អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​

ថ្ងៃពុធ 17 កុម្ភៈ 2021, 8:20

​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំ​ង វ៉ៃ JIANG WEI  ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក នាយក​ទីចាត់ការ​សាធារណ​: និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។  

 

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានទទួល​ស្វាគមន៍ លោក​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ  និង​បាន​ជម្រាបជូន​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​សក្តានុពល​របស់​ខេត្ត ។  

 

​ឯកឧត្តម អភិបាលខេត្ត​បន្តថា ខេត្ត​ព្រះសីហនុ​មាន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ មាន​ទំនិញ​ចេញ​-​ចូល​ឆ្លងកាត់ ៧០​ភាគរយ​នៃ​ទំនិញ​នៅ​ទូទាំងប្រទេស រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន កសាង​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ដំណាក់កាល​ទី​១ និង​ទី​២ សម្រាប់​នាវា​ដែលមាន​ជម្រៅ​ទឹក ១៣,៥០ ម៉ែត្រ ចូល​ចត និង​ផ្តល់ឱកាស​ប្រកួតប្រជែង​តម្លៃ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​។ រាជរដ្ឋាភិបាល​គ្រោង​នឹង​អភិវឌ្ឍន៍​កំពង់ផែ​ដំណាក់កាល​ទី​៣ និង​ទី​៤ ឱ្យ​នាវា​មាន​ជម្រៅ​ទឹក​១៨​ម៉ែត្រ ធ្វើ​ចរាចរណ៍​តាម​សមុទ្រ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​តម្លៃ​នៃ​ការដឹកជញ្ជូន​មានតម្លៃ​ថោក ហើយ​ជា​ឱកាស​ដល់​អ្នកវិនិយោគ​បង្កើន​កំណើន​ការងារ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ខេត្ត​មាន​អាកាសយានដ្ឋាន​អន្តរជាតិ មាន​ផ្លូវ​រត់ ៣,៤០០​ម៉ែត្រ អាចឱ្យ​យន្តហោះ​ធន់​ធំ​ចុះចត​បាន ក្រុមហ៊ុន​កំពុងតែ​ជំរុញ​សាងសង់​ស្ថានីយ​អ្នកដំណើរ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ។ ខេត្ត​មាន​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ សម្រេចការ​សាងសង់​បាន​ជាង ៣០​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២២ ។ ខេត្ត​មាន​ផ្លូវដែក​ត​ភ្ជាប់​ទៅកាន់​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ ក៏ប៉ុន្តែ​វា​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។  

 

​ឯកឧត្តម​សង្ឃឹមថា លោក​ប្រធានការិយាល័យ​កុងស៊ុល​ចិន នឹង​ជួយ​រក​ដៃគូរ​ជា​ជំនួយ​បច្ចេកទេស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា ព្រោះ​ផ្លូវដែក​នៅ​ប្រទេស​ចិន​ឈរ​លំដាប់​លេខ​១ ម្យ៉ាងទៀត​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​មានតម្លៃ​ទាប កាត់បន្ថយ​គ្រោះថ្នាក់ និង​ការខូចខាត​ផ្លូវ​ជាដើម ផ្លូវដែក ក៏បាន​ចូលរួមចំណែក​បង្កើន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ ។

 

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើឱ្យ​លោក​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន ជួយ​សម្របសម្រួល​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដូ​ច​ខាងក្រោម​៖

 

​ព​ន្លឿ​ន​ការនាំយក​ម៉ាស៊ីន​វិភាគ​រក​មេរោគ កូ​វីដ​-១៩ មកកាន់​ខេត្ត​ព្រះសីហនុ ព្រោះ​យើង​កំពុង​ជម្រុញ​ការសាងសង់​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ឱ្យបាន​ឆាប់​រួចរាល់​។ សព្វថ្ងៃ​យើង​បាន​យក​សំណាក​ទៅ​វិភាគ​នៅ​រាជធានី​ភ្នំពេញ វា​ជួប​ហានិភ័យ​ច្រើន និង​ខាត​ពេលវេលា​។
​ជួយ​ជំរុញ​ទីក្រុង​សិន​ជិន ប្រទេស​ចិន ក្នុងការ​រៀបចំ​ប្លង់​គោលខេត្ត​ព្រះសីហនុ និង​ជួយ​សម្របសម្រួល​ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​ក្នុង​ការធ្វើផែនការ​បាន​ទៅ​សិក្សា​នៅ​ទីក្រុង​សិន​ជិន​។
​ជួយ​ជំរុញ​សិក្សា​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ ។
​សូម​រដ្ឋាភិបាល​ចិន​បន្ត​ជួយ​គាំទ្រ​ការសាងសង់​មន្ទីរពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​មន្ត្រី​ជំនាញ​បច្ចេក​បទេស​ចុះមក​ធ្វើការ​សិក្សា​កន្លងមក ព្រោះ​វា​មាន​អត្ថប្រយោជន៍ និង​គុណ​តម្លៃ​ដល់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ។  

 

​លោក ជាំ​ង វ៉ៃ JIANG WEI ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​គំរូ​ដែលមាន​សក្តានុពល​ជាង​ខេត្ត​ផ្សេងៗ​ទៀត និង​ជា​ខេត្ត​បងប្អូន​ល្អ​ជាមួយ​ប្រទេស​ចិន តាងនាម​ខ្ញុំ​តំណាង​ប្រទេស​ចិន និង​ប្រជាជន​ចិន នឹង​បន្ត​កិច្ចសហការ​ឱ្យទទួល​បាន​ជោគជ័យ​។ លោក​បានឃើញ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​លឿន ដោយសារ​ស្ថានភាព​នយោបាយ ការសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ទោះបី​ពេលវេលា​ដ៏​លំបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក៏​យើង​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ថ្មីៗ​នេះ​ប្រទេស​ចិន ក៏បានផ្តល់​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ មក​កម្ពុជា​ផងដែរ​។  

 

​ក្នុងឱកាស​នោះ លោក​បាន​បន្តថា ប្រទេស​ចិន​គាំទ្រ​ពេញទំហឹង​ដល់​ខេត្ត​ព្រះសីហនុ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការជួយ​ជំរុញ​ការសាងសង់​មន្ទីរពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ម៉ាស៊ីន​វិភាគ​ជំងឺ​រក​មេរោគ​កូ​វីដ​-១៩ ទន្ទឹម​នោះ​យើង​ត្រូវ​ពង្រីក​វប្បធម៌ អរិយធម៌ ពិសេស​ការទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ទាំងពីរ គាំទ្រ​ភាពជា​បងប្អូន និង​បន្ត​ជំរុញ​អ្នកវិនិយោគ​ចិន​មក​ខេត្ត​ព្រះសីហនុ ដើម្បី​កំណើន​ការងារ​សម្រាប់​ប្រជាជន​ខេត្ត​ព្រះសីហនុ និង​សន្យា​គាំទ្រ​ការបណ្តុះបណ្តាល​ភាសា​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​៕​

អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​
អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​
អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​
អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​
អភិបាលខេត្ត​ព្រះសីហនុ ទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​

PLB Banner on article detail