អង្គការ WWF៖ សត្វ​ផ្សោត​ទន្លេមេគង្គ​រស់នៅ​អន្លង់​ឈើទាល ព្រំប្រទល់​កម្ពុជា ឡាវ កំពុង​ឈានទៅ​បាត់បង់​ទាំងស្រុង​

ថ្ងៃច័ន្ទ 25 តុលា 2021, 9:39

​សត្វ​ផ្សោត​ទន្លេមេគង្គ (Orcaellabrevirostris) ដែល​រស់នៅ​ដាច់ស្រយាល​ពី​គេ ក្នុង​អន្លង់ ឈើ ទាល​ស្ថិត​ជាប់​នឹង​ព្រំប្រទល់​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ ប្រជាមានិត​ឡាវ កំពុង​ឈានទៅ​បាត់បង់​ទាំងស្រុង​។ ក្រុម​សត្វ​ផ្សោត​ដែល​រស់នៅ ក្នុង​អន្លង់​ឈើទាល គឺជា​ក្រុម​រស់នៅ ដាច់ដោយឡែក​ពី​ក្រុម​សត្វ​ផ្សោត​ដទៃទៀត ដែល កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា​។ ផ្អែក​តាម​ការសិក្សា​អង្កេត ចំនួន​សត្វ ផ្សោត​នៅ​អន្លង់​ឈើទាល​បាន​ថយចុះ​ជា​បន្ត​បន្ទាប់មក​ត្រឹម​០៣​ក្បាល ក្នុង​ឆ្នាំ​២០១៨ និង ០១​ក្បាល ក្នុង​ឆ្នាំ​២០២១​។

 

​តាម​ការពិនិត្យ​ជាក់ស្តែង អន្លង់​ឈើទាល​នេះ រង​នូវ​ហានិភ័យ ខ្ពស់ ដែល​ធ្វើឱ្យ​សត្វ​ផ្សោត​រស់ក្នុង​អន្លង់​នោះបាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ការ​ប្រែ ប្រួល​របប​ទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ និង​កិច្ចសហការ​ក្នុងការ​ទប់ស្កាត់​ការនេសាទ ដោយ​ប្រើ​ឧបករណ៍​ហាមឃាត់​ក្នុង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ម្យ៉ាងទៀត សត្វ ផ្សោត​មួយចំនួន​នៅ​អន្លង់​ឈើទាល​នេះ​ក៏បាន​ស្លាប់​បណ្តាលមកពី​អាយុកាល​ផងដែរ​។ ចំនួន​សត្វ​ផ្សោ​តនៃ​អន្លង់​អន្តរ​ព្រំដែន​ឡាវ​-​កម្ពុជា បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នេះ អ្នក​វិទ្យា សាស្ត្រ​បានប្រកាស​រួចមកហើយ កាលពី​ឆ្នាំ​២០១៦ ដោយ​លើកឡើងថា ហ្វូង​ផ្សោត​ដែល រស់នៅក្នុង​អន្លង់​ឈើទាល​នេះ​នឹង​ឈាន ទៅ​ផុត​ពូជ​នៅ​ថ្ងៃ​ខាងមុខ​។ នេះ​បើ​យោងតាម សេចក្ដី ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF​។​

 

​បើតាម​អង្គការ WWF សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ថ្នាក់ ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សត្វ​ផ្សោត​ទាំងនេះ​កំពុង​រស់នៅ​តាម​ទីជម្រក​សំខាន់ៗ​នៃ​ទន្លេមេគង្គ​ចាប់ពី​ទី​រួម​ខេត្តក្រចេះ​រហូតដល់​ព្រំប្រទល់​នៃ​ប្រទេស​ឡាវ​ត្រង់​ប៉ែក​ខាងក្រោម​នៃ​ល្បាក់ខោន​ដែលមាន​ចម្ងាយ ១៨០​គីឡូម៉ែត្រ​។ តាម​លទ្ធផល​ជំរឿន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​២០២០​បាន​ប៉ាន់ប្រមាណ​ថា មាន ចំនួន​ត្រឹមតែ​៨៩​ក្បាល​ប៉ុណ្ណោះ​ដោយ​មិន​រាប់បញ្ចូល​ចំនួន​កូន ផ្សោត​ដែល​បាន​កត់ ត្រា​ថ្មីៗ ។​

 

