សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ឆ្លង​ផុតពី​ដៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​នេះហើយ​

ថ្ងៃសុក្រ 3 ធ្នូ 2021, 8:20

​នៅក្នុង​បរិការណ៍​បច្ចុប្បន្ន​ដែល​កម្ពុជា​កំពុងស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នៅឡើយ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១​និង​ការបន្ត​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​បំប្លែង​ថ្មី​ដែល​បង្កឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ដល់​សុខភាព​សង្គម​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កំពុង​ដាក់​សម្ពាធ​កាន់តែ​ធ្ងន់​មកលើ​ថវិកាជាតិ​ទាំងមូល​។​

 

​ដោយហេតុ​ខាងលើនេះ រាជរដ្ឋាភិបាល​ក៏បាន​ស្នើឡើង​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ដែល​រដ្ឋសភា​បាន​កោះប្រជុំ​និង​អនុម័ត​រួចរាល់​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​និង​បានស្នើ​មក​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤​របស់ខ្លួន ដើម្បី​ធ្វើ​កិច្ចពិភាក្សា​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ទាំងនេះ​ដោយ​ចាត់ទុកជា​ការប្រញាប់​។   ឆ្លើ​ប​តប​នឹង​សំណើរ​ចាំបាច់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ ព្រឹទ្ធសភា​កម្ពុជា បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​សមាជិក​ចូលរួម​ចំនួន​៥៤​រូប ព្រមទាំង​តំណាង​រាជរដ្ឋាភិបាល​ចូលរួម​ការពារ​យ៉ាង​ហ្មត់ចត់​ផងដែរ​។​

 

​ឯកឧត្តម ម៉ម ប៊ុននាង អ្នក​នាំពា​ក្ស​ព្រឹទ្ធសភា​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្រោយ​កិច្ចប្រជុំ​វិសាមញ្ញ​នេះ​ថា ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​នេះ អាច​ប្រសិទ្ធ​នាម​ថា ជា​ថវិកា​សម្រាប់​បន្ត​ការប្រយុទ្ធប្រឆាំង និង​ការកសាង​សមត្ថភាព​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​បន្ត​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​។ ថវិកា​ឆ្នាំ​២០២២​នេះ​គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាចជួយ​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​គ្រប់គ្រង​សភាពការណ៍​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ព្រមទាំង​ហានិភ័យ​ផងទាំងពួង​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​ស្ថិត​លើ​គន្លង​នៃ​កំណើន​ខ្ពស់​ឡើង​និង​រស់​រវើក​វិញ ហើយ​អាច​ឆ្លើយតបបាន​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ផង ក៏ដូចជា​ជួយ​រាជរដ្ឋាភិបាល​ឱ្យសម្រេចបាន​នូវ​បុព្វហេតុ​ចម្បងៗ​ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​សំដៅ​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុខសន្តិភាព​យូរអង្វែង វឌ្ឍនភាព​វិបុលភាព​និង​យុត្តិធម៌​សង្គម​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​០៥​ជំពូក និង​១៤​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១០៤​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២១​នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦​នីតិកាល​ទី​៦​។​

 

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អមដោយ​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​យ៉ាង​ហ្ម​ត​ចត់​ផងដែរ​។​

 

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៤​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

 

​ក្រៅពីនេះ កិច្ចប្រជុំ​ព្រឹទ្ធសភា ក៏បាន​លើកយក សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ មក​ពិនិត្យ និង​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​នឹង​ចាត់ទុកជា​ការប្រញាប់​៕

សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ឆ្លង​ផុតពី​ដៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​នេះហើយ​
សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ឆ្លង​ផុតពី​ដៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​នេះហើយ​
សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ឆ្លង​ផុតពី​ដៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​នេះហើយ​

PLB Banner on article detail

អត្ថបទពេញនិយម