អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ​ផ្អាកបណ្តោះអាសន្ន​​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ

ថ្ងៃព្រហស្បតិ៍ 15 មេសា 2021, 7:47

នៅ​រសៀល​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែនការ​ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ ក្រុងព្រះសីហនុ ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព និង​ប្រធាន​គ្រប់គ្រង​ទីផ្សារ ផងដែរ​។​

 

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ​ដោយបាន លើកឡើង​អំពី​ករណី​នៃ​ការរកឃើញ​អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារលើ​ចំនួន​០២​នាក់​ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​យើង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​តូប​លក់ដូរ​ចំនួន​ចំនួន​៣៦​តូប​នៅក្បែរនោះ ដោយ​មិន​បិទ​ផ្សារ​ទាំងមូល​នោះឡើយ និង​ត្រូវ​ស្រង់​ស្ថិតិ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នក វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យក​សំណាក​។ 

 

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត បានដាក់​ចេញ​នូវ​វិធានការ និង​គោលការណ៍​ណែនាំ​ដូចខាងក្រោម​៖

 

-​កំណត់​បែងចែក​ផ្សារលើ​ជា​០៥​ប្លុក​ធំៗ​ដើម្បី​ធ្វើការ​គ្រប់គ្រង និង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចំនួន​១៦ គោលដៅ 
-​ហ៊ុ​ព័ទ្ធ​ទីតាំង​តូប​លក់ដូរ​ទាំង​៣៦​តូប​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នក វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដោយ​កំណត់​ជា​តំបន់​ច​ត្តា​ឡី​ស័ក​
-​ដាក់​ស្លាក​«​ទីនេះ​ធ្លាប់មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩» នៅតាម​ច្រក​គោលដៅ​ត្រួតពិនិត្យ​ទាំង​១៦ គោលដៅ 
-​រៀបចំ​សណ្តាប់​ធ្នាក់​របៀបរៀបរយ​នៅ​ជុំវិញ​ផ្សារលើ​
-​បញ្ជូន​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​លាង​សម្អាត​ផ្សារលើ​ទាំងមូល​
-​ដាក់​ទូរ​បាញ់​អាល់កុល​សម្លាប់​មេរោគ​នៅ​ច្រកចេញចូល​ធំៗ​ចំនួន​០៤ នៅក្នុង​ផ្សារលើ​
-​ពន្យល់​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព និង​ប្រើប្រាស់​អាកុល ជែ​ល​គ្រប់ពេល​
-​ត្រូវ​ចងខ្សែ​គម្លាត​សុវត្ថិភាព​នៅតាម​តូប​លក់ដូរ ដោយ​ហាម​ដាច់ខាត​អ្នកលក់ និង​អ្នកទិញ​មិនត្រូវ​ប៉ះពាល់​គ្នា​ដោយផ្ទាល់​នោះឡើយ ហើយ​សកម្មភាព​នៃ​ការលក់ដូរ នៅពេល​ប្រគល់​ទទួល​ទំនិញ និង​លុយ ត្រូវ​ទុកដាក់​នៅលើ​តុ​ចំពាក់​កណ្តាល​នៃ ខ្សែបន្ទាត់​សុវត្ថិភាព ដោយ​បាញ់​អាកុល​ជាមុនសិន មុនពេល​ទទួលយក  
-​សូម​លើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការទូទាត់​ថ្លៃទំនិញ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​លុយ​សុទ្ធ ដែលជា​ហានិភ័យ​ក្នុងការ​ចម្លងជំងឺ​កូ​វីដ​-១៩  
-​ពន្យល់​ដល់​អាជីវករ​ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំ ដើម្បី​រក្សា​ផលរបរ​របស់​បងប្អូន ជាជាង​ការបិទ​ផ្សារ​ទាំងមូល (​ស៊ូ​លំបាក​បន្តិច ប្រសើរ​ជាង​លំបាក​ធ្ងន់ធ្ងរ​)​។​

 

​ជា​ចុងក្រោយ ឯកឧត្តម​អភិបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការណ៍​នានា​របស់​ក្រសួងសុខាភិបាល ជាពិសេស​គោលការណ៍ ៣​កុំ និង​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​ទាំងអស់គ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ​ផ្អាកបណ្តោះអាសន្ន​​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ
អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ​ផ្អាកបណ្តោះអាសន្ន​​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ
អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ​ផ្អាកបណ្តោះអាសន្ន​​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ
អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ​ផ្អាកបណ្តោះអាសន្ន​​អាជីវកម្ម​លក់ដូរ​ចំនួន​៣៦​តូប នៅក្នុង​ផ្សារលើ

PLB Banner on article detail