ក្រុម​អ្នករត់ម៉ូតូឌុប និង​អាជីវករ​ផ្សា​របឹង​ឈូក តវ៉ា​ស្នើ​ម្ចាស់​ក្រុមហ៊ុន​អនុញ្ញាតឱ្យ​ចេញចូល និង​លក់ដូរ ជាធម្មតា​

ថ្ងៃព្រហស្បតិ៍ 3 មិថុនា 2021, 14:46

​ខេត្តបាត់ដំបង​! ក្រោយ​មានការ​ណាត់ជួប​រវាង​ភាគី​ខាង​ក្រុមហ៊ុន​ផ្សារ ជាមួយ​អាជីវករ និង​អ្នករត់ម៉ូតូឌុប ដោយ​តម្រូវអោយ​ពួកគាត់​ធ្វើ​គ្រែ​អង្គុយ​លក់ និង​ហាម​មិនអោយ​ជិះ​ចូល​ផ្សារ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ពួកគាត់​ប្រមាណ​ជាង​១០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ការតវ៉ា​ស្នើអោយ​ខាង​ក្រុមហ៊ុន​អនុញ្ញាតអោយ​ពួកគាត់​ជិះ​ម៉ូតូ​ចេញចូល​បាន និង​ការ​ដាក់តាំង​លក់ដូរ​ជាធម្មតា​ដូច​ពីមុន​។​

 

​អាជីវករ​ឈ្មោះ ខាន់ សុខា ដែលជា​អ្នករត់ម៉ូតូឌុប និង​លក់ដូរ​ក្នុង​ផ្សា​របឹង​ឈូក​ជាង​២០​ឆ្នាំ​បាន​លើកឡើងថា អ្វីដែល​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​នៅពេលនេះ​ក្នុង​គោលបំណង​ដើម្បី​សំណូមពរ​ស្នើសុំ​អោយ​ខាង​ក្រុមហ៊ុន​ផ្សារ ទុក​អទិភាព​ផ្លូវ​អោយ​ពួកគាត់​បានចេញ​ចូល​ម៉ូតូ​ជាធម្មតា ហើយ​កន្លែង​លក់ដូរ​ដែល​ខាង​ក្រុមហ៊ុន​តម្រូវអោយ​ដាក់​គ្រែ ពូក​គាត់​ជា​អាជីវករ​មិន​ចង់អោយមាន​ការដាក់​គ្រែ​នោះទេ គឺ​សុំអោយ​ដាក់លក់​ធម្មតា​ដូច​ពីមុន ព្រោះ​កាលណា​ចេញចូល​ដាក់​គ្រែ​វា​ចង្អៀត ហើយក៏​សុំអោយ​យក​ផាស៊ី​ជាធម្មតា​ផងដែរ​។​

 

​ដោយឡែក​លោកស្រី នូ ប៊ូ​រ៉ុង ដែលជា​ប្រធាន​គ្រប់គ្រង​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង បានលើកឡើង​ដែរ​ថា ចំពោះ​ម៉ូតូឌុប​គឺ​មិនមែនជា​អាជីវករ​របស់​ផ្សារ​ទេ គឺ​គាត់​គ្រាន់តែ​ជា​អ្នក​អាស្រ័យ​ផល​ជាមួយ​ផ្សារ ហើយ​ពាក់ព័ន្ធ​ជាមួយ​ការបង់​ផាស៊ី​អោយ​ផ្សារ​គឺ​អត់​មាន​ទេ ហើយ​រាល់​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ បាន​បង់ថ្លៃ​ផាស៊ី​អោយ​ផ្សារ ទើប​ជា​អាជីវករ​របស់លោក​ស្រី ចំណែក​ម៉ូតូឌុប​គឺ​ផ្សេង​។​

 

