​ឥណ្ឌា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​លើ​គម្រោង​ជួសជុល ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17)

ថ្ងៃសុក្រ 25 មីនា 2022, 16:28

​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ សំបូរ​ព្រៃ​គុក ឱ្យដឹងថា អាជ្ញាធរ​នេះ នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ឥណ្ឌា ដើម្បី​ឈានទៅរក​ការជួសជុល និង​សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17) ដែល​កសាងឡើង​ពី​ថ្មភក់​ដែល​ចាស់​ទ្រុឌទ្រោម​ហើយ​កំពុង​រង​ការខូចខាត​នោះ ឱ្យ​រឹងមាំ​ឡើងវិញ​។   

 

​ឯកឧត្តម ផាន់ ណា​ឌី អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​មានប្រសាសន៍​ក្នុង​បទសម្ភាសន៍ បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​នៃ​គណកម្មាធិការ គណៈកម្មាធិការ អន្តរជាតិ​សម្របសម្រួល​កិច្ច គាំពារ​និង អភិវឌ្ឍន៍​តំបន់​រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី ស៊ី​-​អង្គរ​(ICC Angkor) ថា​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោកជំទាវ​បណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លើ​គម្រោង​ជួសជុល​និង សង្គ្រោះ​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17) ដែល​ចាស់​ទ្រុឌទ្រោម និង​កំពុង​រង​ការខូចខាត​ឱ្យមាន​និរន្តរភាព​ប្រសើរ​ឡើងវិញ ។​

 

​ពិធី​ចុះហត្ថលេខា​លើ អនុស្សារណៈ​យោគយល់​គ្នា​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៨  នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ អភិរក្ស និង​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រវត្តិ​អង្គរ (​អាយ​ស៊ី​ស៊ី​-​អង្គរ​) នា​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប  ក្រោម​អធិបតីភាព​របស់លោក ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

 

 ឯកឧត្តម ផាន់ ណា​ឌី  មានប្រសាសន៍​បន្តថា​លក្ខណៈ​នៃ​ក្រុម​ប្រាសាទសំបូរព្រៃគុក គឺ​ប្រាសាទ​ភាគច្រើន​សង់​ពី ឥដ្ឋ តែ​ការចុះ​អនុស្សារណៈ​ជាមួយ​ឥណ្ឌា​នៅពេលនេះ គឺ​ផ្ដោតលើ​គម្រោង​ជួសជុល​ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17)  ដែល​សង់​ពី​ថ្មភក់​ហើយ​ប្រាសាទ​នេះ មាន​រចនាបទ​ស្រដៀង​គ្នា​ទៅនឹង​ប្រាសាទ​របស់​ឥណ្ឌា​ទើប​ធ្វើ ឱ្យ​ឥណ្ឌា​ចាប់អារម្មណ៍​លើ​គម្រោង​ជួសជុល​នោះ​។  

 

​សូមបញ្ជាក់​ង​ថា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បានចាប់ផ្ដើម​ការងារ តាំងពី​ដើមឆ្នាំ​២០១៧  ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជំហាន​ដំបូង​លើ  ២​ចំណុច គឺ​ទី​១ ជួយ​អន្តរាគមន៍​បន្ទាន់​លើ​ការជួសជុល ការថែទាំ​ប្រាសាទបុរាណ​ដែលជា​ប្រភេទ​ប្រាសាទ​ឥដ្ឋ មាន​វ័យ​ចំណាស់​ជាងគេ តាំងពី​សតវត្សរ៍​ទី​៧ គឺ​មុន​សម័យអង្គរ​ទៅទៀត  ដែល​កំពុង​ប្រឈម​នឹង​ការ​ជ្រុះ​បាក់បែក​។  ចំណែក ចំណុច​ទី​២ គឺ យកចិត្ត​ទុក​រៀបចំ​លំនៅដ្ឋាន និង​សំណង់​នានា​របស់​ប្រជាពលរដ្ឋ  កុំឱ្យ​មានការ​រីក​រាល​ដាល​ចូលទៅក្នុង​តំបន់​ការពារ​សំបូរ​ព្រៃ​គុក ដែលជា​បេតិកភណ្ឌ​ពិភពលោក​៕ ដោយ តាំង ហូ​

​ឥណ្ឌា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​លើ​គម្រោង​ជួសជុល ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17)
​ឥណ្ឌា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​លើ​គម្រោង​ជួសជុល ប្រាសាទ​គុក ឬ​ប្រាសាទ​មហាឥសី (N17)

PLB Banner on article detail

អត្ថបទពេញនិយម