​លោក​បណ្ឌិត Randall Reeves ប្រធាន​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ ផ្នែក​ពពួក​ថ​និក សត្វ​ទឹក​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) បាន​បាន​បញ្ជាក់ថា “​សត្វ ផ្សោត​នៃ​អន្លង់​អន្តរ​ព្រំដែន​ឡាវ​-​កម្ពុជា​នឹង​ឈានទៅ​បាត់​បង់ហើយ ដោយសារ​វា នៅ​សេសសល់​ចំនួន​តិចតួច​ណាស់ ហើយ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ដឹងថា​វា​បានរស់នៅ ដាច់​ឆ្ងាយ​ពី​ហ្វូង​ធំៗ​ដទៃទៀត ដែល​កំពុង​រស់នៅក្នុង​អន្លង់​នៃ​ខ្សែទឹក​ខាង ក្រោម​ទន្លេ មេគង្គ ក្នុង​ខេត្តក្រចេះ និង​ខេត្ដ​ស្ទឹងត្រែង​”​។​

​កាលពី​ឆ្នាំ​២០០៧ ការតាមដាន ស្ថាន ភាព និង​ចំនួន​សត្វ​ផ្សោត​ដោយ​ផ្អែកលើ​អត្ត សញ្ញាណ រូបថត​ដែល​ធ្វើឡើង ដោយ​រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង អង្គការ WWF បាន​កត់​ត្រាទុក​សត្វ​ផ្សោត ពេញវ័យ​ចំនួន​០៨​ក្បាល ដែល ធ្លាប់បាន​រស់នៅក្នុង​អន្លង់ អន្តរ​ព្រំដែន​ឡាវ​-​កម្ពុជា​នេះ​។ ការតាមដាន​ក្រោយៗ​ទៀត​ដែល​បាន​ប្រព្រឹត្ត​ទៅតាម​វដ្ត នៃ​ការធ្វើជំរឿន​សត្វ​ផ្សោត បាន​បង្ហាញថា​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ត្រឹម​ចំនួន​០៣​ក្បាល នៅ ក្នុង​ឆ្នាំ​២០១៨ និង​មក​នៅត្រឹម​តែមួយ​ក្បាល​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០២១​នេះ ដោយ​ផ្សោត មួយ​ក្បាល​នេះ​មាន​អត្តលេខ​សម្គាល់​លេខ ៣៥​។​

 

​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​មានប្រសាសន៍ថា ការថយចុះ​ចំនួន​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល (​អន្លង់​អន្តរ​ព្រំ ប្រទល់​) ដែល​នឹង​ឈានទៅ​បាត់បង់​នាពេលខាងមុខ ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដល់ អនាគត នៃ​ថនិកសត្វ​ដ៏​សំខាន់​ប្រភេទ​នេះ​។ ឯកឧត្ដម​បាន​ថ្លែងថា បច្ចុប្បន្ន ទោះបីជា សត្វ​ផ្សោត​នៅសល់តែ​ចំនួន​មួយ​ក្បាល​ក្នុង​អន្លង់​ឈើទាល​នេះ​ក៏ដោយ ក៏​រដ្ឋបាល​ជល ផល នៅតែ​បន្ត​ខិតខំ​ការពារ និង​ពង្រឹង​កិច្ចសហការ​ជាមួយ​ភាគី​ឡាវ​ក្នុងការ​គ្រប់គ្រង​ធន ធាន ជលផល​ដ៏​មានតម្លៃ​នេះ​។​

 

​ឯកឧត្តម​ប្រតិភូ​បាន​បាន​ថ្លែង​បញ្ជាក់ថា “​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ការពារ និង​អភិរក្ស​យ៉ាង​តឹងរឹង ដោយ​ច្បាប់​ស្តីពី​ជលផល និង​អនុក្រឹត្យ​ស្តីពី​ការ បង្កើត​តំបន់​គ្រប់គ្រង​និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សត្វ ផ្សោត​ទន្លេមេគង្គ​បាន​ប្រឈម​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើងៗ​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ កត្តា​គំរាមកំហែង​ដែលជា​មូលហេតុ​ចម្បងៗ ដែល​បាន​បណ្តាលឱ្យ ចំនួន​សត្វ​ផ្សោត​នៅក្នុង​អន្លង់​អន្តរ​ព្រំដែន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​រួមមាន​ការស្លាប់​ដោយ​ជាប់ នឹង​មង​នេសាទ ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គីសនី​នៅ​ខ្សែទឹក​បែក​ខាងលើ​មេគង្គ​ដែល​បង្ក ការ​រាំង នូវ​លំហូរ​ទឹកជា​ធម្មជាតិ ការនេសាទ​ហួស​កម្រិត និង​ការអនុវត្ត​វិធីសាស្ត្រ​នេសាទ បែប បំផ្លាញ​ដូចជា​ការប្រើ​ឧបករណ៍​ឆក់​ជាដើម​”​។ ឯកឧត្ដម​បាន​បន្ដថា កត្តា​គំរាមកំហែង​ទាំង នេះ ក៏​កំពុង​បន្ត​ដាក់​សម្ពាធ​ខ្លាំង​ឡើងៗ​លើ​ការរស់រានមានជីវិត​របស់​សត្វ​ផ្សោត នៃ​ទន្លេ មេគង្គ​ទាំងមូល​។​

