ពលរដ្ឋខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញរក​ផ្សិត​ប៉ក់ ​ក្រោយពេល​​ភ្លៀង​ធ្លាក់

ថ្ងៃពុធ 3 មិថុនា 2020, 18:44

ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញ​ទៅរក​ផ្សិត​ប៉ក់​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់ ឋ​ណៈ​ដែរ​ផ្សិត​នេះ​លក់បាន​តំលៃ​សមរម្យ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​។​

 

​កញ្ញា គង់ សាវតា ជា​អ្នកទទួល​ទិញ​ផ្សិត​ប៉ក់ ​ឬ​ផ្សិត​ផូងផាង​មក​លក់​បន្ត ក្នុងភូមិ​លលកស ឃុំ​លលកស ស្រុក​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ​ហើយ ឲ្យ​តែ​ដល់​រដូវ​មាន​ភ្លៀង​ធ្លាក់ ប្រជាពលរដ្ឋ បាននាំគ្នា​ចេញទៅ​ដើររក​ដក​ផ្សិត​ប៉ក់​នៅតាម​តំបន់​ព្រៃភ្នំ ដោយ​ក្នុង​មួយថ្ងៃ​អាច​រក​ផ្សិត​បាន​ចន្លោះ​ពី​២០​គីឡូ​ទៅ​៣០​គីឡូក្រាម ដែល​ទទួលបាន​តំលៃ​ពី ៤០,០០០​រៀល និង​៤៥,០០០​រៀល ។​

 

​កញ្ញា​បាន​បន្តថា ប្រភេទ​ផ្សិត​ធម្មជាតិ​ដ៏​កម្រ​មួយ​នេះ រាង​មូល មាន​ដុះ​តែ​នៅក្នុង​ដី​ដែលមាន​ក្រាល​ដោយ​ស្លឹក​ឬ​ដើមឈើ​ងាប់ៗ ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​គឺ​ចាប់ផ្តើម​ដុះ ដែល​ផ្សិត​នេះ​សំបូរ​ទៅដល់​វីតាមីន ប្រូតេអ៊ីន​សំខាន់​ជួយ​ដល់​រាងកាយ ជាពិសេស​អាច​យកទៅ​ធ្វើ​ជា​ម្ហូប​បានជា​ច្រើន​មុខ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ថែមទៀត​ផង ។​

 

​កញ្ញា​បាន​បញ្ជាក់ថា ផ្សិត​ប៉ក់​នេះ​ជា​អាហារ​ពេញនិយម​បំផុត​របស់​ប្រជាជន​ថៃ ហើយ​បាន​ប្រមូល​ទិញ ជាច្រើន​ដោយសារតែ​ផ្សិត​នេះ​នៅ​ប្រទេស​ថៃ​ពិបាក​រក​ណាមួយ​ការចូល​ព្រៃ​ត្រូវបាន​ឃាត់​។ ក្រៅពីនេះ នៅមាន​បន្លែ​ព្រៃ​ជាច្រើន​មុខ​ទៀត​មានដូចជា ស្លឹក​ព្រេច ចុង​ផ្តៅ ដែល​ប្រជាជន​ថៃ​ទទួល​ទិញ​ពី​កម្ពុជា​៕

 

​ប្រភព​៖ ក្រសួង​ព័ត៌មាន​

ពលរដ្ឋខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញរក​ផ្សិត​ប៉ក់ ​ក្រោយពេល​​ភ្លៀង​ធ្លាក់
ពលរដ្ឋខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញរក​ផ្សិត​ប៉ក់ ​ក្រោយពេល​​ភ្លៀង​ធ្លាក់
ពលរដ្ឋខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញរក​ផ្សិត​ប៉ក់ ​ក្រោយពេល​​ភ្លៀង​ធ្លាក់
ពលរដ្ឋខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ចេញរក​ផ្សិត​ប៉ក់ ​ក្រោយពេល​​ភ្លៀង​ធ្លាក់

PLB Banner on article detail