រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត

ថ្ងៃព្រហស្បតិ៍ 17 មិថុនា 2021, 18:26

 

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ទាក់ទងនឹងយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។

 

ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ​ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។

 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថាចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នឹងចុះទៅអញ្ជើញបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារចាក់វ៉ាក់សាំង នៅថ្ងៃបន្ទាប់ តាមទីតាំងដែលបានកំណត់។

 

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ មិនទាន់បានចុះទៅអញ្ជើញ និងចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ នោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំទាន់អញ្ជើញមកទីតាំងចាក់វ៉ាក់សាំង ដោយត្រូវរង់ចាំរហូតដល់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ចុះទៅអញ្ជើញបងប្អូនជាបន្តបន្ទាប់តាមលំដាប់នៃក្រុម-ភូមិ ដែលបងប្អូនកំពុងរស់នៅ។ 

 

សូមបញ្ជាក់ជូនបន្ថែមថា នៅពេលបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ដើម្បីបង្ហាញដល់ក្រុមការងារនៅទីតាំងចាក់វ៉ាក់សាំង និងសូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង ៣ កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់គោលដៅ ១៩ទីតាំង រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងខេត្ត

PLB Banner on article detail

អត្ថបទពេញនិយម