ក្រសួងសុខាភិបាល ជូនដំណឹង​ពី​ការផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមេសា​

ថ្ងៃពុធ 31 មីនា 2021, 11:40

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៃ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង ស៉ី​ណូ​វ៉ា​ក់ (Sinovac) ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​។​

 

​តាមរយៈ​សេចក្ដី​ព័ត៌មាន​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បាន​បញ្ជាក់ថា អនុវត្តន៍​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គ​.​វ​.​ក​-១៩ បានកំណត់​ក្រុម​គោលដៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ចំនួន​៧៤៥,០០០​នាក់ (​សម្រាប់​ចំនួន​ដូ​ស​ទី​១) សម្រាប់​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (SINOVAC) ដោយ​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ជូន​ក្រុមមនុស្ស​ដែល​ដល់​វេន​ចាក់​នាពេលនេះ មាន​ដូចតទៅ​៖

 

*​ទី​១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និង​មន្ត្រី​សុខាភិបាល​ជួរមុខ (​សេវា​រដ្ឋ និង​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ និង​ដែលមាន​បញ្ជី​ឈ្មោះ​ត្រឹមត្រូវ បាន​ផ្ញើជូន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត រួចហើយ​) ទាំង​ថ្នាក់ជាតិ និង​ក្រោម​​ជាតិ ដែល​ពុំទាន់​បាន​ចាក់​ពីមុន​

 

*​ទី​២៖ រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមគ្រួសារ ដែលមាន​បញ្ជី​ឈ្មោះ​ផ្ញើជូន គ​.​វ​.​ក​-១៩ រួចហើយ​

 

*​ទី​៣៖ អ្នកសារព័ត៌មាន​ដែល​ពុំទាន់​បាន​ចាក់​ពីមុន (​ដែលមាន​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវបាន​ផ្ញើជូន គ​.​វ​.​ក​-១៩ តាមរយៈ​ក្រសួង​ព័ត៌មាន ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត រួចហើយ​)

 

*​ទី​៤៖ កងកម្លាំង និង​មន្ត្រី​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​ពុំទាន់​បាន​ចាក់​ពីមុន​នៅតាម​រាជធានី​-​ខេត្ត (​ចាំបាច់​ត្រូវមាន​បញ្ជី​ឈ្មោះ​រៀបចំ ដោយ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ​)

 

*​ទី​៥៖ មន្ត្រីរាជការ​ស៊ីវិល រួមទាំង​បុគ្គលិក​កិច្ចសន្យា​ទាំងអស់ នៅ​គ្រប់​ក្រសួង ស្ថាប័ន នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមទាំង​សាស្ត្រាចារ្យ​-​គ្រូបង្រៀន នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ទូទាំងប្រទេស (​ដែល​បានធ្វើ​សម្រង់​បញ្ជី​ឈ្មោះ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយបាន​ផ្ញើជូន គ​.​វ​.​ក​-១៩ រួចហើយ​)

 

*​ទី​៦៖ មន្ត្រី​-​បុគ្គលិក​បម្រើការ នៃ​អគ្គិសនី​កម្ពុជា​ទូទាំងប្រទេស នៃ​អាជ្ញាធរ​ជាតិ​ទាំងអស់ នៃ​គណៈមេធាវី នៃ​សាលាក្តី​ខ្មែរក្រហម នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមហ៊ុន​អាកាសចរ​នានា ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន គ​.​វ​.​ក​-១៩ រួចហើយ​

 

*​ទី​៧៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កាណាឌីយ៉ា​គ្រប ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន គ​.​វ​.​ក​-១៩ រួចហើយ​

 

*​ទី​៨៖ កម្មករ​-​កម្មការិនី នៅតាម​រោងចក្រ​មួយចំនួន (​ទៅតាម​វេន​) ដែល​សម្របសម្រួល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្ញើជូន គ​.​វ​.​ក​-១៩៕​

ក្រសួងសុខាភិបាល ជូនដំណឹង​ពី​ការផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមេសា​

PLB Banner on article detail