រាជរដ្ឋាភិបាល នឹង​បញ្ចេញ​សាច់ប្រាក់​ជាង ២៥លាន​ដុល្លារ ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ដោយវិបត្តិកូវីដ១៩

ថ្ងៃច័ន្ទ 22 មិថុនា 2020, 10:53

​ក្នុងឱកាស​ពិនិត្យមើល​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​រាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​សាច់ប្រាក់​ប្រមាណ ២៥ លាន​ដុល្លារ​ក្នុង​មួយខែៗ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

 

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា សម្ដេច​នឹង​ប្រកាស​វិធានការណ៍​ថ្មី ដើម្បី​ផ្ដល់​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ប្រមាណ​ជាង ៦០​ម៉ឺន​គ្រួសារ​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​។ ទោះបី​ការរីក​រាលដាល​នេះ​បណ្តាលឱ្យមាន​ការកាត់បន្ថយ​ប្រាក់ចំណូល​ជាតិ ក៏ដោយ​រដ្ឋាភិបាល​នឹងមិន​ទុកឱ្យ​ប្រជាជន​អត់ឃ្លាន​រហូតដល់​ស្លាប់​នោះឡើយ​។​

 

​យោងតាម​ស្ថិតិ​ចុងក្រោយ បច្ចុប្បន្ន​មានគ្រួសារ​ចំនួន ៥៦២,៦៨៦ គ្រួសារ​ដែលមាន​ប័ណ្ណ​ក្រីក្រ​នៅក្នុង​ប្រទេស ដែល​ស្មើនឹង ២.៣ លាន​នាក់ ឬ ១៥% នៃ​ប្រជាជន​កម្ពុជា​សរុប​។​

 

​បន្ថែម​ពីនេះ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ​ថា ខ្លួន​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី​២ នៃ​កម្មវិធី “​សាច់ប្រាក់​សម្រាប់​កម្មវិធី​ការងារ​” ដែល​គ្រោង​នឹង​ផ្តល់ជូន​កម្មករ​ចំនួន ៨៩ ម៉ឺន​នាក់​នូវ​ឱកាស​ការងារ​រយៈពេល​ខ្លី​នៅ​ឆ្នាំនេះ​ផងដែរ​៕​

រាជរដ្ឋាភិបាល នឹង​បញ្ចេញ​សាច់ប្រាក់​ជាង ២៥លាន​ដុល្លារ ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ដោយវិបត្តិកូវីដ១៩

PLB Banner on article detail