ក្រុម​តា​លី​បង់ អះអាងថា ខ្លួន​បាន​គ្រប់គ្រង​តំបន់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ៩០​ភាគរយ​

ថ្ងៃសុក្រ 23 កក្កដា 2021, 11:26

​លោក Zabiullah Mujahid អ្នកនាំពាក្យ​ចលនា​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន Sputnik កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​ទឹកដី​ប្រមាណ ៩០​ភាគរយ​នៅតាម​ព្រំដែន​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​។​

 

​លោក Mujahid បាន​និយាយថា «​នៅតាម​ព្រំដែន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ប្រទេស​តាជី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន តួ​កមេ​នី​ស្ថាន និង​អ៊ីរ៉ង់ - ប្រហែល ៩០​ភាគរយ​នៃ​ព្រំដែន គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យើង​។ ព្រំដែន​ជាមួយ​ប្រទេស​តួ​កមេ​នី​ស្ថាន និង​ព្រំដែន​ជាមួយ​អ៊ីរ៉ង់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យើង​ទាំងស្រុង​។ ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន (​លើកលែងតែ​ផ្នែក​តូចៗ​មួយចំនួន​) ក៏​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យើង​ដែរ​»​។​

 

​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​មូ​ស្គូ​បានធ្វើការ​កត់សម្គាល់​កា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ការដក​កងទ័ព​រប​ស់​សហរដ្ឋអាមេរិក​យ៉ាង​លឿន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បណ្តាលឱ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដោយ​ក្រុម​ចលនា​តា​លី​បង់​បាន​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​នូវតាម​ព្រំដែន​ជាមួយ​ប្រទេស​តាជី​គី​ស្ថាន​។​

 

​ប្រទេស​ដែល​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ បាននិងកំពុង​ជួបប្រទះ​នឹង​ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​រវាង​ក្រុម​ចលនា​តា​លី​បង់ និង​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ក្រុម​សកម្មប្រយុទ្ធ​បានទទួល​សន្ទុះ​នៅពេល​កងទ័ព​របស់​ស​ហ​រដ្ឋ​អាមេរិក​ចាប់ផ្តើម​ដកខ្លួន​ចេ​ញា​កាលពី​ថ្ងៃទី​១ ខែឧសភា ស្របតាម​កិច្ចព្រមព្រៀង​ដែល​ពួក​តា​លី​បង់ និង​សហរដ្ឋអាមេរិក​សម្រេច​បាន​នៅ​ទីក្រុង​ដូ​ហា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។​

 

​យោងតាម​ក្រុម​តា​លី​បង់​បានឱ្យដឹងថា កងកម្លាំង​របស់ខ្លួន​ឥឡូវនេះ​កំពុង​គ្រប់គ្រង​ប្រមាណ​ជិត ៨៥​ភាគរយ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​៕

ក្រុម​តា​លី​បង់ អះអាងថា ខ្លួន​បាន​គ្រប់គ្រង​តំបន់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ៩០​ភាគរយ​
ក្រុម​តា​លី​បង់ អះអាងថា ខ្លួន​បាន​គ្រប់គ្រង​តំបន់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ៩០​ភាគរយ​
ក្រុម​តា​លី​បង់ អះអាងថា ខ្លួន​បាន​គ្រប់គ្រង​តំបន់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ៩០​ភាគរយ​
ក្រុម​តា​លី​បង់ អះអាងថា ខ្លួន​បាន​គ្រប់គ្រង​តំបន់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ៩០​ភាគរយ​

PLB Banner on article detail