ក្រសួងទេសចរណ៍ នឹង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល បើក​តំបន់​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

ថ្ងៃអង្គារ 25 ឧសភា 2021, 9:46

ក្រសួងទេសចរណ៍ នឹង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល បើក​តំបន់​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

​ក្រសួង​ទេស​ស​ចរណ៍ ស្នើសុំ​បើក​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ដោយ​ផ្តោត​អាទិភាព ជំហាន​ទី​១ នៅ​ខេត្តសៀមរាប​-​អង្គរ និង​សង្កត់ធ្ងន់​លើ​យុទ្ធសាស្ត្រ​ទាក់ទាញ ទីផ្សារ​ទេសចរណ៍​ដែលមាន​ហានិភ័យ​កូ​វីដ​-១៩ ទាប ឬ​ដែលមាន​ការគ្រប់គ្រង​ការ​កូ​វីដ​-១៩​បានល្អ ឬ​ទីផ្សារ​ដែល​ស្ថិតក្នុង​តំបន់​ព័ណ៌​បែ​តង​។​

​ក្រសួងទេសចរណ៍ គ្រោង​នឹងដាក់​ឯកសារ​ទស្សនាទាន​នេះ ដើម្បី​ពិគ្រោះ​យោបល់​ល្អិតល្អន់​បន្ថែម ជាមួយ​វិស័យ​ឯកជន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ នឹងដាក់​ក្នុង​របៀបវារៈ​ប្រជុំ ដើម្បី​ស្នើសុំ​យោបល់ និង​កិច្ចសហការ​ពី​សំណាក់​អន្តរ​ស្ថាប័ន នៅ​សប្តាហ៍​ក្រោយ មុន​ស្នើសុំ​សេចក្តីសំរេច ពី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​យោងតាម​ហ្វេ​ស​បុក ក្រសួងទេសចរណ៍ ឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ពិភាក្សា​សម្រេច លើ​ឯកសារ​ទស្សនាទាន ស្តីពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វីដ​-១៩​។​

​អង្គប្រជុំ​បាន​ឯកភាព និង​សម្រេច​ដាក់ចេញ​នូវ​ផែនការ សកម្មភាព​អាទិភាព​មួយចំនួន​«​រួមមាន​ការរៀបចំ​ស្នើសុំ​បើក​ទេសចរណ៍ ជា​បណ្តើរៗ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ដោយ​ផ្តោត​អាទិភាព ការអនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី​១ នៅ​ខេត្តសៀមរាប​-​អង្គរ និង​សង្កត់ធ្ងន់ លើ​យុទ្ធសាស្ត្រ​ទាក់ទាញ ទីផ្សារ​ទេសចរណ៍ ដែលមាន​ហានិភ័យ​កូ​វីដ​-១៩ ទាប ឬ​ដែលមាន​ការគ្រប់គ្រង​ការ​កូ​វីដ​-១៩​បានល្អ ឬ​ទីផ្សារ​ដែល​ស្ថិតក្នុង​តំបន់​ព័ណ៌​បែ​តង​»​។​

​សូម​ជំរាប​ថា គម្រោង​សាកល្បង នៃ​ការបើក​ទេសចរណ៍ ជា​បណ្តើរៗ​នេះ​នឹង​ផ្តោតលើ ការកសាង​ទំនុកចិត្ត​សម្រាប់​ទេសចរ (Build Trust and Confident) ,​ការសម្រួល​ការធ្វើដំណើ​រ (Travel Facilitation) ដោយ​គម្រោង​ស្នើសុំ​លើកលែង​លក្ខខណ្ឌ នៃ​ការធ្វើ​ច​ត្តា​ទ្បី​ស័ក​ទាំងស្រុង ចំពោះ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ ចេញពី​ទីផ្សារ​បៃតង​, និង ការសម្រួល​តម្លៃ​កញ្ចប់​ទស្សនកិច្ច​សមរ​ម្យ ដើម្បី​ធានា​ការប្រកួតប្រជែង​ក្នុង​តំបន់​៕

ក្រសួងទេសចរណ៍ នឹង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល បើក​តំបន់​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១
ក្រសួងទេសចរណ៍ នឹង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល បើក​តំបន់​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

PLB Banner on article detail