ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ខេត្តស្វាយរៀង សម្រេចបាន​ជិត ១១​ម៉ឺន​ហិកតា

ថ្ងៃច័ន្ទ 20 កក្កដា 2020, 8:32

​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង នៅក្នុង​ឆ្នាំ​២០២០​នេះ សម្រេចបាន​ជិត ១១​ម៉ឺន​ហិកតា ស្មើនឹង​ជាង​៦០​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

 

​លោក​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សម្រេច​បានការ​ភ្ជួរ​រាស់ ព្រោះ​, ស្ទូងស្រូវ​គ្រប់​ប្រភេទ សរុប​ផ្ទៃដី ១០២,៧០៧​ហិកតា ស្មើនឹង ៦១.៣៣% នៃ​ផែនការ ១៦៧,៥០០​ហិកតា ធៀប​នឹង​ឆ្នាំ​២០១៩ ខ្ពស់ជាង ៥,០០០​ហិកតា​។​

 

​លោក​បន្ថែមថា នាពេល​ថ្មីៗ​នេះ ក្រុមការងារ​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង និង​កម្មវិធី ASPIRE រួមជាមួយ​ទីប្រឹក្សា​សម្របសម្រួល​ទីផ្សារ បាន​ទៅ​ចូលរួម​ចែក​ពូជស្រូវ​ផ្ការំដួល​ចំនួន ៣,១៥០​គីឡូក្រាម និង​ជីធម្មជាតិ​ចំនួន ២,២៥០​គីឡូក្រាម ជូន​ដល់​កសិករ​ជា​សមាជិក​បណ្តុំ​ឣា​ជីវ​កម្ម ផលិត​ស្រូវ​លក់ នៅ​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ចំនួន​៤៥​គ្រួសារ ដែលមាន​ផ្ទៃដី​សរុប​ចំនួន​២៥​ហិកតា​។​

 

​ជាមួយគ្នា​នោះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ក៏បាន​ផ្តាំផ្ញើ​ឲ្យ​កសិករ​យក​ពូជស្រូវ និង​ជី​ទៅប្រើ​ប្រាស់​ទៅតាម​ការណែនាំ​បច្ចេកទេស ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ប្រកបដោយ​គុណភាព​៕

ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ខេត្តស្វាយរៀង សម្រេចបាន​ជិត ១១​ម៉ឺន​ហិកតា

PLB Banner on article detail

អត្ថបទពេញនិយម