រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​សិក្ខា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ខេត្ត ឆ្នាំ​២០១៩

ថ្ងៃពុធ 24 វិច្ឆិកា 2021, 13:22

​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ ឯកឧត្តម សូ ជុង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​សិក្ខា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ខេត្ត ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង​ស្រុក ប្រធាន​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ  ខេត្តកណ្ដាល ខេត្តតាកែវ ខេត្ត​កែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង តំណាង​អង្គការ UNFPA និង​ចៅសង្កាត់​ទាំង​៤ ក្នុង​ក្រុងព្រះសីហនុ​។

 

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ ចែកចេញជា​២​ក្រុង និង​៣​ស្រុក មាន ២៣​ឃុំ និង ៦​សង្កាត់ ស្មើនឹង ១១១​ភូមិ​។ រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប ដែលមាន​សុខដុម​នីយកម្ម ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ ដោយ​ផ្អែកលើ​សក្តានុពល​សេដ្ឋកិច្ច ទីតាំង​ភូមិសាស្ត្រ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ក្របខណ្ឌ​ជាតិ​តំបន់ និង​អន្តរជាតិ​។ ខេត្ត​ព្រះសីហនុ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា " តារារ​:​នា​ទិស​នារ​តី " ជាមួយ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ប្រកបដោយ​ចីរភាព ជាពិសេស​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ស្នាក់នៅ​រួម​សណ្ឋាគារ មណ្ឌល​កម្សាន្ត ។​ល​។ ក្រៅពីនោះ​ខេត្ត​មាន​កោះ​តូចធំ​ចំនួន​៣២​កោះ រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ចំនួន​៣២​កន្លែង កំពង់ផែ​អន្តរជាតិ អាកាសយានដ្ឋាន​អន្តរជាតិ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក និង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​អំណោយផល​ដល់​ការវិនិយោគ​លើ​គ្រប់​វិស័យ​។  

 

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ មានប្រសាសន៍​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​រាជធានី​ខេត្ត​ឆ្នាំ​២០១៩ លទ្ធផល​ចុងក្រោយ នៃ​ការគិត​ខំ​របស់​មន្ត្រី​ត្រួតពិនិត្យ​និង​មន្ត្រី​សម្ភាសន៍​ចំនួន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ដែល​បាន​សម្ភាសន៍​ប្រមាណ ៣,៥​លាន​គ្រួសារ នៅក្នុង​ទូទាំងប្រទេស ដើម្បី​ប្រមូល​ព័ត៌មាន ហើយ​មន្ត្រី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​កែច្នៃ និង​វិភាគ​ទិន្នន័យ ដោយ​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស​និង​អ្នកជំនាញការ​អន្តរជាតិ​បានបញ្ចប់​ទាន់ពេលវេលា​។ យើង​ដឹង​ហើយ​ថា​ជំរឿន​ប្រជាជន និង​លំនៅដ្ឋាន​ជា​ប្រភព​តែមួយគត់ នៃ​ទិន្នន័យ​ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រហូតដល់​កំរិត​ភូមិ​។ លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ​មាន​សារៈប្រយោជន៍​ចំពោះ​រាជរដ្ឋាភិបាល​ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​ដាក់ចេញ ជាពិសេស​សម្រាប់​ជា​ព័ត៌មាន​ប្រើប្រាស់​របស់​ខេត្ត​ផ្ទាល់​។ រាជរដ្ឋាភិបាល​បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​របស់​ប្រជាជន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ទទួលបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

 

​ឯកឧត្តម បាន​បន្តថា​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ប្រជាជន​ខេត្ត​ព្រះសីហនុ មាន​ចំនួន ៣១០,០៧២​នាក់ កើនឡើង ២២១,៣៩៦​នាក់ នៅ​ឆ្នាំ​២០០៨​។ អត្រាកំណើន​ប្រចាំឆ្នាំ មាន​៣,១ ភាគរយ នៅ​ឆ្នាំ​២០១៩​។ ខេត្ត​ព្រះសីហនុ រាប់បញ្ចូល​ជន​បទេស​មាន​ជាង ៨​ម៉ឺន​នាក់​ផងដែរ​។ ដង់ស៊ីតេ​ប្រជាជន ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​បាន​កើនឡើង ១១៤​នាក់ ក្នុង​ឆ្នាំ​២០០៨ ទៅ ១៦០​នាក់ នៅ​ឆ្នាំ​២០១៩​។ អត្រា​ចេះ​អាន និង​សរសេរ ប្រជាជន​ខេត្ត​ព្រះសីហនុ​សរុប​ចាប់ពី​អាយុ ៧​ឆ្នាំ​ឡើង បាន​កើនឡើង​ពី ៨០,៧​ភាគរយ ក្នុង​ឆ្នាំ​២០០៨ ដល់ ៨៩,៩​ភាគរយ នៅ​ឆ្នាំ​២០១៩​។ គម្លាត​នៅ​តិចតួច​រវាង​អត្រា​អក្ខរ​ភាពបុរស​និង​ស្ត្រី មាន​៩១,៧​ភាគរយ​សម្រាប់​បុរស និង ៨៦,៩​ភាគរយ​សម្រាប់​ស្ត្រី​។

 

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បានផ្តល់​អនុសាសន៍​ថា យើង​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ជំរឿន​ជាតិ ដែលជា​ទិន្នន័យ​មានគុណ​ភាពល្អ ទុកចិត្តបាន ឱ្យបាន​ទូលំទូលាយ ក្នុងការ​រៀបចំ​គោលនយោបាយ ការសម្រេច​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការវាស់វែង ការអនុវត្ត​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​កម្មវិធី​ផ្សេងទៀត​។ យកចិត្តទុកដាក់​វិភាគ​ទិន្នន័យ​ជំរឿន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ សំបូរបែប ធានា​ឆ្លើយតប​សេចក្តីត្រូវការ​ការប្រើប្រាស់​ទិន្នន័យ​គ្រប់​ប្រភេទ រួមទាំង​ការសិក្សា ស្រាវជ្រាវ និង​តម្រូវការ​ទិន្នន័យ​សម្រាប់​ថ្នាក់ក្រោម​ជាតិ តាម​ដែល​អាច​ធ្វើបាន​៕​

រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​សិក្ខា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ខេត្ត ឆ្នាំ​២០១៩
រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​សិក្ខា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ខេត្ត ឆ្នាំ​២០១៩
រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​សិក្ខា​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ខេត្ត ឆ្នាំ​២០១៩

PLB Banner on article detail