ទី​ម័​រ​ខាងកើត ស្នើ​មន្ត្រី​ជំនាញ​កម្ពុជា ជួយ​បង្រៀន​ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម

ថ្ងៃអង្គារ 21 កក្កដា 2020, 16:28

ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​មន្ត្រី​ជំនាញ​របស់​ខេត្តសៀមរាប ធ្វើការ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម។

 

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា ការចុះ​បំពេញបេសកកម្ម​មកកាន់​ខេត្តសៀមរាប នាពេលនេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ និង ទទួលបាន​នូវ​បទពិសោធន៍​ក្នុង​វិស័យ​ទេសចរណ៍ និង កសិកម្ម​របស់​ខេត្តសៀមរាប សំដៅយក​ទៅធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ​ខាងកើត ហើយ​ក្នុងនាម​ប្រជាពលរដ្ឋ​ទី​ម័​រ សុំ​ធ្វើការ​រៀនសូត្រ​ពី​ខេត្តសៀមរាប ដែលមាន​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍ នាពេល​កន្លងមក ពិសេស​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែ​ជួយ​គាំទ្រ​ទី​ម័​រ​ក្លាយជា​សមាជិក​ទី១១របស់​អាស៊ាន។

 

ឆ្លើយតប​ក្នុងឱកាស​នោះ​ឯកឧត្តម ទៀ សីហា បានទទួល​យក​នូវ​សំណូមពរ​របស់​ឯកឧត្តម​អគ្គរដ្ឋទូត ហើយ​អាជ្ញាធរខេត្ត នឹងធ្វើ​ការជ្រើសរើស​ពេលវេលា​មួយ​ដ៏​សមគួរ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩ នឹង​រៀបចំ​គណៈប្រតិភូ​ទៅធ្វើ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងការ​ផ្តល់នូវ​សេចក្តីស្រឡាញ់​រវាង​ប្រទេស​កម្ពុជា និង ទី​ម័​រ​ខាងកើត។

 

ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ទៀតថា ខេត្តសៀមរាប​មាន​សក្តានុពល​សេដ្ឋកិច្ច ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ៨២ភាគរយ​ជា​ប្រជាកសិករ និង វិស័យ​ទេសចរណ៍ ខេត្តសៀមរាប​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ល្បាញ​ល្បី និង រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និង បឹង​ទន្លេសាប ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ហើយ​ក្នុង​ខណៈពេលដែល​ពិភពលោក​បាន​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ប៉ុន្តែ​អាជ្ញាធរខេត្ត​បាន​នឹង​កំ​ពូ​ង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង ក្រសួងសុខាភិបាល មិន​ឲ្យ​មាន​ឆ្លង​រីក​រាលដាល​នៅតាម​សហគមន៍​នោះឡើយ៕

ទី​ម័​រ​ខាងកើត ស្នើ​មន្ត្រី​ជំនាញ​កម្ពុជា ជួយ​បង្រៀន​ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម
ទី​ម័​រ​ខាងកើត ស្នើ​មន្ត្រី​ជំនាញ​កម្ពុជា ជួយ​បង្រៀន​ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម
ទី​ម័​រ​ខាងកើត ស្នើ​មន្ត្រី​ជំនាញ​កម្ពុជា ជួយ​បង្រៀន​ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម

PLB Banner on article detail

អត្ថបទពេញនិយម