ពលរដ្ឋ​ភូមិ​រាម​សេនា ប្តូ​ពី​ការដាំ​ត្រសក់ មក​ដាំ​បន្លែ​សណ្ដែក​គួរ ព្រោះ​មិនសូវ​ធ្លាក់ចុះ​

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 15:45

​ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង ដែល​ភាគច្រើន​ទំនេរ​ពី​ការធ្វើ​ស្រែ ពួកគាត់​បាននាំគ្នា​ឆក់​ចាប់យក​ការដាំ​ដំណាំ​បន្លែ​រួមផ្សំ​បន្ថែម​ដើម្បី​ស្តា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុងដំណាក់កាល​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង វីរុស​កូ​វីដ​-១៩​។​

 

​ប្រជាពលរដ្ឋ​ឈ្មោះ ជិន រស់នៅ​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល បានលើកឡើង​អោយ​អ្នកយកព័ត៌មាន​យើង​បានដឹងថា អ្នកភូមិ​រាម​សេនា​ជាច្រើន​គ្រួ​សារបាន​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម ដែល​ក្នុងនោះ​ទំនេរ​ពី​ការធ្វើ​ស្រែ ពួកគាត់​បាននាំគ្នា​ដាំ​ដំណាំ​បន្លែបង្ការ​ផ្សេងៗ​សំរាប់​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ  ដោយឡែក​គ្រួសារ​លោកស្រី​វិញ​បាន​ចាប់យក​ការដាំ​ដំណាំ​ប្រភេទ​បន្លែ​សណ្តែក​គួរ ក្នុង​ទំហំ​ផ្ទៃដី​ពីរ​រ៉ៃ ស្មើ​ចំនួន​២៦​រង​ដោយ​ឃើញថា​របរ​មួយ​នេះ​អាច​រកចំណូលបាន​គួរសម និង​មិនសូវ​ពិបាក​ក្នុង​ការថែទាំ​ដូច​ដំណាំ​ដទៃ​នោះទេ ។​

 

​លោកស្រី​បាន​បន្តថា ឆ្នាំ​កន្លងទៅ​គ្រួសារ​លោកស្រី​ដាំ​តែ​ដំណាំ​ប្រភេទ​បន្លែ​ត្រសក់ តែ​ឆ្នាំនេះ​គ្រួសារ​លោកស្រី​បាន​ងាក​មក​ដាំ​ដំណាំ​សណ្តែក​គួរ​វិញ ព្រោះ​ដំណាំ​ប្រភេទ​នេះ មិនសូវមាន​អ្នក​ដាំ ហើយ​តម្លៃ​ក៏​មិនសូវ​ធ្លាក់ចុះ​ខ្លាំង​ដូច​ដំណាំ​ផ្សេងៗ​នោះដែរ​។​ហើយ​ការដាំដុះ​វិញ​យើង​ប្រើ​រយៈពេល​ពីរ​ខែ​ទើប​ឲ្យ​ផល​ជា​បណ្ដើរៗ និង​អាយុ​វា​បើ​មិនមាន​ការរាំងស្ងួត​ឬ​ទឹក​លិច​នោះទេ វា​អាចរ​ស់បាន​ច្រើន​ខែ និង​ប្រមូល​ផល​បាន​ច្រើនដង​ផងដែរ​។​

 

​ការប្រមូល​ផល​ដំបូង​ក្នុង​មួយថ្ងៃ​យើង​អាច​បេះ​បាន​ចាប់​២០​គីឡូក្រាម ទៅ​៥០​គីឡូក្រាម ដែលជា​មធ្យម​ក្នុង​មួយ​គីឡូក្រាម​លក់បាន​តម្លៃ ២៥០០​រៀល ដោយ​ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​ដល់ផ្ទះ​អស់​មិន​ពិបាក​រក​ទីផ្សារ​នោះទេ ព្រោះ​តម្រូវការ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ចូលចិត្ត​បរិភោគ​ច្រើន ហើយ​តម្លៃ​បើ​ធ្លាក់ចុះ​ក៏​ធ្លាក់​បន្តិចបន្តួច​ដែល​យើង​អាច​ទទួលយកបាន ព្រោះ​វា​មិន​ធ្លាក់​ខ្លាំង​ដូចជា​ដំណាំ​ត្រសក់​នោះទេ ។

 

​គួរបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង ក្រៅពី​ការធ្វើ​ស្រែ ពួកគាត់​ភាគច្រើន​បាននាំគ្នា​ចាប់យក​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​គ្រប់​ប្រភេទ ដើម្បី​ផ្គត់ផ្គង់​ស្តារ​ជីវភាព​ក្នុងដំណាក់កាល​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​វីរុស​កូ​វីដ​-១៩៕​

ពលរដ្ឋ​ភូមិ​រាម​សេនា ប្តូ​ពី​ការដាំ​ត្រសក់ មក​ដាំ​បន្លែ​សណ្ដែក​គួរ ព្រោះ​មិនសូវ​ធ្លាក់ចុះ​

PLB Banner on article detail