មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ រកឃើញ​វិជ្ជមាន​កូ​វីដ​ដំបូង ៣​ករណី​

ថ្ងៃសុក្រ 28 ឧសភា 2021, 20:17

​លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា នាយក​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី ៧ ស្ថិតក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​ជា​សកល​ជំងឺ​កូ​វីដ​-១៩​មក​នោះ មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ បានធ្វើការ​រឹតបន្តឹង​អ្នក​មករក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នេះ ទាំង​ផ្នែក​ស្ត្រី​សម្រាលកូន និង ទាំង​ផ្នែក​កុមារ និយាយ​រួម​គឺ​ការពិនិត្យ​គ្រប់ៗ​គ្នា ប៉ុន្តែ​អ្វីដែល​ផ្ដោតជាសំខាន់​នោះ​គឺ ស្ត្រី​ដែល​មក​សម្រាលកូន ។​

 

​លោក​សាស្ត្រាចារ្យ បាន​ឲ្យ​ដឹង​ទៀតថា គ្រប់​ស្ត្រី​ដែល​មក​សម្រាលកូន យើង​ត្រូវតែ​ធ្វើតេស្ត​ពិនិត្យ​ជំងឺ​កូ​វីដ​-១៩​គ្រប់ៗ​គ្នា តាមរយៈ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ដោយមាន​ក្រុមគ្រូពេទ្យ​និង​ឆ្មប​រង់ចាំ​នៅ​ច្រកចូល ដើម្បី​ពិនិត្យ​វាស់​កំដៅ ស្រង់​ទិន្នន័យ និង សាកសួរ​ព័ត៌មាន ហើយ​ជា​ករណី​លើកដំបូង​នោះ គឺ​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ មន្ទីរពេទ្យ​បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​គ្រួសារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​នេះ ហើយ​ជំហាន​ដំបូង​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​ប្តី​របស់គាត់​ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​រូបគាត់​ដោយ​ការធ្វើ​តេស្ត​លើក​ទី​១ អវិជ្ជមាន​នោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយ​សម្រាលកូន​ជូន​គាត់​បាន​ជោគជ័យ ។​

 

​លោកនាយក​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ការ​សម្រាលកូន​រួច យើង​បានធ្វើ​តេស្ត​លើ​ស្ត្រី​ដដែល​នោះ ហើយ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ រួមទាំង​កូន​របស់គាត់​ផង ដូច្នេះ​រូបគាត់​និង​កូន​របស់គាត់ ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

 

​លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា  មានប្រសាសន៍​ទៀតថា ប្រសិនបើ​យើង​មិនបាន​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ទេនោះ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ពិត​ជាមាន​ច្រើន​ករណី​ដែល​យើង​មិនអាច​សន្និដ្ឋានបាន ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង វិធានការ​របស់​រាជ​រដ្ឋាភិបាល ៣​ការពារ និង ៣​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង ។ 

 

​គួររំលឹកថា ក្នុង​រយៈពេល ៥ ខែ​ដើមឆ្នាំ​២០២១​នេះ មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី ៧ សម្រេច​លទ្ធផល​បាន ៖ ១-​ផ្នែក​ពិគ្រោះ​ជំងឺ​សរុប​ទាំង​ផ្នែក​កុមារ​នឹង​ផ្នែក​សម្ភព ចំនួន​១០១.៤៥៧​នាក់ និង ២-​ចំនួន​ចូល​សម្រាក​ពេទ្យ​សរុប​ទាំង​ផ្នែក​កុមារ​នឹង​ផ្នែក​សម្ភព ចំនួន ២៤.៩៤៦​នាក់ ហើយ​ចំនួន​សរុប​ទាំងអស់នេះ មានការ​ថយចុះ​លើសពី​៥០​ភាគរយ បើ​ប្រៀបធៀប​មុន​ឆ្នាំ​២០២០ ដែល​មិនទាន់​កើតមាន​ជំងឺ​កូ​វីដ​-១៩   ៕ ដោយ តាំង ហូ​

មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ រកឃើញ​វិជ្ជមាន​កូ​វីដ​ដំបូង ៣​ករណី​
មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ រកឃើញ​វិជ្ជមាន​កូ​វីដ​ដំបូង ៣​ករណី​
មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ រកឃើញ​វិជ្ជមាន​កូ​វីដ​ដំបូង ៣​ករណី​

PLB Banner on article detail