ក្រសួងបរិស្ថាន លើកទឹកចិត្ត​សហគមន៍​ខេត្តកោះកុង បង្កើន​ការចិញ្ចឹម​ខ្យង​ចំពុះទា​

ថ្ងៃសុក្រ 19 មិថុនា 2020, 10:22

​ក្រសួងបរិស្ថាន លើកទឹកចិត្ត​ដល់​សហគមន៍​ក្នុង​ខេត្តកោះកុង​បង្កើន​ការចិញ្ចឹម​ខ្យង​ចំពុះទា ខណៈ​ខ្យង​ប្រភេទ​នេះ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដែល​នឹង​ជួយ​ដល់​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ប្រសើរឡើង​។​

 

​ឯកឧត្តម នេត្រ ភ​ក្រា្ត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា ខ្យង​មួយ​ប្រភេទ​នេះ​នៅ​បរទេស​គេ​ល្បីល្បាញ​ឈ្មោះ​ណាស់ ដោយសារ​វា​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​វិញ ប្រជាពលរដ្ឋ​ហាក់​មិនសូវ​ស្គាល់​ទេ ដោយហេតុ​នេះហើយ​ទើប​ក្រសួង​ទាក់ទាញ​ឲ្យ​ភោជនីយដ្ឋាន​ប្រចាំ​សណ្ឋាគារ​ល្បីៗ និង​ភោជនីយដ្ឋាន​ធំៗ​នៅ​កម្ពុជា​ចាប់អារម្មណ៍​បង្កើត​មុខម្ហូប ដែល​នឹង​ជួយ​ឲ្យ​ប្រជា​សហគមន៍​ចិញ្ចឹម​ខ្យង​ចំពុះទា​បានទទួល​ទីផ្សារ​កាន់​ធំ និង​អាច​ពង្រីក​មុខរបរ​នេះ​កាន់តែច្រើន​ដើម្បី​លើកស្ទួយ​ជីវភាព​ឲ្យ​កាន់តែ​ធូរធារ​។​

 

​ថ្លែង​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ដែលជា​ក្រុម​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ធំៗ និង​ភោជនីយដ្ឋាន​ល្បីៗ​នៅ​កម្ពុជា​ចុះ​ពិនិត្យ​ការចិញ្ចឹម​ខ្យង​ចំពុះទា និង​ការកែច្នៃ​ផល​នេសាទ​នៅ​ខេត្តកោះកុង ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែមិថុនា​នេះ ឯកឧត្តម បាន​ឲ្យ​ដឹងថា នៅ​បរទេស​ខ្យង​ប្រភេទ​នេះ មានតម្លៃ​ចាប់ពី​ជិត​១០​ដុល្លារ​ឡើងទៅ ប៉ុន្តែ​សម្រាប់​ប្រជា​សហគមន៍​នៅ​ខេត្តកោះកុង អាច​ចិញ្ចឹម​លក់បាន ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ត្រឹមតែ​២.៥០០ ដល់​៣.០០០​រៀល​ប៉ុណ្ណោះ ដោយសារតែ​ខ្វះ​ទីផ្សារ និង​ការចាប់អារម្មណ៍​ពី​ប្រជាជន​ចំពោះ​គុណប្រយោជន៍​របស់​វា ទៅលើ​មុខម្ហូប​ដែលមាន​រស់ជាតិ​ឆ្ងាញ់​។​

 

​បើតាម​ការបញ្ជាក់​ពី​លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋាន​អភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ នៃ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ប្រជា​សហគមន៍​ដែល​កំពុង​ចិញ្ចឹម​ខ្យង​ចំពុះទា​នៅក្នុង​ខេត្តកោះកុង​មាន​ចំនួន​៣​កន្លែង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ដែល​ទី​១​មាននៅ​តំបន់​មុខ​លំហរ​ពាម​ក្រសោប​ចាស់ ទី​២​មាននៅ​កោះ​កាង និង​ទី​៣​នៅ​ចំណុច​ឡាំ​ដាំ​ជាប់​នឹង​ឈូង​ជ្រោយ​ប្រស់​។​

 

​សូមបញ្ជាក់ថា កន្លងមក​ប្រជា​សហគមន៍​ចិញ្ចឹម​ខ្យង​ចំពុះទា​លក់​នៅ​ខេត្តកោះកុង បាន​នាំ​ចេញទៅ​លក់​ឲ្យ​ប្រទេសជិតខាង​ក្នុងតម្លៃ​មួយ​ទាប​។ ហេតុនេះហើយ ទើប​ក្រសួងបរិស្ថាន បាន​ទាក់ទាញ​បណ្តា​សណ្ឋាគារ​ធំៗ និង​ភោជនីយដ្ឋាន​ល្បីៗ​នៅ​កម្ពុជា ចូលរួម​ទិញ​ខ្យង​ប្រភេទ​នេះ​ពី​ប្រជាពលរដ្ឋ ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​ក្នុង​ការបង្កើន​ការចិញ្ចឹម​៕​

ក្រសួងបរិស្ថាន លើកទឹកចិត្ត​សហគមន៍​ខេត្តកោះកុង បង្កើន​ការចិញ្ចឹម​ខ្យង​ចំពុះទា​
ក្រសួងបរិស្ថាន លើកទឹកចិត្ត​សហគមន៍​ខេត្តកោះកុង បង្កើន​ការចិញ្ចឹម​ខ្យង​ចំពុះទា​
ក្រសួងបរិស្ថាន លើកទឹកចិត្ត​សហគមន៍​ខេត្តកោះកុង បង្កើន​ការចិញ្ចឹម​ខ្យង​ចំពុះទា​

PLB Banner on article detail