សម្តេច​បញ្ជា​ជាបន្ទាន់​ឱ្យ​បិទ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ចេញពី​ខេត្ត​ព្រះសីហនុ​

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 8:30

ក្នុង​សារ​ពិសេស នៅ​យប់​ថ្ងៃទី​៣ ខែមីនា ម្សិលមិញ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចេញ​នូវ​បទបញ្ជា​ផ្ទាល់មាត់​បន្ទាន់​មួយ ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច ឲ្យ​ចាត់វិធានការ​រាំងខ្ទប់ មិន​ឲ្យ​មាន​អ្នក​ចេញពី​ខេត្ត​ព្រះសីហនុ​ឡើយ​។ វិធានការ​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចេញពី​ខេត្ត​ព្រះសីហនុ ទៅកាន់​តំបន់​ផ្សេង​។​

 

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឲ្យ​មាន​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​ច្រើន ទាំង​មន្ត្រីរាជការ និង​ទាំង​ប្រជាពលរដ្ឋ ដោយ​រាជរដ្ឋាភិបាល នឹង​បញ្ជូន​វ៉ាក់សាំង​បន្ថែម ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៤​មីនា​ស្អែក​នេះ ទាំង​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ទាំង​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា​។ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម សម្រាប់​មនុស្ស អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ និង​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា សម្រាប់ ៦០​ឆ្នាំ​ឡើង​។​

 

​ក្នុង​បញ្ជា​ផ្ទាល់មាត់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា បិទ​ចរាចរណ៍​តែម​នុស្ស មិន​ឲ្យ​ចេញពី​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ តែ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ខេត្ត​ព្រះសីហនុ នៅ​ធ្វើ​ដដែល​។​

 

​សូម​រម្លឹកថា នៅ​ខេត្ត​ព្រះសីហនុ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើនឡើង​ខ្លាំង ដោយ​គិត​មកដល់​ព្រឹក​ថ្ងៃទី​៣ ខែមីនា​នេះ ឡើងដល់ ៦២​នាក់​។ ក្នុងនោះ ភាគច្រើន​ជា​ជនជាតិ​ចិន​៕

សម្តេច​បញ្ជា​ជាបន្ទាន់​ឱ្យ​បិទ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ចេញពី​ខេត្ត​ព្រះសីហនុ​

PLB Banner on article detail