អាជីវករក្នុងស្រុកកំរៀងសំដែងការមិនពេញចិត្តចំពោះការតម្លើងថ្លៃភាស៊ីអនាម័យខ្ពស់មិនអាចទទួលយកបាន

ថ្ងៃអាទិត្យ 31 កក្កដា 2022, 14:54

ខេត្តបាត់ដំបង៖ អាជីវករជាអ្នកលក់ដូរអាហារដ្ឋាន ភោជនីយដ្ឋានជាច្រើននៅក្នុងស្រុកកំរៀងបានសំដែងការមិនពេញចិត្តចំពោះការតម្លើងថ្លៃភាស៊ីប្រមូលសំរាមរបស់ (ក្រុមហ៊ុនចែវិច)ដោយតម្រូវអោយបង់ថ្លៃ 1X3 ខណៈដែលខែមុនៗបង់ត្រឹម ២៥០០០រៀល។

 

អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងថា÷  រយៈពេលកន្លងមកអ្នកស្រីបានបង់ថ្លៃសេវាប្រមូលសំរាមត្រឹមតែតម្លៃ ២៥០០០រៀលប៉ុណ្ណោះក្នុងមួយខែ តែពេលនេះខាងក្រុមការងារក្រុមហ៊ុនប្រមូលសំរាមបានចុះមកម្តងទៀតដោយជូនដំណឹងថា ថ្លៃបង់សេវាប្រមូលសំរាមចាប់ពីខែសីហា តទៅបានកែសម្រួលថ្មីវិញដោយកើនឡើងដល់ចំនួន ៩៥០០០រៀលនៅក្នុងមួយខែវិញលើអាហារដ្ឋានដែលមានទំហំផ្ទះពីរល្វែង។

 

អ្នកស្រីបន្តថា ចំនួនថ្លៃសេវាកើនឡើងយ៉ាងខ្ពស់បើប្រៀបធៀបនិងកន្លងមកនេះលោកស្រីមិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរបច្ចប្បុន្នមិនសូវដាច់ឡើយ លោកស្រីសំណូមពរឲ្យខាងក្រុមហ៊ុន ឬអាជ្ញាធរស្រុកជួយបន្ធូរបន្ថយបង់ត្រឹមតែ ៣០០០០រៀល ទៅ ៣៥០០០រៀលទើបអាចរត់រួច។

 

ចំណែកលោក គង់ សម្បត្តិ តំណាងក្រុមហ៊ុន ចែ វិច ភាស៊ីបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា÷ ការតម្លើងថ្លៃសេវាអាជីវកម្មខាងលើនេះគឺអនុវត្តតាមការកំណត់របស់ក្រសួង មានក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានកំណត់អោយមក ដោយខាងក្រសួងថ្លៃជាងតម្រូវអោយផ្ទះ០១ល្វែងបង់ក្នុងតម្តៃ (៦៧៦០០រៀល) ធំជាង០១ល្វែងបង់ក្នុងតម្លៃ( ១១២៨០០រៀល) ចំណែកនៅស្រុក ក្នុង០១ល្វែងបង់ត្រឹម( ៦០០០០រៀល) ធំជាង០១ល្វែង បង់(៩៥០០០រៀល) មានអីត្រូវខុស។

 

 ជាមួយគ្នានេះដែរ ខាងរដ្ឋបាលស្រុកកំរៀងក៏បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់បណ្តាប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ចូលរួមបង់កម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹងថ្មីឲ្យបានរួសរាន់ទាន់ពេលវេលាទៅតាមតារាងកម្រៃថ្មី ពុំនោះទេរដ្ឋបាលស្រុកកំរៀង និងចាត់វិធានការរដ្ឋបាលដោយមិនលើកលែងឡើយ៕

អាជីវករក្នុងស្រុកកំរៀងសំដែងការមិនពេញចិត្តចំពោះការតម្លើងថ្លៃភាស៊ីអនាម័យខ្ពស់មិនអាចទទួលយកបាន

PLB Banner on article detail

អត្ថបទពេញនិយម