​បើតាម​របាយការណ៍​បានឱ្យដឹង​ង​ថា នៅក្នុង​ឆ្នាំ​២០២០ និង​ក្នុង​ឆមាស​ទី​១ នៃ ឆ្នាំ​២០២១​នេះ ការងារ​ល្បាត​តាម​ទីជម្រក​របស់​សត្វ​ផ្សោត តាម​បណ្តោយ​ដង​ទន្លេ មេគង្គ ក្នុង​ខេត្តក្រចេះ និង​ខេត្ដ​ស្ទឹងត្រែង​បានសម្រេច​បាន​លទ្ធផល​សំខាន់ៗ ដូច​ជាការ​រឹបអូស នូវ​មង​នេសាទ​ខុសច្បាប់ សរុប​ប្រវែង​ប្រមាណ ១១២ ០០០ ម៉ែត្រ ព្រមទាំង​រឹប អូស​នូវ សន្ទូចរនង​ដាក់​ក្នុង​ទីជម្រក​ផ្សោត​សរុប​ប្រវែង​ប្រមាណ​ជាង ១៣១ ០០០ ម៉ែត្រ ផងដែរ​។ ការងារ​ល្បាត​ក៏បាន​ទប់ស្កាត់ និង​រឹបអូស​ផងដែរ​នូវ​ការនេសាទ​ដោយ​ឧបករណ៍​ឆក់​សរុប ចំនួន​២០​ករណី​ផងដែរ​។​

​ឯកឧត្ដម ពុំ សុថា បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ពង្រឹង​កិច្ច សហប្រតិបត្តិការ​ជិតស្និទ​បន្ថែមទៀត ដើម្បី​ចូលរួម​គ្រប់គ្រង​ធនធាន​ជលផល​នៅ​តំបន់ អន្តរ ព្រំប្រទល់​ដែលជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​នៃ ប្រទេស​ទាំងពីរ និង​ការ​រស់ រាន នៃ​សត្វ​ផ្សោត​ដែល​នៅសល់​ក្នុង​អន្លង់​ឈើទាល​នេះ​។​

 

​ជាមួយគ្នានេះ លោកស្រី​បណ្ឌិត Uzma Khan អ្នកសម្របសម្រួល​កម្ម​វិធី​អភិរក្ស សត្វ​ផ្សោត​ទន្លេ និង​ប្រព័ន្ធ​ទន្លេ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ WWF និង​ជា​សមាជិក​នៃ ក្រុម អ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្នែក​ពពួក​ថនិកសត្វ​ទឹក​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) បាន​គូសបញ្ជាក់ថា “​យើង​កំពុងតែ​មើលឃើញ​ការបាត់បង់​ដ៏​គួរឱ្យ សោក សង្រេង​នូវ​សត្វ​ផ្សោត​អន្តរ​ព្រំប្រទល់​ដែលជា​សត្វ​និមិត្តរូប​ដ៏​សំខាន់​មួយ​ប្រភេទ​នេះ​។ វា​ពិត ជាការ​សោកស្តាយ​មួយ​ដ៏​ខ្លាំង​ពន់ពេក​”​។​

 

​លោកស្រី​បាន​បន្ថែមទៀតថា ខណៈពេលដែល ការឈាន​ជិត​ទៅ​ផុត​ពូជ​របស់​សត្វ​ផ្សោត​នៃ​អន្លង់​អន្តរ​ព្រំប្រទល់​នឹង​ចូលមក​ដល់ យើង សូម​អំពាវនាវ​ដល់រ​ដ្ឋា​ភិ​បាល​ឡាវ និង​កម្ពុជា​ក្នុងការ​រួមសហការ​គ្នា​ដើម្បី​បញ្ឈប់​ការប្រើ ប្រា​ស់មង និង​វិធី​នេសាទ​ខុសច្បាប់​ដទៃៗ​ទៀត​ទាំង​នៅក្នុង និង​ជុំវិញ​អន្លង់​អន្តរ​ព្រំប្រទល់ ក៏ដូចជា​រួមគ្នា​បន្ទាន់​ដើម្បី​រៀបចំ​ផែនការ​ស្តារឡើងវិញ​នូវ​ទីជម្រក​ដោយ​រក្សា និង​ធានា​ឱ្យ បាន​នូវ​លំហូរ​ទឹកជា​ធម្មជាតិ​សម្រាប់​ការរស់រាន​រប​ស់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ផ្សេងៗ ជា ច្រើន​ប្រភេទ​ទៀត​។​

 

