អំណោយ​សមាជិក​ព្រឹទ្ធសភា រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូ​វីដ​-១៩

ថ្ងៃច័ន្ទ 31 ឧសភា 2021, 13:36

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១​នេះ មន្ត្រីជាន់ខ្ពស់​នៃ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ក្នុង​ដំណើរ​បាន​នាំយក​អំណោយ ប្រគល់ជូន​រដ្ឋបាលខេត្ត​សៀមរាប ដែល​ជ​ការបង្ហាញ​អំពី​ចំណាប់អារម្មណ៍​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បទពិសោធន៍​ការងារ​របស់​ខេត្ត​មួយ​នេះ លើ​យន្តការ​កាត់ផ្តាច់​ខ្សែចម្លង​ជម្ងឺ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ស្ថិតនៅ​រដ្ឋបាលខេត្ត​។​

 

​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ បាន​នាំយក​អំណោយ​មួយចំនួន ទៅ​ប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប​។ អំណោយ​ទាំងនោះ​រួមមាន​ទឹក​ពិសា​បរិសុទ្ធ ៥០​កេស មី​ជាតិ ៥០​កេស  ទឹក​ត្រិ​ទឹក​ស៊ី​អី​វ ៥០​យួរ អាល់កុល ៥០​លីត្រ ម៉ាស ២ ៥០០​ម៉ាស ដោយឡែក​ក៏មាន​សៀវភៅ​កម្រង​ឯកសារ​មួយចំនួន​ផងដែរ សម្រាប់​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ សិក្សា​អនុវត្តន៍​។

 

ឯកឧត្តម មានប្រសាសន៍ថា អំណោយ​ទាំងនេះ​គឺជា​សក្ខីភាព​នៃ​ការចូលរួម​ក្នុងនាម​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ថ្នាក់​កំពូល ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​កំពុង​អនុវត្ត​ភារកិច្ច​តាម​តួរ​នាទី​របស់ខ្លួន លើ​ដំណោះស្រាយ​និង​វិធានការ​មួយចំនួន ដែល​សង្កត់​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ដោយ​វិបត្តិ​កូ​វីដ​-១៩ ។ ឯកឧត្តម​ប្រធាន​បញ្ជាក់ថា នេះ​គឺជា​ដំណើរ​បេសកកម្ម​មួយ ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ នាំយក​អំណោយ​ដូចគ្នានេះ ទៅ​ប្រគល់ជូន​រដ្ឋបាល​នៃ​បណ្តា​ខេត្ត​ផ្សេងទៀត​ក្នុង​តំបន់ ដោយ​ភ្ជាប់​ជាមួយ​នូវ​ការតាមដាន​អង្កេត​មើល អំពី​ស្ថានភាព បទពិសោធន៍ និង​លទ្ធផល​ប្រតិបត្តិការ ការអនុវត្ត​វិធានការ​កាត់ផ្តាច់​ខ្សែចម្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ  និង​ការ​រាំងខ្ទប់ ការចម្លង​នាំចូល​ផងដែរ​។​

 

យ៉ាងណាក៏ដោយ ក្នុង​ដំណើរ​ឆ្លងកាត់​ព្រំប្រទល់​ខេត្ត​ប៉ែក​ខាងកើត របស់​គណៈប្រតិភូ ចេញពី​ខេត្តកំពង់ធំ ឆ្លង​ចូលក្នុង​ខេត្តសៀមរាប  កា​រៀបចំ​ឲ្យ​មាន​ប៉ុ​ស្ថិ​ត្រួតពិនិត្យ​សុខភាព​បឋម និង​ចុះឈ្មោះ​ប្រមូល​ទិន្នន័យ​អ្នកដំណើរ​ឆ្លងកាត់​និង​ចូល​ខេត្តសៀមរាប នៅ​វិទ្យាល័យ​កំពង់ក្តី​នៃ​ស្រុក​ជីក្រែង គឺជា​ចំណុច​ចាប់អារម្មណ៍​និង​ជា​មូល​ដ្ឋា​នៃ​ការ​វាយតម្លៃថា នោះ​គឺជា​បទពិសោធន៍​ដ៏​គំរូ ដែល​នាំ​ឲ្យ​ខេត្តសៀមរាប គ្រប់គ្រង​បានល្អ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​-​វីដ​១៩​ក្នុង​សហគមន៍​។​

 

អភិបាលខេត្ត​សៀមរាប ( ឯកឧត្តម ទៀ សីហា ) ក៏បាន​បន្ថែម​នូវ​ការបង្ហាញ​ជូន​ផងដែរ​ថា មកដល់ពេលនេះ ខេត្តសៀមរាប​កំពុងមាន​ដំណើរការ​ប៉ុ​ស្ថិ​ត្រួតពិនិត្យ​សុខភាព​បឋម និង​ប្រមូល​ទិន្នន័យ​អ្នកដំណើរ​ចំនួន​៣​ច្រក​ធំៗ គឺ សៀមរាប​-​កំពង់ធំ  សៀមរាប​-​ឧ​ត្ត​រ​មានជ័យ និង សៀមរាប​-​បន្ទាយមានជ័យ ហើយ​ជា​មធ្យម​ប្រចាំថ្ងៃ មាន​អ្នកដំណើរ​ចូល និង​ឆ្លងកាត់​ខេត្តសៀមរាប មាន​ប្រមាណ​ជា ៧​ពាន់​នាក់​។ ឯកឧត្តម​បញ្ជាក់ថា ទិន្នន័យ​នៅក្នុង​ដៃ​ទាំងនោះ​ហើយ គឺជា​ការកសាង​លទ្ធភាព និង​បង្កើន​ប្រសិទ្ធភាព​មធ្យោបាយ​គ្រប់គ្រង​ការផ្ទុះ​ជម្ងឺ និង​តាមដាន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ បញ្ជូន​ធ្វើ​ច​ត្តា​ឡី​ស័ក យក​សំណាក​វិភាគ និង​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង​បន្ត​ផងដែរ ដែល​ក្នុងនោះ ប្រជាពលរដ្ឋ​ខេត្តសៀមរាប មាន​ស្មារតី​ចូលរួម ប្រុងប្រយ័ត្ន ដោយ​ចាប់ផ្តើម​ពី​បុគ្គល​ម្នាក់ ពង្រីក​ទៅកាន់​ក្រុមគ្រួសារ និង​សហគមន៍ អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ៕ ដោយ តាំង ហូ​

អំណោយ​សមាជិក​ព្រឹទ្ធសភា រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូ​វីដ​-១៩
អំណោយ​សមាជិក​ព្រឹទ្ធសភា រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូ​វីដ​-១៩
អំណោយ​សមាជិក​ព្រឹទ្ធសភា រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូ​វីដ​-១៩

PLB Banner on article detail