អាជ្ញាធរចុះបិទខ្ទប់(ធនាគារកម្ពុជាពាណិជ្ជ)ក្រោយរកឃើញបុគ្គលិក០១នាក់ឆ្លងជំងឺកូវីត-១៩

ថ្ងៃពុធ 22 កញ្ញា 2021, 13:41

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងបាត់ដំបងបានចុះបិទខ្ទប់(ធនាគារកម្ពុជាពាណិជ្ជ)មួយកន្លែងដែលមានទីតាំងនៅខាងត្បូងឈាងខាងលិចផ្សារណាត់ ស្ថិតក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយស្រាវជ្រាវរកឃើញបុគ្គលិកបម្រើការងារទីនេះ០១នាក់ឆ្លងជំងឺកូវីដ-១៩។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានអោយដឹងថា ចំពោះអ្នករកឃើញមានជំងឺកូវីដ-១៩ ចំពោះបុគ្គលិកធនាគារខាងលើនេះ ត្រូវបានមន្ត្រីជំនាញបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះមុន្នីវង្ស ស្ថិតនៅក្នុងក្រុងបាត់ដំបងរួចរាល់ហើយ ដោយឡែកបុគ្គលិកដែលធ្វើការជាមួយនៅក្នុងនេះ ត្រូវបានអនុញ្ញាតអោយធ្វើចត្តាឡីស័កនៅក្នុងធនាគាររបស់គាត់ ដោយសារធនាគាររបស់គាត់មានបន្ទប់សម្រាប់អោយបុគ្គលិកស្នាក់នៅ និងមានបង្គន់អនាម័យត្រឹមត្រូវ។

ជាមួយគ្នានេះលោកអភិបាលក្រុងក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទំនាក់ទំនងទាក់ទងការងារជាមួយបុគ្គលិកធនាគារនេះកាលពីថ្ងៃទី១៨ ,១៩ និងថ្ងៃទី២០ សូមមេត្តាចូលរួមដោយមានការសង្ស័យយ៉ាងណានោះ ក៏សូមអញ្ជើញទៅយកសំណាកដោយឥតគិតលុយនៅក្នុងមណ្ឌលវិទ្យាល័យព្រះមុន្នីវង្សក៏បាន នៅមណ្ឌលសាលាសម្តេចឪក៏បាន ដូច្នេះសូមបងប្អូនទាំងអស់មានការយោគយល់ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នៃការរីករាលដាលនូវជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេចក្រឡាហោម ស ខេង ក៏ដូចជាឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោកយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាសូមកុំអោយបងប្អូនប្រជាពលរដ្ឋយើងមានការឆ្លងរីករាលដាលនូវជំងឺកូវីដនេះ។

ហើយជាចុងក្រោយលោកក៏បានសំណូមពរទៅដល់បងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តអោយបាន ៣កុំ ៣ការពារ អោយបានគ្រប់គ្នា ហើយជាពិសេសក៏សូមអោយបងប្អូនមេត្តាយោគយល់ព្រោះខេត្តបាត់ដំបងយើងជាប់កាតព្វកិច្ចជាខេត្តពាក់ម៉ាស់ហើយ អញ្ចឹងនៅពេលបងប្អូនធ្វើដំណើរទៅណាមកណាក្តី ជិះម៉ូតូក្តី ឬក៏ធ្វើដំណើរចូលក្នុងផ្សារសូមមេត្តាពាក់ម៉ាស់ទាំងអស់គ្នាទាំងអាជីវករអ្នកលក់ដូរនៅក្នុងផ្សារ ទាំងអ្នកទិញ ។

បន្ថែមពីនេះ លោកអភិបាលក្រុងក៏អំពាវនាវទៅដល់ពុកម៉ែបងប្អូនទាំងអស់ ជម្រុញនាំកូនមកទទួលចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំជាប្រចាំរបស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះផងដែរ។

អាជ្ញាធរចុះបិទខ្ទប់(ធនាគារកម្ពុជាពាណិជ្ជ)ក្រោយរកឃើញបុគ្គលិក០១នាក់ឆ្លងជំងឺកូវីត-១៩
អាជ្ញាធរចុះបិទខ្ទប់(ធនាគារកម្ពុជាពាណិជ្ជ)ក្រោយរកឃើញបុគ្គលិក០១នាក់ឆ្លងជំងឺកូវីត-១៩

PLB Banner on article detail

អត្ថបទពេញនិយម