​បើតាម​អ្នកជំនាញ​បានឱ្យដឹងថា ប្រតិបត្តិការ​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេ មេគង្គ​បាន​បង្កឱ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​រួចហើយ​ដល់​ប្រព័ន្ធ​ទន្លេ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ទាំងនោះ​។ រាល់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដទៃៗ ទៀត​ដែល​បាន ស្នើឡើង​នៅលើ​ដង​ទន្លេមេគង្គ​នឹង​បង្កើន​ហេតុ​ប៉ះពាល់ និង​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម ទៀត​ដល់​ការរស់រានមានជីវិត​របស់​សត្វ​ផ្សោត​ដែល​នៅ​សេសសល់​ក្នុង​ទន្លេមេគង្គ​ព្រមទាំង​ធនធាន​ជលផល​ជាច្រើន​ប្រភេទ​ផ្សេងៗ​ទៀត​។​

 

​ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ក៏បាន​ស្នើ ដល់​ប្រទេស​នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​គឺ​រាល់​ការអភិវឌ្ឍ​ជាពិសេស​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី គួរ​ធ្វើការ​សិក្សា និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ធនធានធម្មជាតិ និង​សង្គម ឱ្យបាន​ពេញលេញ​មុននឹង​ធ្វើការ​សម្រេចចិត្ត​ជា​ចុងក្រោយ​។ ឯកឧត្តម​ប្រតិភូ​ក៏ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានសម្រេច ពន្យារ ពេល​នៃ​ការអនុម័ត​គម្រោង​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ ដូចជា គម្រោង​ទំនប់ វា​រី​អគ្គិសនី​សំបូរ ក្នុង​ខេត្តក្រចេះ ជាដើម​។​

 

​លោក គង់ ចាន់​ធី ប្រធាន​បណ្តាញ​សហគមន៍​នេសាទ​ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ក្នុង​ខេត្តស្ទឹងត្រែង​បាន​លើកឡើងថា សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ប្រជាជន​កម្ពុជា​គោរព និង​ចាត់ទុកថា​ជា​សត្វ​ដ៏​ពិសិដ្ឋ​ព្រោះ​វា​គាំទ្រ​ដល់​ការចិញ្ចឹម​ជីវិត​របស់​យើង​ដោយ​ផ្តល់នូវ​ប្រភព​សម្រាប់រ​ក​ប្រាក់ចំណូល​និង​ការងារ​យ៉ាងសំខាន់​មួយ​ដល់​ប្រជាជន​សហគមន៍​ដែល​ប្រកប​របរ​ទេសចរណ៍ធម្មជាតិ​មើល​សត្វ​ផ្សោត​»​។ លោក គង់ ចាន់​ធី បាន​អះអាងថា “​ប្រជា ជនកម្ពុជា​មានជំនឿថា​ទីណា​មាន​ផ្សោត​ទីនោះ​មាន​ត្រី​។​បើ​គ្មាន​ត្រី​និង​គ្មាន​ផ្សោត​ទេ​ការរស់នៅ​របស់​សហគម​ន៍​យើង​ក៏​នឹងត្រូវ​អន្តរាយ​ផងដែរ​”​។​

 

​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងឱ្យដឹងថា រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ឯកភាពគ្នា​ថា នាពេល​អនាគត ប្រសិនបើ​សត្វ ផ្សោត​មួយ​ក្បាល​ដែល​កំពុង​រស់នៅក្នុង​អន្លង់​ឈើទាល​នេះ​បាន​បាត់បង់​បន្ថែមទៀត រដ្ឋ បាល ជលផល និង​អង្គការ WWF នឹង​រៀបចំ​ធ្វើ​រូបសំណាក​សត្វ​ផ្សោត​ដាក់ តាំង​នៅលើ ច្រាំងទន្លេ​មេគង្គ​នៃ​អន្លង់​ឈើទាល​ដើម្បី​រម្លឹក​ដល់​សាធារណជន និង​កូនចៅ​ជំនាន់​ក្រោយ បាន​ចងចាំ​នូវ​វត្តមាន​សត្វ​ផ្សោត ដែល​ធ្លាប់​រស់នៅ​ទីនោះ​៕ ក្រសួងព័ត៌មាន

អង្គការ WWF៖ សត្វ​ផ្សោត​ទន្លេមេគង្គ​រស់នៅ​អន្លង់​ឈើទាល ព្រំប្រទល់​កម្ពុជា ឡាវ កំពុង​ឈានទៅ​បាត់បង់​ទាំងស្រុង​
អង្គការ WWF៖ សត្វ​ផ្សោត​ទន្លេមេគង្គ​រស់នៅ​អន្លង់​ឈើទាល ព្រំប្រទល់​កម្ពុជា ឡាវ កំពុង​ឈានទៅ​បាត់បង់​ទាំងស្រុង​

PLB Banner on article detail

អត្ថបទពេញនិយម