អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ 18 វិច្ឆិកា 2021, 13:11

ភ្នំពេញ៖ ក្រសួងផែនការ បានបង្ហាញពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩ -២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។
អត្រាភាពក្រីក្រថ្មីនេះ ត្រូវបានឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែន ការបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ស្តីពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ ដែលក្រសួងផែនការ សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបា លកម្ពុជា រៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មីដោយប្រើប្រាស់ ទិន្នន័យពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ សម្រាប់កម្ពុជា មានចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិ ខ្សែបន្ទាត់ភាពក្រីក្រតាមតំបន់មានដូចខាងក្រោម៖

– ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ

– ៩ ៥៧១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀតនិង

– ៨ ៩០៨រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ជនបទ។

ប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុប បានរស់ក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ២០១៩ - ២០២០ ក្នុងនោះ អត្រាភាពក្រីក្រនៅ ៖

– រាជធានីភ្នំពេញ ៤,២%

– តំបន់ទីប្រជុំជនផ្សេង ទៀត ១២,៦%

– តំបន់ជនបទ ២២,៨%

ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ដំបូងនៅឆ្នាំ ១៩៩៧ ដោយប្រើប្រាស់ ទិន្នន័យពីអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើ ប្រាស់សម្រាប់វាស់វែងកម្រិត នៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។ ដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចចិត្ត ធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញ សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣.ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០០៩។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់ សម្រាប់វាស់វែងភាពក្រីក្រនៅ កម្ពុជារហូតមកដល់បច្ចុប្បន្ន (ដោយបានកែសម្រួល តាមកម្រិតអតិផរណា ) នៃថ្លៃទំនិញ ក្នុងឆ្នាំនីមួយៗ) ។

ក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងមានការសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារពិភពលោក បានចាប់ផ្តើមពិនិត្យមើល និងកែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជាក្នុងឆ្នាំ២០១៧។

ការពិនិត្យមើលឡើងវិញនេះ បានចង្អុល បង្ហាញថា ការអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សរ៍កន្លងទៅ ធ្វើឱ្យមានការប្រែប្រួលគួរឱ្យ កត់សម្គាល់នូវការចំណាយលើការប្រើប្រាស់ ដូចជាការចំណាយច្រើនជាងមុន លើការសិក្សា, សុខភាព, លំនៅឋាន, ទូរស័ព្ទផ្ទាល់ខ្លួន និងអ៊ិនធឺណិត ដើម្បីបំពេញតាមតម្រូវការមូលដ្ឋាន រួមទាំងការចំណាយលើ ការប្រើប្រាស់របស់ក្រុមជនក្រីក្រផងដែរ។

បន្ថែមលើនេះទៀត កម្ពុជាបានក្លាយ ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ដោយមានផលទុនជាតិសរុបក្នុងមនុស្សម្នាក់ ១.០៧០ដុល្លារក្នុងឆ្នាំ២០១៥ ដែលខ្ពស់ជាងកម្រិតអប្បរមា របស់ប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ១០២៥ដុល្លារ។

ភស្តុតាង ទាំងនេះបញ្ជាក់ថា កម្ពុជាគួរមានខ្សែបន្ទាត់ភាពក្រីក្រថ្មី សម្រាប់ប្រើប្រាស់ជា ចំណុចចាប់ផ្ដើម ដើម្បីតាម ដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩- ២០២៣ និង លទ្ធផលនៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០។

ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួល នៃការចំណាយលើការប្រើប្រាស់ របស់ក្រុមជនក្រីក្រ និងធ្វើឱ្យ ប្រសើរឡើងវិធីសាស្ត្រ សម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចចិត្ត៖ (១) កែលម្អ កម្រងសំណួរការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរ ជាងមុន ស្តីពីការប្រើប្រាស់ម្ហូបអាហារ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណ ប្រើប្រាស់នៃមុខទំនិញ នីមួយៗ (២)កែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រ ដើម្បីឱ្យមានសង្គតិភាពទៅនឹងវិធីសាស្ត្រលុ អៗ ដែលបានអនុវត្តនៅក្នុងតំបន់និងសាកលលោក។ វិធីសាស្ត្រដែលកែសម្រួលនេះ បានផ្តោតលើចំណុចសំខាន់ៗចំនួនពីរ គឺ បង្កើតការចំណាយលើការប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូលនូវតម្លៃប៉ាន់ ស្មានថ្លៃជួលផ្ទះ និង តម្លៃប៉ាន់ស្មានការប្រើប្រាស់សម្ភារប្រើប្រាស់បានយូរ និង ការអនុវត្តវិធីសាស្ត្រចំណាយលើ តម្រូវការមូលដ្ឋាននិងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលកូវីដ-១៩ លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្ដើមពីដើមឆ្នាំ ២០២០ តាមរយៈការបង្កផលប៉ះពាល់ ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើមសម្រាប់ការផលិតផលិតផល នាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ប៉ុន្តែផលប៉ះពាល់ លើកម្រិតជីវភាពរស់នៅ របស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែល វិធានការណ៍ការរឹតបន្តឹងនានា ត្រូវបានអនុវត្ត៕

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩
អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩
អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩
អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩
អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពី ការរីករាលដាល នៃមេរោគកូវីដ-១៩

PLB Banner on article detail

អត្ថបទពេញនិយម