កម្ពុជា​បង្កើន​ការអភិរក្ស​សត្វ​រមាំង ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​

ថ្ងៃព្រហស្បតិ៍ 4 វិច្ឆិកា 2021, 9:21

​រមាំង​ជាស​ត្វ​កម្រ​ស្ថិតក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស និង​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ ដែល​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ បង្កើន​ការចូលរួម​ថែរក្សា អភិរក្ស​ប្រភេទ​សត្វ​នេះ ឱ្យនៅ​គង់វង្ស ខណៈ​ប្រទេសជិតខាង​បាន​ផុត​ពូជ​អស់ហើយ​។​

 

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា សត្វ​រមាំង មាន​ដើមកំណើត​រស់នៅក្នុង​ប្រទេស មួយចំនួន​នៃ​តំបន់​អាស៊ី​ភាគខាងត្បូង រួមមាន​៖ ប្រទេស​ឥណ្ឌា មី​យ៉ាន់​ម៉ា ថៃ ឡាវ វៀតណាម និង​កម្ពុជា ។ រមាំង ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ នៅលើ​ពិភពលោក ។ បច្ចុប្បន្ននេះ មិនមាន​ទិន្នន័យ​ច្បាស់លាស់​ណា​ថា មាន​សត្វ​រមាំង​ប៉ុន្មាន​ឡើយ តែ​សត្វ​រមាំង​ត្រូវបាន​គេ​ជឿថា នៅ​មានតែ​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ។ ចំណែក​ប្រទេស​ចិន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ត្រូវបាន​គេ​ជឿថា បាន​ផុត​ពូជ​ពី​ធម្មជាតិ​បាត់ទៅហើយ ។​

 

​ឯកឧត្តម​បន្តថា នៅ​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​ធ្លាប់មាន​សត្វ​រមាំង​ប្រភេទ Cervus Siamensis ច្រើន​កាលពីមុន តែ​ប្រភេទ​សត្វ​នេះ បាន​ធ្លាក់ចុះ​ចំនួន​ជា​បន្តបន្ទាប់​ដោយសារតែ​កត្តា​គំរាមកំហែង​ផ្សេងៗ ដូច​ជាការ​បរបាញ់​, អន្ទាក់ និង​ការបាត់បង់ ទីជម្រក ។ ចំពោះ​ក្រុម​ប្រភេទ​រមាំង Cervus Siamensis បច្ចុប្បន្ន​មាន​ចំនួន​ច្រើនជាងគេ នៅក្នុង​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ទៅនឹង បណ្តា​ប្រទេសជិតខាង ។ ចំនួន​ទាំងនេះ មាននៅ​ក្នុង​ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ស្ពឺ បន្ទាយមានជ័យ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ពិសេស​នៅក្នុង​ខេត្តព្រះវិហារ ក្នុងស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន និង​ស្រុក​សង្គម​ថ្មី ។​

 

​ឯកឧត្តម​បន្តទៀតថា រមាំង​ជា​ថនិកសត្វ​តិណាសី ដែលមាន​មាឌតូច​ជាង​ប្រើស និង​ធំ​ជាង​សត្វ​ឈ្លូស​បន្តិច ។ ស្នែង​របស់​វា​មាន​លក្ខណៈ​ខុសពី​ស្នែង​សត្វ​ប្រើស ដោយនៅ​ផ្នែក​គល់​នៃ​ស្នែង មាន​បែកខ្នែង​ពីរ មួយ​ស្រួច​ដុះ​គ្រប​លើ​ចិ​ញ្ជើ​ម​លយ​ទៅមុខ និង​មួយទៀត​ដុះ​ឡើង​ទៅលើ​រួច​ពេន​ចេញមកក្រៅ ហើយ​កោង​ខុប​ទៅមុខ ហើយ​នៅ​ខាងចុង​ស្នែង​របស់​វា​មាន​រាង​សំប៉ែត​បែក​ជា​ម្រាម ។ ជាទូទៅ វា​មាន​សម្បុរ​លឿង​ស្រអាប់ ឬ លឿង​ក្រមៅ​ចាស់ មាន​អុចៗ​ស នៅ​ផ្នែក​ចំហៀង​ខ្លួន​។ ឯ​ផ្នែក​ក្រោម​ពោះ និង​ក មាន​ពណ៌​ស ប៉ុន្តែ​សម្បុរ​នេះ​អាច​ប្រែប្រួល​ទៅតាម​រដូវ​កាល ។ នៅ​រដូវ​ជម្រុះ​ស្នែង វា​មាន​រោម​វែងៗ​រុំ​ជិត​ចម្រុះ​ពណ៌ ប្រផេះ​ក្រហម និង​លឿង​ក្រមៅ ភ្ជាប់​នឹង​គល់​ក ដែលមាន​រោម​ប្រែង​មើល​គួរឱ្យ​គយគន់ ។ ចំពោះ​លក្ខណៈ​ជីវសាស្ត្រ រមាំង​ជាស​ត្វ​មិនសូវ​ផ្អើល វា​រស់នៅ​ជា​ហ្វូង​ពី ១០​ទៅ​១៥​ក្បាល ។ វា​ចូលចិត្ត​រស់នៅ​តាម​វាលទំនាប ដែល​សម្បូណ៌​ទៅដោយ​ថ្លុក ឬ ត្រពាំង វាលស្រែ និង​ព្រៃរបោះ ។ ចំណី​របស់​វា មានដូចជា ស្មៅ ស្បូវ ព្រេច ល្បះ​រុក្ខជាតិ ស្រូវ និង​ផ្លែឈើ ។ វា​ជម្រុះ​ស្នែង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែមិថុនា ដែលជា​រដូវ​កាល​សម្បូណ៌​ចំណី សម្រាប់​ការលូតលាស់​ស្នែង​របស់​វា ។ រមាំង​ញី​បន្ត​ពូជ នៅ​ចន្លោះ​ខែមីនា ទៅ​ខែឧសភា ហើយ​កើតកូន​ម្តងៗ​បាន​មួយ​ក្បាល បន្ទាប់ពី ពពោះ​ចន្លោះ​ពី ៦ ទៅ​៨​ខែ ។​

 

​សូមបញ្ជាក់ថា ក្រុមការងារ​បាន​ពង្រា​យ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅតាម​ទីតាំង​សំខាន់ៗ​ដែលជា​ទីជម្រក​របស់​សត្វ​រមាំង នៅក្នុង​ដែន​ជម្រក ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៥០​ពាន់​ហិកតា ហើយ​មាន​ភូមិសាស្ត្រ​ស្ថិតនៅតាម​បណ្តា​យ​ដង​ទន្លេមេគង្គ ដើម្បី​កំណត់​អត្រា​នៃ​សត្វ​រមាំង នៅក្នុង​ដែន​ជម្រក ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការរស់រានមានជីវិត​តទៅ​អនាគត​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់ សម្រាប់​សត្វ​ដែលជា ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​មួយ​នេះ ៕​

 
PLB Banner on article detail