សម្តេច​តេ​ជោ​៖ ពុំមាន​ហេតុផល​បន្ត​បិទ​រាជធានី​-​ខេត្ត​ទៀត​ទេ ក្រោយ​ថ្ងៃទី​៥ ឧសភា តែ​អាច​បិទ​តំបន់​តូចៗ​មាន​ហានិភ័យ​ខ្ពស់​

ថ្ងៃច័ន្ទ 3 ឧសភា 2021, 9:5

​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នឹង​បើក​ឡើង​វី​ញ​នៅ​ថ្ងៃទី​៦​ឧសភា ខាងមុខនេះ បើតាម​អ្វីដែល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបញ្ជាក់​។ សម្ដេច​តេ​ជោ នៅ​យប់​ថ្ងៃទី​០២ ខែឧសភា​នេះ បាន​អះអាង​ច្បាស់ៗ​ថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ​។ ពោល​អាច​នឹង​បិទ​តំបន់​តូចៗ​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​តែប៉ុណ្ណោះ​។​

 

​សម្ដេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​បែបនេះ ជាការ​គឺ​ឆ្លើយតប​ទៅនឹង​អ្នក​ខម​មិន​( Comment) ដែល​បាន​ចូលទៅ Comment ក្នុង​ហ្វេ​ស​បុក​របស់​សម្ដេច​ថា ចង់ដឹង​អំពី​ស្ថានភាព​ក្រោយ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​កំណត់​បើក​រាជធានី​ភ្នំពេញ​ឡើងវិញ ក្រោយ​បិទ​ខ្ទប់​រយៈពេល​៣​សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩​។​

 

​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tuo បានសរសេរថា «​សម្តេច​ថ្ងៃទី​៥​នេះ សូម​សម្តេច​បើកផ្លូវ​វិញ​មែនទែន​មក​។ ក្មួយ​ជាប់​នៅ​ខេត្ត​យូរ​ថ្ងែ​មកហើយ​ដែរ មិនទាន់​ចូលទៅ​ភ្នំពេញ​វិញ​បាន ព្រោះ​ត្រូវ​ឡើងមក​ចាក់​វ៉ាក់សាំង ហើយ​ថវិកា​ក៏​ជិត​អស់​។ សំណាង​ហើយ​ក្មួយ​ស្គាល់​គេ​គេ​ឲ្យ​ផ្ទះ​ស្នាក់នៅ​អត់​គិត​អ្វី​ពី​ក្មួយ​»​។​

 

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ឆ្លើយតប​ដោយ​គូសបញ្ជាក់ថា «​ពុំមាន​ហេតុផល​បន្ត​បិទ​ទេ​។ យើង​នឹង​បើក តែ​ខេត្ត ឬ​រាជធានី​អាច​បិទ​តំបន់​តូចៗ ដែល​នៅមាន​ហានិភ័យ លើ​ការឆ្លង​ខ្ពស់​។ ការបិទ​កន្លងមក គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង​និង​ការស្លាប់​របស់​ប្រជាជន​យើង​។ សូម​យោគយល់​ដល់​ការលំបាក​រួម​របស់​ជាតិ​»​។​

 

​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​យក​វិធានការ​បន្ដ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​ការកំណត់​បិទ​ខ្ទប់​នេះ ត្រឹម​ថ្ងៃទី​០៦ ខែឧសភា ខាងមុខនេះ​។ បើ​គិតដល់​ថ្ងៃទី​០៥ ខែឧសភា ការបិទ​ខ្ទប់​នេះ​មាន​រយៈពេល​៣​សប្ដាហ៍​៕​

សម្តេច​តេ​ជោ​៖ ពុំមាន​ហេតុផល​បន្ត​បិទ​រាជធានី​-​ខេត្ត​ទៀត​ទេ ក្រោយ​ថ្ងៃទី​៥ ឧសភា តែ​អាច​បិទ​តំបន់​តូចៗ​មាន​ហានិភ័យ​ខ្ពស់​
សម្តេច​តេ​ជោ​៖ ពុំមាន​ហេតុផល​បន្ត​បិទ​រាជធានី​-​ខេត្ត​ទៀត​ទេ ក្រោយ​ថ្ងៃទី​៥ ឧសភា តែ​អាច​បិទ​តំបន់​តូចៗ​មាន​ហានិភ័យ​ខ្ពស់​

PLB Banner on article detail