ឆ្លង​កូ​វីដ​៦០​នាក់ ក្នុង​ពិធី​បុណ្យសព ពលរដ្ឋ​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹ​ក​ហាវ​

ថ្ងៃសុក្រ 23 កក្កដា 2021, 8:46

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹ​ហាវ ខេត្ត​ព្រះសីហនុ ដែល​បាន​ទៅ​ចូល​បុ​ណ្ប​សព ដោយ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ បង្កឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ គិត​ត្រឹម​ម៉ោង​នេះ​មាន​ចំនួន ៦០​នាក់​ហើយ​។

 

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ កន្លងមក មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់​បានទទួល​មរណៈភាព ឈ្មោះ គង់ ពៅ ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ មាន​រយៈពេល​០៥​ខែ​មកហើយ សព​មាន​ទីលំនៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹ​ហាវ ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ណែនាំ​គ្រួសារ​សព​មិនទាន់​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​ទេ ត្រូវ​រង់ចាំ​ការយក​សំណាក​សិន ក្នុងករណី​សំណាក​អវិជ្ជមាន​ទើប​អាចធ្វើ​បុណ្យ​តាម​ប្រពៃណី តែ​ជា​លក្ខណ​:​គ្រួសារ និង​មិនឱ្យ​មានការ​ប្រមូលផ្តុំ​នោះទេ តែ​ក្នុងករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ គឺ​ត្រូវ​វេច​ខ្ចប់​សព​ទៅ​បូជា​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បិទ​ទីតាំង ហើយ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ត្រូវយក​សំណាក​ទាំងអស់គ្នា​។ បន្ទាប់មក​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​យក​វត្ថុ​សំណាក​សាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញ​មាន​(​វិជ្ជមាន​)​កូ​វីដ​-១៩ និង​បាន​វេច​ខ្ចប់​សាកសព​យកទៅ​បូជា​តាម​វិធាន​សុខាភិបាល​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ ដោយ​មិន​អនុញ្ញាតឱ្យ​រៀបចំ​ពិធី​បុ​ណ្ប​សព​នោះទេ​។

 

​តាម​ព័ត៌មាន​ដែល​ទទួលបាន ទោះបីជា​មិនមាន​ការរៀបចំ​ពិធី​បុ​ណ្ប ក៏​នៅតែមាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​ឆ្លៀត​ទៅ​ចូល​បុ​ណ្ប​ជាមួយ​គ្រួសារ​សព ដោយ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​នោះឡើយ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​គិត​ត្រឹម​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ចំនួន​អ្នក​ឆ្លង​៦០​នាក់​ហើយ​។

 

​សកម្មភាព​នេះ​សបញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ គឺ​មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ជាពិសេស​វិធានការ​នានា​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​អនុសាសន៍ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​ពេញ​ភូមិ​បែបនេះ​។

 

​ឆ្លង​តាមរយៈ​បទពិសោធន៍​ដ៏​អាក្រក់​នេះ អាជ្ញាធរ​ក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពង្រឹង​ការអនុវត្ត និង​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​លើ​ការផាកពិន័យ និង​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​ការណែនាំ ដោយ​គ្មាន​ការលើកលែង​នោះឡើយ ដើម្បី​កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង​។​

 

ឆ្លង​កូ​វីដ​៦០​នាក់ ក្នុង​ពិធី​បុណ្យសព ពលរដ្ឋ​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹ​ក​ហាវ​
ឆ្លង​កូ​វីដ​៦០​នាក់ ក្នុង​ពិធី​បុណ្យសព ពលរដ្ឋ​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹ​ក​ហាវ​

PLB Banner on article detail