(ខេត្តប៉ៃលិន) ៖ មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយនៅក្នុងវត្តរតនសោភ័ណហៅវត្តកោងកាង ដោយកាលពីវេលាម៉ោងជាង២ និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន បានទទួលពាក្យបណ្ដឹងពីព្រះចៅអធិការវត្តព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម៤៣ព្រះវស្សា ដែលគង់នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សងសងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដាក់ពាក្យបណ្តឹងជនសង្ស័យពុំស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ពីបទ.លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះបន្ទប់យកប្រាក់) ដែលបានលួចលុយក្នុងថង់យាមចេញពីកុដិអស់ជាង១ម៉ឺនដុល្លារ ។
ប្រភពបានបន្តថា នៅ វវេលាម៉ោង៩និង៣០នាទីព្រឹកថថ្ងៃងៃដដែលព្រះចៅអធិការបាននិមន្តចេញពីកុដិ ហើយនិមន្តចុះឡើងនៅខាងក្រោយព្រះវិហារ ដើម្បីមើលគេធ្វើទូកសម្រាប់ដាក់បាយបិណ្ឌនាពេលរដូវបុណ្យភ្ជុំបិណ្ឌនេះ ។ ខណៈពេលនោះដែរ ព្រះសង្ឃបានឃើញក្មេងប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ មកអង្គុយក្បែរខ្លោងទ្វារមុខព្រះវិហារ តែមិនបានចាប់អារម្មណ៍ថា ជាចោរនោះទេ។
លុះរហូតដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ព្រះអង្គ (ចៅអធិការ) ក៏បាននិមន្តចេញពីសាលាឆាន់ទៅកុដិវិញ រួចក៏បើកបន្ទប់បម្រុងចូលសឹង ពេលនោះស្រាប់តែឃើញបង្អួចចំហរ និងមានបំណែកឈើដែលចោរគាស់បាក់បែកទៀត ភ្លាមៗនោះព្រះអង្គក៏បានស្ទុះទៅមើលថង់យាមដែលដាក់នៅក្នុងបន្ទប់នោះ ស្រាប់បាត់លុយអស់ពីថង់យាមតែម្តង ។
តាមពាក្យបណ្តឹងរបស់ព្រះចៅអធិការវត្ត រតនៈសោភ័ណ្ឌ ហៅវត្តកោងកាង បានបញ្ជាក់ថា បច្ច័យដែលចោរលួចយកទៅអស់នោះមាន ៖ ប្រាក់ដុល្លារចំនួន៧.៨០០ដុល្លារ (ប្រាំពីរពាន់ប្រាំបីរយដុល្លារអាមេរិក) និងលុយខ្មែរចំនួន ២១.០០០.០០០រៀល (ម្ភៃមួយលានរៀល) សរុបគឺអស់ជាង១ម៉ឺនដុល្លារអាមេរិក ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ព្រះចៅធិការវត្តហើយ សមត្ថកិច្ចនគរបាលជំនាញក៏បានបើកការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនចោរថ្លើមពាសមេឃ ដែលអត់ខ្លាចចុះនរក ដោយហ៊ានគាស់កុដិលួចយកបច្ច័យវត្តទាំងកណ្តាលថ្ងៃត្រង់ យកមកផ្តន្ទាទោសតាមច្បាប់ ៕