ករណី​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត អ្នកស្លាប់ កើន​ដល់​១០​នាក់

ថ្ងៃពុធ 26 ឧសភា 2021, 11:21

​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​ស្ដីពី​ករណី​ប្រជាពលរដ្ឋ​ចំនួន ១០​នាក់ បាន​ស្លាប់​ដោយសារ​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

 

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច និង​មន្ទីរ​សុខាភិបាល​ខេត្តកំពត បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​ករណី​ពុល​ស្រា ក្នុងភូមិ​ធ្នង់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត និង​ភូមិ​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច និង​នាំយក​អ្នកជំងឺ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។​

 

​គិត​មកដល់​ល្ងាច​ថ្ងៃទី​២៥ ឧសភា ២០២១ អ្នកជំងឺ​ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច បានជា​សះស្បើយ​ជា​បន្តបន្ទាប់ និង​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

 

​តាមរយៈ​ការចុះពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់ បាន​បញ្ជាក់ថា ជនរងគ្រោះ​ទី​១ បាន​ស្លាប់​កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២១ ដោយ​សង្ស័យ​ពុល​ស្រាស ព្រោះ​សព​បាន​ពិសារ​ស្រាស និង​ស្រាថ្នាំ ដែល​ទិញ​នៅក្នុង​ភូមិ​ខាងលើ​។ ក្រោយមក ពោលគឺ​គិត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០២១ មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ចំនួន​៩​នាក់​(២​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ៩​នាក់​ស្លាប់​នៅផ្ទះ​) និង​ឈឺ​ចំនួន​៥៦​នាក់ ក្រោយ​ពិសារ​ស្រាស ស្រាថ្នាំ នៅក្នុង​ពិធី​បុណ្យសព​ជនរងគ្រោះ​ខាងលើ​។​

 

​សេចក្តីជូនដំណឹង​បន្តថា ក្រោយ​យក​សំណាក​ស្រា​ទៅ​វិភាគ ល​ទ្ឋ​ផល​ពី​មជ្ឍមណ្ឌល​ជាតិ​នៃ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃទី​២៥ ខែឧសភា ២០២១ បាន​បញ្ជាក់ថា នៅក្នុង​ស្រា មាន​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​ធំ​ជាង 0,2​ភាគរយ ដល់​១១,៩​ភាគរយ ដែល​ធ្វើឱ្យពុល ដែល​កម្រិត​ពុល​មិនត្រូវ​លើសពី​០,១​ភាគរយ ឡើយ​។​

 

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ រួមទាំង​អាជ្ញាធរ សមត្ថកិច្ច បាន​ចុះ​អប់រំ ឱ្យ​អ្នកលក់ អ្នក​បោះ​ដុំ ផ្អាក​អាជីវកម្ម​ស្រាស ដែល​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ​តាម​ភូមិ​ខាងលើ បញ្ឈប់​ជាបន្ទាន់​ការ​ពិសារ​ស្រា ដែល​ផលិត ឬ​ស្រា​បិត មិនបាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស​។​

 


​ក្នុងករណី​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា ដូចជា​ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម ឬ​សង្ស័យ​មានការ​ឆ្លង​ជំងឺ​ដ៏ទៃទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិនិត្យ​នៅ​មន្ទីរពេទ្យ ជាបន្ទាន់​៕

ករណី​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត អ្នកស្លាប់ កើន​ដល់​១០​នាក់
ករណី​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត អ្នកស្លាប់ កើន​ដល់​១០​នាក់
ករណី​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត អ្នកស្លាប់ កើន​ដល់​១០​នាក់

PLB Banner on article detail

អត្ថបទពេញនិយម