​ជួយ​សម្រួល​បើកផ្លូវ​អោយ​ធំ​ទូលាយ​ដូច​មុន​ឡើងវិញ​។

​បើតាម​ការរៀបរាប់​ពី​ប្រជាកសិករ​រស់នៅក្នុង​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហារ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ជាប់​នឹង​ព្រំប្រទល់ ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា  ក្រោយពី​សង្កេតឃើញ​អាជ្ញាធរ​ជំនាញ​យក​ដុំថ្ម​ទៅ​បិទ​ឃាំង​បង្រួម​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៤​ទៅ​៥​កន្លែង ដោយ​ទុក​ទទឹងផ្លូវ​តែ​ប្រវែង ២.៦​ម៉ែត្រ​ទៅ ២.៧​ម៉ែត្រ​មិនឱ្យ​រថយន្ត​ធុន​ធំ​ដឹក​កសិផល​បើកបរ​ចេញចូល​ទៅមក​តាម​ដង​ផ្លូវ​ខាងលើនេះ បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពួកគាត់ ដោយ​ក្រោយពី​ប្រមូល​ផល​ពោតក្រហម និង​ដំឡូង​មី រួច អត់​មាន​ឈ្មួញ​ថៃ​ណា​ម្នាក់​ហ៊ាន​ចូលទៅ​ទិញ​កសិផល​នោះឡើយ ដែលជា​ហេតុ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដំឡូង​មី​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

 

 ខណៈ​ពីមុន​ឈ្មួញ​ហ៊ាន​ទិញ​ដំឡូង​មី ១​គីឡូក្រាម​តម្លៃ ២.១ ទៅ ២.២​បាត (​ប្រាក់​ថៃ​) ស្មើ​ជាង​២០០​រៀល តែ​ពេលនេះ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ខ្លាំង​នៅសល់​១​គីឡូក្រាម​ត្រឹម​១​បាត (​ប្រាក់​ថៃ​) ជាង​១០០​រៀល​ប៉ុណ្ណោះ ហើយ​នៅក្នុង​ស្តង់​មួយចំនួន​ត្រូវ​ថៅកែ​ថៃ​បង្ខំចិត្ត​បិទទ្វារ​ព្រោះ​មិនអាច​បើកបរ​រថយន្ត​ចូលទៅ​ដឹក​កសិផល​ដំឡូង​មី​ដូច​មុន​បាន ដោយ​គេ​អនុញ្ញាតឱ្យ​រថយន្ត​តូចៗ ចូល​ប៉ុណ្ណោះ​។​

 

 ពួកគាត់​បន្តទៀតថា មិន​ត្រឹមតែ​រថយន្ត​ថៃ​ដឹក​កសិផល​ចូល​មិន​រួច​ប៉ុណ្ណោះ​ទេ​សូម្បីតែ​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដី និង​ដាំពោត​ដំឡូង​មីរ​បស់​ពួកគាត់ ដែល​ភ្ជាប់​ឧបករណ៍​ពូន​រង​ដាំដំឡូង​ក៏​ចូល​មិន​រួច​ដែរ​ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​យ៉ាងខ្លាំង  ហើយ​បើសិនជា​អាជ្ញាធរ​បិទ​មិនឱ្យ​រថយន្ត​ឈ្មួញ​ដឹក​កសិផល​នៅលើ​ផ្លូវ​ខាងលើ​ចេញចូល​បាន ក៏​សុំឱ្យ​ម៉ាស៊ីន​កសិកម្ម ដូចជា​ត្រាក់ទ័រ និង​គោយន្ត​ច្នៃ​អាច​បើកបរ​ទៅមក​ដោយ​ស្រួល​ផង តែ​បើសិនជា​អាជ្ញាធរ​ជំនាញ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ទេ ពួកគាត់​នឹងធ្វើ​ការតវ៉ា​បិទផ្លូវ​នៅ​ថ្ងៃ​ខាងមុខ​ឆាប់ៗ​នេះ​ទៀត ដើម្បី​សូមឱ្យ​ខាង​ក្រសួង​និង​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់​ជា​កសិករ​ដែល​កំពុង​ជួប​ការលំបាក​ដោយ​តម្លៃ​ទីផ្សារ​ប្រេងសាំង​ឡើងថ្លៃ រីឯ​កសិផល​កាន់តែ​ធ្លាក់​ទាប​ទៅៗ​។ 