​លោកស្រី​បានបញ្ជាក់​បន្ថែមថា ផ្សារ​មួយ​នេះ​គឺ​ផ្សារ​ឯកជន និង​មាន​វិនិយោគ​ជាមួយនឹង​រដ្ឋ អញ្ចឹង​គោលការណ៍​ដែល​ខាង​លោកស្រី​ធ្វើ គឺពាក់ព័ន្ធ​ទៅនឹង​គោលការណ៍​ដែល​រដ្ឋ​បានចែង​អោយ ដោយ​យើង​មើលឃើញ​ស្រាប់​ហើយ​ថា នៅ​ឆ្នាំ​២០២១​នេះ​ដែល​យើង​មាន​ជំងឺ​កូ​វីដ​១៩​កំពុងតែ​វៃ​លុក ហើយ​ទីផ្សារ​នីមួយៗ​គឺជា​កន្លែង​ដែល​ផុយស្រួយ​ជាងគេ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​19 ហើយ​ការដែល​ពួកគាត់​រៀបចំ​ផ្សារ​ជាថ្មី​នេះ​គឺពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីត​19​ខ្លាំង ដោយ​ទីមួយ​រៀបចំ​អោយ​អាជីវករ​មានការ​លក់​ដូរ​មាន​គម្លាត ទី​ពីរ​រៀបចំ​ចំណត​អោយ​ខាង​ម៉ូតូឌុប​អោយបាន​ត្រឹមត្រូវ ទី​បី​គឺ​រៀបចំ​ចំណត​ខាង​អតិថិជន​អោយបាន​ត្រឹមត្រូវ​។​

 

​ហើយ​ក្រោយពី​រៀបចំ​ត្រឹមត្រូវ​ហើយ ខាង​ក្រុមហ៊ុន​នឹង​ទិញ​ម៉ាស៊ីន​ស្គែ​ន​ដាក់​សម្រាប់​ផ្សារ ដើម្បី​ពិនិត្យថា បើ​មាន​នរណាម្នាក់​មាន​ជំងឺ​កូ​វីដ​១៩ គឺ​ខាង​សន្តិសុខ  បុគ្គលិក និង​ប៉ូលិស​ផ្សារ​មិន​អនុញ្ញាតអោយ​ចូលក្នុង​ផ្សារ​នោះទេ ហើយ​បញ្ហា​ប្រឈម​រាល់ថ្ងៃនេះ​គឺ​ខាង​អ្នករត់ម៉ូតូឌុប​បាន​ជិះ​ចូល​ផ្សារ​បង្ក​ភាព​រញ៉េរញ៉ៃ​អត់​សណ្តាប់ធ្នាប់ ហើយ​ខាង​អាជីវករ​ប្តឹង​ទៅខាង​ក្រុមហ៊ុន​ថា​បាន​ជិះ​ពារ​លើ​កញ្ច្រែង​គេ​លក់ដូរ និង​ពេលខ្លះ​បាន​ជិះ​បុក​អតិថិជន​ក្នុង​ផ្សារ ធ្វើអោយប៉ះពាល់​ដល់​អាជីវករ​ផង និង​ប៉ះពាល់​ដល់​អតិថិជនរ​បស់​ក្រុមហ៊ុន​ផង ទើប​ខាង​ក្រុមហ៊ុន​រៀបចំ​ចំណត​អោយ​ពួកគាត់ ដោយ​តម្រូវ​អោយចូល​តែ​ខ្លួន​ដើម្បី​ចាប់​ម៉ូយ​។​

 

​លោកស្រី​បានបញ្ជាក់​បន្ថែមថា ទាំង​ការដាក់​ផ្ញើរ​ម៉ូតូ​របស់​ក្រុម​អ្នករត់ម៉ូតូឌុប និង​ការដាក់​ផ្ញើរ​គ្រែ​លក់ដូរ​របស់​អាជីវ​ករ​នោះ ខាង​ក្រុមហ៊ុន​ផ្សារ​មិន​យកប្រាក់​ថ្លៃ​ផ្ញើរ​នោះទេ​។​

 

ក្រុម​អ្នករត់ម៉ូតូឌុប និង​អាជីវករ​ផ្សា​របឹង​ឈូក តវ៉ា​ស្នើ​ម្ចាស់​ក្រុមហ៊ុន​អនុញ្ញាតឱ្យ​ចេញចូល និង​លក់ដូរ ជាធម្មតា​

PLB Banner on article detail

អត្ថបទពេញនិយម