សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក

ថ្ងៃព្រហស្បតិ៍ 3 មិថុនា 2021, 15:3

សត្វ​ខ្សឹប  ជា​ប្រភេទ​សត្វ​តំបន់​វាលស្មៅ មាន​ដើមកំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ប្រទេស​កម្ពុជា និង​ក៏​ធ្លាប់​មាននៅ​វៀតណាម​ផងដែរ​។ វា​ត្រូវបាន​ចុះបញ្ជី​ជា​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​តិចជាង ៥០០​ក្បាល នៅលើ​ពិភពលោក​។​

 

​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ទីជម្រក​សម្រាប់​វត្តមាន​នៃ​អនុ​ប្រភេទ Houbaropsis bengalensis blandini ដែល​នៅ​សេសសល់ នៅលើ​ពិភពលោក​។ ចំនួន​សត្វ​ខ្សឹប​នៅ​កម្ពុជា​បាន​ថយចុះ​យ៉ាងគំហុក​ក្នុងកំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​បច្ចុប្បន្ន សត្វ​ខ្សឹប​មាន​វត្តមាន​ភាគច្រើន​នៅក្នុង​ខេត្តកំពង់ធំ មាន​តិចតួច​នៅក្នុង​ខេត្តសៀមរាប និង​មាន​តិចតួច​បំផុត​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ សត្វ​ខ្សឹប​រស់នៅ​តាម​តំបន់​វាលស្មៅ​ធម្មជាតិ​ដែលមាន​លាយឡំ​ជាមួយ​ហ្នឹង​គុម្ពោត​ព្រៃ​ដុះ​រាយប៉ាយ​។​

 

​កត្តា​គំរាមកំហែង​ធំៗ​ដល់​ការរស់នៅ​របស់​សត្វ​ខ្សឹប រួមមាន ការបាត់បង់​ទីជម្រក​ពាក់ព័ន្ធ​ទៅនឹង​ការ​បំប្លែង​តំបន់​វាលស្មៅ​និង​តំបន់​ដាំ​ដុះ​ស្រូវ​បែប​យថាផល​ទៅជា​តំបន់​ដាំ​ដុះ​ស្រូវ​បែប​ប្រពលវប្បកម្ម (​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ​) ការ​ប្រមាញ់​ខុសច្បាប់ និង​ការ​ហើរ​បុក​ទង្គិច​ជាមួយ​ខ្សែបណ្តាញ​អគ្គិសនី​។ នៅក្នុង​ឆ្នាំ ២០០៩ អង្គការ WCS និង​ដៃគូ បាន​បោះពុម្ពផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​រយៈពេល​ជាង​១០​ឆ្នាំ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះបាន​បង្ហាញថា ចំនួន​សត្វ​ខ្សឹប​ឈ្មោល​ដែល​លោ​តប​បង្អួតខ្លួន​នៅ​រដូវ​បន្ត​ពូជ តាមរយៈ​ទិន្នន័យ​ជំរឿន​ឆ្នាំ ២០១៨ មានតែ ១០៤​ក្បាល​ប៉ុណ្ណោះ នៅ​កម្ពុជា​។​

 

​ដើម្បី​ការពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​តំបន់​អភិរក្ស​សត្វ​ខ្សឹប​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​បច្ចុប្បន្ននេះ​ត្រូវបាន​កំណត់​ឈ្មោះថា «​តំបន់ការពារទេសភាព​ទំនាប់​ខាងជើង​ទន្លេសាប​» គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣១.១៥៩​ហិកតា ក្រោម​អនុ​ក្រិ​ត្យ​លេខ ៨៨. អនក្រ​.​បក លាតសន្ធឹង​ឆ្លងកាត់​ខេត្តកំពង់ធំ​និង​សៀមរាប​។ អង្គការ WCS ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​អភិរក្ស​តំបន់​នេះ និង​ការពារ​សត្វ​ខ្សឹប ព្រមទាំង​ប្រភេទ​សត្វ​ស្លាប​កម្រៗ​ដទៃទៀត​ដូចជា ចាបព្រៃ​វែង ជាដើម​។ សកម្មភាព​អភិរក្ស​សំខាន់ៗ​រួមមាន ការគាំទ្រ​ដល់​ការអនុវត្ត​ច្បាប់ ការគ្រប់គ្រង​តំបន់​វាលស្មៅ​ដោយមាន​ការចូលរួម​ពី​សហគមន៍ ការផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ដល់​សហគមន៍ ការការពារ​សម្បុក​ស​ត្វ​ខ្សឹប ការលើកកម្ពស់​គម្រោង​ស្រូវ​បែប​និរន្តរភាព ដែលជា​យន្តការ​មួយ​គាំទ្រ​ដល់​និរន្តរភាព​កសិកម្ម សម្រាប់​ការអភិរក្ស​សត្វ​ខ្សឹប និង​ការបង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់​។​

 

​យោងតាម​ប្រកា​សលេខ ០២០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សត្វ​ខ្សឹប​ត្រូវបានធ្វើ​ចំណាត់ថ្នាក់​ជា​ប្រភេទ​សត្វ​«​ក្រម​»​។ ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពី​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​៣ ជន​ទាំងឡាយណា​ដែល​ចាប់ ដាក់​អន្ទាក់ ប្រមាញ់ ធ្វើឱ្យ​របួស បំពុល សម្លាប់ យកចេញ ប្រមូល​ពង​កូន និង​សត្វព្រៃ ដែលជា​ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​កម្រ ឬ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត នឹងត្រូវ​ទទួលទោស​ទណ្ឌ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១៥ លាន​រៀល ដល់ ១៥០ លាន​រៀល​។​

 

​ការងារ​អភិរក្ស​សត្វ​ខ្សឹប​របស់​អង្គការ WCS នឹង​មិនអាច​សម្រេចបាន​ជោគជ័យ​ទេ ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​នានា​ដូចជា សហភាព​អឺរ៉ុប​តាមរយៈ​គម្រោង «​ទន្លេសាប​យើង​» គម្រោង​ព្រៃ​ឡង់​បៃតង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​USAID មូលនិធិ​ម៉ា​ហ្គា​រេ​ត អេ ខា​ហ្គី​ល (Margaret A Cargill Foundation) ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ​ប្រទេស​បារាំង (AFD) មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ស្ថានប្រព័ន្ធ​ផុយស្រួយ (CEPF) Rainforest Trust និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំង​ដៃគូ​ពីរ​ទៀត​គឺ អង្គការ​សន្សំ​ម្លប់​ព្រៃ និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ​៕​ WCS Cambodia

សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក
សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក
សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក
សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក
សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក
សត្វ​ខ្សឹប ជា​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​បំផុត​ លើ​ពិភពលោក

PLB Banner on article detail