​បើតាម​ការរៀបរាប់​ពី​លោក កុល ស៊ីនួន ជំទប់​ទី​១ ឃុំ​រស្មី​សង្ហារ បានឱ្យដឹងថា  ការបិទផ្លូវ​នេះ​គឺ​ខាង​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនមែន​ខាង​ខេត្តបាត់ដំបង ឬ ខាង​ឃុំ​ស្រុក​របស់លោក​ឡើយ  ហើយ​ការបិទផ្លូវ​នេះ​មិនឱ្យ​រថយន្ត​ធុន​ធ្ងន់​ខុស​បច្ចេកទេស​បើកបរ​ចូល​បានឡើយ​ព្រោះ​នាំឱ្យ​ខូច​ផ្លូវ បើ​ត្រឹម​រថយន្ត​ស្តង់ដារ​ដូចជា​រថយន្ត​ដឹក​កសិផល​របស់​ថៃ​សណ្តោង​រ៉ឺម៉ក​អាច​បើកបរ​ចូល​បាន ហើយ​ខាង​លោក​កំពុងតែ​ស្នើសុំ​ទៅខាង​ក្រសួង​ឱ្យជួយ​បង្ខិត​ចេញ​ក្រៅ​បន្តិចទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​បើកបរ​រថយន្ត ឬ​ត្រាក់ទ័រ​ទៅ​ភ្ជួរដីចម្ការ​របស់ខ្លួន​មិន​ប៉ះ​គែម​សងខាង​ផងដែរ​។ 

 

​ស្ត្រី​ម្នាក់ ឈ្មោះ សៀ សុភ័ក្ត្រ អាយុ​២៥​ឆ្នាំ​ជា​តំណាងឱ្យ​ម្ចាស់​ស្តង់​ដំឡូង​មី​របស់​ថៅកែ​ថៃ​បានឱ្យដឹង​ដែរ​ថា បន្ទាប់ពី​ឃើញ​អាជ្ញាធរ​ជំនាញ​យក​ផ្ទាំង​ថ្ម​ទៅ​បិទផ្លូវ ពេលនេះ​ថៅកែ​ថៃ​ផ្អាក​ទិញ​កសិផល ហើយ​នៅ​កន្លែង​ស្តង់​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ក្បែរៗ​ផ្លូវ​ក្រាល​កៅស៊ូ​ខាងលើ​ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ដែរ ដោយ​ឱ្យ​កសិករ​ដែល​ធ្លាប់​ដឹក​យកទៅលក់​ឱ្យ​ស្តង់​របស់ខ្លួន​ដឹក​យកទៅលក់​នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់  ហើយ​បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ​មិនឆាប់​ដោះស្រាយ​បញ្ហា​នេះ​ទេ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើនេះ​នឹង​ជួប​នូវ​ការលំបាក​ចំពោះ​ជីវភាព​ជាក់​ជាមិនខាន​។ 

 

​ចំណែក​លោក គុយ វណ្ណ​ណូ អភិបាលស្រុក​រតនមណ្ឌល​បានឱ្យដឹងថា ៖ បន្ទាប់ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្កេតឃើញថា​មាន​រថយន្ត​ធុន​ធំ​របស់​ថៃ​ដឹក​កសិផល​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ខាងលើ​ទើប​អាជ្ញាធរ​ចុះទៅ​បង្រួម​ផ្លូវ​ឱ្យ​តូច ដែល​ក្នុងនោះ​រថយន្ត​ទម្ងន់​ត្រឹម​១០​តោន​ទើប​អាច​បើកបរ​ចូល​តាមផ្លូវ​ខាងលើនេះ​បាន ដោយ​គោលការណ៍​នេះ​មិនមែន​ខាង​ស្រុក​របស់លោក​ឡើយ ដោយ​តម្លៃ​ទីផ្សារ​កសិផល​មិនមាន​ការធ្លាក់​ថ្លៃ​អ្វី​នោះឡើយ​៕​

កសិករ​ជិត​៣០០​នាក់ តវ៉ា​ស្នើ​អាជ្ញាធរ​បើកផ្លូវ​ធំ​ឱ្យ​រថយន្ត​ដឹក​កសិផល​ចេញចូល​ដូច​មុន​

PLB Banner on article detail