ព្រៃ​លិច​ទឹក​ក្នុងស្រុក​មោងឫស្សី នៅតែមាន​ការកាប់​ទន្ទ្រាន​ឥត​ឈប់​ពី​សំណាក់​ជនខិលខូច​

ថ្ងៃព្រហស្បតិ៍ 27 ឧសភា 2021, 12:48

​ខេត្តបាត់ដំបង​៖ ព្រៃ​លិច​ទឹក​នៅ​តំបន់​២ និង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី នៃ​ខេត្តបាត់ដំបង រាប់រយ​ហិកតា បាន​នឹង​កំពុង​រង​ការកាប់បំផ្លាញ​ឥតឈប់ឈរ ពី​សំណាក់​ជនខិលខូច​បើទោះបី​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានដាក់​វិធានការ ទប់ស្កាត់​ជា​ញឹកញាប់​យ៉ាងណាក្តី​។​

 

ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​ព្រៃ​លិច​ទឹក ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន ស្ថិតក្នុង​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បាន​លើកឡើងថា ព្រៃ​លិច​ទឹកជា​ច្រើន​ចំណុច ត្រូវ​ជនខិលខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការ​ឈូសឆាយ​ជា​ហូរហែរ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិន​ថា​យប់​មិន​ថា​ថ្ងៃ និង​បាន​ប្រើប្រាស់​សកម្មភាព បំភាន់​ភ្នែក​អាជ្ញាធរ​តាម​រូបភាព​ផ្សេងៗ ដោយ​ធ្វើការ​ឈូសឆាយ​ភ្ជួរ​រាស់​ដីព្រៃ​បណ្ដើរ ហើយ​ធ្វើការ​ព្រោះស្រូវ​បណ្ដើរ ធ្វើ​ដូចជា​ខ្លួន​បាន​អាស្រ័យ​ផល​លើដី​នោះ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ការពិត​គឺជា​ដីព្រៃ​ថ្មី មិន​ធ្លាប់​អាស្រ័យ​ផល​នោះទេ​។​

 

​ប្រភព​ដដែល​បាន​បន្ថែមថា សម្រាប់​ចំណុច​ត្រូវ​ជន​ទាំងអស់នោះ កំពុង​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់ មាន -​នៅ​បឹង​កំភ្លាញ​ក្នុង -​បឹង​កំភ្លាញ​ក្រៅ -​អូរ​ចុង​តា​ចាន់ -​ខ្ទម​តូច រាង​អង្ក្រង -​បឹង​បណ្ដែត​គល់ +​បឹង​ទឹកល្អក់ -​បឹង​ទឹកថ្លា​ជាដើម ហើយ​តំបន់​ទាំងនោះ​ខ្លះ​ស្ថិត​ក្នុងភូមិ​អង្គ្រង និង​ខ្លះ​នៅ​ភូមិ​ដូន​ទ្រី ។​

 

​ក្នុង​ការចុះពិនិត្យ​ទៅលើ​ទីតាំង​ដែល​កំពុង​កាប់​ទន្ទ្រាន​ខាងលើ មន្ត្រី​សាលាស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ចំពោះ​បញ្ហា​ការកាប់​ទន្ទ្រាន​នៅ​ភូមិសាស្ត្រ​ឃុំ​ជ្រៃ​នេះ ពិតជា​បានកើត​ឡើង​មែន ដោយ​ពេលខ្លះ​អាជ្ញាធរ​ក៏​ចាប់​គ្រឿងចក្រ ដែល​កំពុង​ឈូសឆាយ​បានជា​បន្តបន្ទាប់ និង​បាន​បញ្ជូនទៅ​តុលាការ​ផងដែរ ។​

 

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ករណីខ្លះ ពេល​អាជ្ញាធរ​ចុះទៅ​បង្ក្រាប​ជនខិលខូច​បានដឹង​មុន ក៏​បើក​គ្រឿងចក្រ​រត់គេច ឬ​យកទៅ​លាក់​ក្នុងព្រៃ បន្សល់ទុក​តែ​ដាន ហើយ​ពេលខ្លះ​ពួកគេ​បាន​កាប់​ទន្ទ្រាន​នៅពេល​យប់​ក៏មាន ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ពិបាក ព្រោះ​មាន​កម្លាំង​តិច ហើយ​ព្រៃ​លិច​ទឹក​ក្រៅពី​នៅ​ឃុំ​ជ្រៃ​នេះ ក៏មាន​ឃុំ​ផ្សេងទៀត កំពុង​រង​ការកាប់​ទន្ទ្រាន ក្នុងនោះ​មាន​ឃុំ​ព្រៃតូច និង​ឃុំ​ឫស្សី​ក្រាំង​ជាដើម ។​

 

​គួរ​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កាលពី​សប្ដាហ៍​កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា បញ្ហា​នៅមាន​ការ​លួច​កាប់​ទន្ទ្រាន​នេះ ដោយសារ​មាន​ភាពមិនច្បាស់លាស់ ដូច​ជាមាន​ការដាំ​បង្គោល​នៅ​រង្វើល​ឆ្ងាយៗ ខណៈ​ខេត្តបាត់ដំបង​មាន​ដីព្រៃ​លិច​ទឹក​ប្រមាណ ៤០​គីឡូម៉ែត្រ ដាំ​បង្គោល​បានតែ​ជាង ១០០​ដើម ដោយ​បញ្ហា​នេះហើយ ទើប​ពលរដ្ឋ​ឆ្លៀតឱកាស​កាប់​ឈូសឆាយ​ព្រៃ​យក​ដី​ធ្វើស្រែ ។​

 

ឯកឧត្តម​បន្តថា ចំពោះ​ការទប់ស្កាត់​នេះ សម្រាប់​អាជ្ញាធរខេត្ត​មានអំណាច​បាន​ត្រឹម​យន្តការ​អប់រំ និង​ការសម្រេច​យ៉ាងណា​លើ​ក្រសួង​ស្ថាប័ន​ជំនាញ ហើយ​បញ្ហា​មួយទៀត មាន​ករណីខ្លះ​ដី​ដែល​កាប់​ទន្ទ្រាន​រួចហើយនោះ ពលរដ្ឋ​សុំ​អាស្រ័យ​ផល​បន្ត នៅពេល​រដ្ឋ​ត្រូវការ​ពេលណា អាចដកហូត​បាន​ពេលនោះ ។

 

គួរ​រំលឹក​ផងដែរ​ថា ការ​លួច​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ មិនមែន​កើតមាន​តែ​នៅ​ស្រុក​មោងឫស្សី​នោះទេ គឺ​កើតឡើង​នៅ​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​នេះ នៅ​តំបន់​ខ្លះ​រដ្ឋបាលខេត្ត​ក៏បាន​ដាក់​ប៉ុស្តិ៍​ដើម្បី​ត្រួតពិនិត្យ​ផងដែរ​។​

 

ព្រៃ​លិច​ទឹក​ក្នុងស្រុក​មោងឫស្សី នៅតែមាន​ការកាប់​ទន្ទ្រាន​ឥត​ឈប់​ពី​សំណាក់​ជនខិលខូច​

PLB Banner on article detail

អត្ថបទពេញនិយម