កែច្នៃផាវបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់០២នាក់

ថ្ងៃព្រហស្បតិ៍ 26 ឧសភា 2022, 12:32

ខេត្តបាត់ដំបង ៖ បុរស០២នាក់បានរងរបួសធ្ងន់បន្ទាប់ពីនាំគ្នាកែច្នៃផាវបោកត្រីខុសបច្ចេកទេសក៏បណ្តាលឲ្យផ្ទុះឡើង។

 

 លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ហេតុការណ៍កែច្នៃជាតិផ្ទុះ (ផាវ) បោកត្រីខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះឡើងនេះ បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

 

ហើយហេតុការណ៍ខាងលើនេះដែរបណ្តាលអោយមនុស្ស០២នាក់រងរបួស ដែលម្នាក់ឈ្មោះ មឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង) និងម្នាក់ទៀតឈ្មោះ សុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំ និងភ្នែកខាងឆ្វេង)ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមរថយន្តទៅសង្គ្រោះព្យាបាលបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។

 

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេសដូចករណីខាងលើនេះ ចៀសវាងការកើតមានគ្រោះថ្នាក់ដល់អាយុជីវិត ជាយថាហេតុណាមួយកើតឡើង៕

កែច្នៃផាវបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់០២នាក់

PLB Banner on article detail