ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន

ថ្ងៃសុក្រ 16 តុលា 2020, 17:42

ខេត្តបាត់ដំបង! ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក សួស សុភ័ក្រ បានស្នើឲ្យអ្នកសារព័ត៌មានអាជីពខិតខំយកចិត្តទុកដាក់ស្វែងយល់អំពីក្រមសីលធម៌ និងច្បាប់ស្តីពីសារព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផុសផ្សាយអ្វីមួយ ព្រោះអ្នកសារព័ត៌មានដែលមានអាជីពត្រូវការស្វាស់ស្វែងយកព័ត៌មានអ្វីមួយត្រូវរកប្រភពឱ្យបានគ្រប់ជ្រុងជ្រោយជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ។

 

ប្រធានមន្ទីរលើកឡើងបែបនេះ នៅក្នុងវេទិកាស្ដីពី"ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារព័ត៌មានប្រជាពលរដ្ឋ"ដែលប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី 16 ខែតុលា ឆ្នាំ 20២០ នៅសាលប្រជុំសាលារៀនវ៉េស្ទឡាញន៍ខេត្តបាត់ដំបង ក្រោមការរៀបចំរបស់អង្គការ(ACT)ដោយមានការចូលរួមពីអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋមកពីតាមបណ្តាស្រុក ស្រុក នៃខេត្តបាត់ដំបង ប្រមាណជា៧០នាក់។

 

លោកប្រធានមន្ទីរលើកឡើងទៀតថា នេះជាវេទិកាមួយដែលធ្វើឱ្យអ្នកសារព័ត៌មានទាំងអស់បានស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយដែលមានអាជីព រួមគ្នាសិក្សាទាំងអស់គ្នាដើម្បីស្វែងរកផ្លូវដ៏ល្អមួយសម្រាប់ធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពរដ្ឋនូវព័ត៌មានគ្រប់ជ្រុងជ្រោយនៅព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គមក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង។ 

 

ជាមួយគ្នានេះមន្ទីរព័ត៌មានក៏ជាសេនាធិការមួយឲ្យក្រសួងព័ត៌មាននិងរដ្ឋបាលខេត្តបានខិតខំផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើជាស្ពានចម្លងពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ទាំងអស់នេះហើយដែលមន្ទីរព័ត៌មានបានបំពេញតួនាទីជាពិសេសជួយធ្វើការសម្របសម្រួលបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានមួយចំនួនឱ្យបងប្អូនបានយល់ពីអ្វីដែលហៅថាអាជីពរបស់អ្នកព័ត៌មាន ដែលបំពេញការងារបានដោយរលូននិងមិនមានបញ្ហាអ្វីកើតឡើង។

 

លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្រមសីលធម៌របស់អ្នកសារព័ត៌មានខុសពីបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋគាត់អត់បានទទួលការបណ្ដុះបណ្ដាលនូវវិជ្ជាជីវៈអ្នកសារព័ត៌មានទេ អញ្ចឹងគាត់ឃើញអីគាត់ផុសហ្នឹងដែលគេហៅថាដំណឹងរបស់បងប្អូន ដោយឡែកអ្នកព័ត៌មានដែលមានវិជ្ជាជីវៈត្រូវតែសិក្សាអំពីព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីធ្វើការផ្សព្វផ្សាយ ព្រោះយើងអ្នកសារព័ត៌មានគឺគ្រាន់តែមានតួនាទីជាស្ពានចម្លងពាំនាំព័ត៌មានពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋនិងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល។ 

 

ជាមួយគ្នានេះនេះដែរ លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង ក្នុងនាមឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានសម្តែងការអរគុណទៅដល់អង្គការ( ACT) ដែលបានរៀបចំកម្មវិធីនេះឡើងគឺពិតជាមានសារៈសំខាន់និងប្រកបទៅដោយខ្លឹមសារអត្ថន័យដ៏ជ្រាលជ្រៅដើម្បីបញ្ជ្រាបចូលទៅដល់បងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ ដែលអង្គការACTមានគោលបំណងចង់ផ្សព្វផ្សាយពន្យល់អ្នកសារព័ត៌មានដែលជាអ្នកនាំពាក្យនាំសារដើម្បីជ្រាបទៅដល់មហាជនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ។

 

បន្ថែមពីនេះលោកអភិបាលខេត្តរងក៏បានសង្ឃឹមទៅដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់និងរួមចំណែកដោយប្រកាន់នូវក្រមសីលធម៌វិ ជ្ជាជីវៈខ្ពស់ ព្រោះអ្នកសារព័ត៌មានគឺជាអ្នកនាំសារមុនគេបំផុតបើសិនជាបងប្អូននាំទៅខុសធ្វើឲ្យអ្នកដែលស្ដាប់មានការភាន់ច្រឡំ ដូច្នេះអ្នកសារព័ត៌មានធ្វើយ៉ាងណាត្រូវប្រកាន់នូវក្រមសីលធម៌ ហើយលោកក៏សង្ឃឹមថា អង្គការ(ACT)នឹងបន្តនូវបេសកកម្មរបស់ខ្លួនពង្រីកឲ្យបានទូលំទូលាយនិងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងបន្ថែម។

ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន
ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន
ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន
ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន
ប្រធានមន្ទីរព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានអាជីពស្វែងយល់អំពីក្រមសីលធម៌នឹងច្បាប់ស្តីពីសារព័ត៌មាន

PLB Banner on article detail