រកឃើញ​គំនូរ​ជ្រូកព្រៃ គូរ​ដោយ​មនុស្ស​កាលពី ៤​ម៉ឺន​ឆ្នាំមុន​

ថ្ងៃអង្គារ 19 មករា 2021, 8:29

​ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​បាន​រកឃើញ​គំនូរ​មួយ​ដ៏​ចំណាស់​បំផុត​ក្នុង​លោក​នៅ​រូងភ្នំ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី ជា​រូប​ជ្រូកព្រៃ​ទំហំ​ប៉ុន​ខ្នាត​សត្វ​រស់​មានជីវិត ហើយ​វា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​ជា​គំនូរ​រូងភ្នំ​មាន​អាយុកាល​យ៉ាងហោច ៤៥ ៥០០ ឆ្នាំ​។​

 

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​បរិយាយ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ Science Advances កាលពី​សប្ដាហ៍​មុន ដោយ​ផ្ដល់នូវ​ភស្ដុតាង​ពី​ការរស់នៅ​របស់​មនុស្ស​យុគសម័យ​ដើម ក្នុង​តំបន់​នោះ​ផងដែរ​។​

 

​សហ​អ្នកនិពន្ធ​ការសិក្សា ម៉ា​ហ្ស៊ី​ម អូ​ប៊ើ​ត  (Maxime Aubert) នៃ​សាកលវិទ្យាល័យ​ហ្គ្រី​ហ្វ​ហ្វី​ធ (Griffith University) នៅ​ប្រទេស​អូស្ត្រាលី បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការរកឃើញ​គំនូរ​ថ្មភ្នំ​ដ៏​ចំណាស់​បំផុត​នេះ ស្ថិតនៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi) តាំងពី​ឆ្នាំ ២០១៧ ដោយ​និស្សិត​ថ្នាក់បណ្ឌិត បា​ស្រា​ន ប៊ើ​រ​ហាន (Basran Burhan) ជាមួយ​អជ្ញាធរ​ឥណ្ឌូនេស៊ី​។

​រូងភ្នំ Leang Tedongnge ស្ថិតនៅ​តំបន់​ជ្រលង​ភ្នំ​ដាច់ស្រយាល​ដែល​បិទបាំង​ដោយ​កំពូលភ្នំ​ថ្ន​ស្រួចៗ​ច្រូងច្រាង ហើយ​ទីនោះ​ទាមទារ​ការធ្វើដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​មួយ​ម៉ោង​ពី​ផ្លូវថ្នល់​។​

 

​រូងភ្នំ​នេះ​អាចធ្វើ​ដំណើរ​ទៅដល់​បានតែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ ព្រោះ​ជា​រៀងរាល់​រដូវវស្សា​វា​ត្រូវបាន​ជន់​ជោរ​ដោយ​ទឹកជំនន់​។​

 

​គំនូរ​រូប​សត្វ​ជ្រូកព្រៃ​នៅលើ​ជញ្ជាំង​រូងភ្នំ មាន​ទំហំ ១៣៦ សង់ទីម៉ែត្រ គុណ​នឹង ៥៤ សង់ទីម៉ែត្រ​។​

 

​គំនូរ​ជ្រូក​បុព្វបុរស​នេះ​ត្រូវបាន​គូរ​ឡើង​ដោយ​ប្រើ​ល័ក្ត​ក្រហម​ក្រមៅ មាន​ទ្រូង​ខ្លី រោម​បះ​ឡើង និង​មាន​ទម្រង់​ខាងមុខ​ស្រួច​ដូច​ខ្នាយ​ទំនងជា​អា​ឈ្មោល​៕​

រកឃើញ​គំនូរ​ជ្រូកព្រៃ គូរ​ដោយ​មនុស្ស​កាលពី ៤​ម៉ឺន​ឆ្នាំមុន​
រកឃើញ​គំនូរ​ជ្រូកព្រៃ គូរ​ដោយ​មនុស្ស​កាលពី ៤​ម៉ឺន​ឆ្នាំមុន​
រកឃើញ​គំនូរ​ជ្រូកព្រៃ គូរ​ដោយ​មនុស្ស​កាលពី ៤​ម៉ឺន​ឆ្នាំមុន​

PLB Banner on article detail