ក្រសួងកសិកម្ម ច្រានចោល​ការចោទប្រកាន់​ថា រឹតត្បិត​ជ្រូក​នាំចូល ធ្វើឱ្យ​សាច់ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​

ថ្ងៃពុធ 10 មិថុនា 2020, 11:39

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្រានចោល​ការចោទប្រកាន់​ថា ការ​រឹតត្បិត​ការ​នាំចូល​ជ្រូក និង​ការបិទ​ក្រុមហ៊ុន​នាំចូល​ល្មើសច្បាប់ ធ្វើឱ្យ​សាច់ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​។

 

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​បញ្ជាក់ថា ការគ្រប់គ្រង​ការនាំ​ចូល​ជ្រូក​រស់ ពី​បរទេស​មក​ផ្គង់​ផ្គង់​ទីផ្សារ​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ ផ្ទុយទៅវិញ​ទទួលបាន​ការ​សាទរ ពី​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា ហើយ​បាន​ជំរុញ និង​លើកទឹកចិត្ត​សមាជិកសមាគម ក៏ដូចជា​កសិករ ឱ្យធ្វើ​ការពង្រីក​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។​

 

​ក្នុង​រយៈពេល​ជាង​៥​ខែ ដើមឆ្នាំ​២០២០​នេះ តម្លៃ​ជ្រូករ​ស់មាន​ចន្លោះ​ពី​១១,០០០​រៀល ទៅ​១២,០០០​រៀល​/​គីឡូក្រាម ហើយ​ការ​កើន​តម្លៃ​ជ្រូក​រស់​ដល់ ១៤,២០០​រៀល​/​គីឡូក្រាម ទើបតែ​កើតឡើង​ពី​២ ទៅ​៣​ថ្ងៃនេះ ហើយ​កើតមាន​នៅតាម​កន្លែង​មួយចំនួន​ប៉ុណ្ណោះ​។​

 

​ចំណែក​ការលក់​សាច់ជ្រូក​នៅលើ​ទីផ្សារ​ថ្លៃ​ចន្លោះ​ពី​១៨ ០០០ ទៅ ២២ ០០០​រៀល​/​គីឡូក្រាម គឺ​ដោយសារ​ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ កម្មវិធី​ជួបជុំ​ធំៗ និង​ពិធី​ផ្សេងៗ​មិនត្រូវ​បានរៀបចំ ហើយ​ភោជនីយដ្ឋាន​នានា​មិន​ត្រូវបាន​ដំណើរការ ធ្វើឱ្យ​អាជីវ​ករលក់​តែ​សាច់ជ្រូក​សុទ្ធ​នៅលើ​ទីផ្សារ ចំណែកឯ​ឆ្អឹង ជើង និង​គ្រឿងក្នុង​មិន​ត្រូវបាន​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នោះឡើយ​។ ដូច្នេះ​តម្លៃ​ដែល​អាជីវករ​អាច​លក់​រក​ប្រាក់ចំណេញ​បាន គឺ​ត្រូវ​បូក បញ្ចូល​ថ្លៃ​ទាំងអស់​មកលើ​សាច់​តែម្ដង​។​

 

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​ពុំដែល​អនុញ្ញាត​ផ្តល់​គោលការណ៍​នាំចូល​ជ្រូក​រស់​ឱ្យ​ក្រុមហ៊ុន​ណាមួយ ឬ​ផ្តាច់មុខ​នោះទេ​។ ហើយ​អគ្គនាយកដ្ឋាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​បង្កើន​ការចិញ្ចឹម​ជ្រូក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បន្ថែមទៀត រហូតដល់​កាត់បន្ថយ​ការ​នាំចូល​ជ្រូករ​ស់មក​ត្រឹម​កម្រិត​អប្ប​បរិ​មា​៕​

ក្រសួងកសិកម្ម ច្រានចោល​ការចោទប្រកាន់​ថា រឹតត្បិត​ជ្រូក​នាំចូល ធ្វើឱ្យ​សាច់ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​
ក្រសួងកសិកម្ម ច្រានចោល​ការចោទប្រកាន់​ថា រឹតត្បិត​ជ្រូក​នាំចូល ធ្វើឱ្យ​សាច់ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​

PLB Banner on article detail

អត្ថបទពេញនិយម