អភិបាលខេត្ត​បាត់ដំបង ជំរុញ​ការរុះរើ​សំណង់ ប៉ះពាល់​ការកែលម្អ​ផ្លូវជាតិ​លេខ​៥ ដើម្បី​ឲ្យ​គម្រោង​សម្រេច​តាម​កាលកំណត់​

ថ្ងៃច័ន្ទ 10 ឧសភា 2021, 10:37

ខេត្តបាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​សង្កែ អោយ​ជូនដំណឹង​ដល់​ពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិសាស្ត្រ​រប​ស់​ខ្លួន​គ្រប់គ្រង ដែល​ប៉ះពាល់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នេះ ហើយ​ទទួលបាន​សំណង​ពី​ការអភិវឌ្ឍន៍ សូម​រុះរើ​សំណង់​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​កែលម្អ​ផ្លូវ អាច​សម្រេចបាន​តាម​កា​ល​កំណត់ ។​

 

​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​នូវ​គំរោង​កែលម្អ ផ្លូវជាតិ​លេខ​៥ និង​ពិនិត្យ​ស្ថានភាព​កែលម្អ​ផ្លាស់ប្តូរ​ទីតាំង​ក្លោងទ្វារ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៥ ស្ថិតក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា អាជ្ញាធរ​ស្រុក​ត្រូវ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សំណង​សមរម្យ​ហើយ​នោះ ត្រូវ​ចូលរួម​ឲ្យ​បាន​គ្រប់គ្នា ពាក់ព័ន្ធ​ការអភិវឌ្ឍន៍​គម្រោង​ជួសជុល​កែលម្អ​ផ្លូវ​ល្បឿន​លឿន​នេះ ដើម្បី​កុំ​ឲ្យ​មានការ​រាំងស្ទះ​។​

 

​ឯកឧត្តម​បាន​បន្តថា សម្រាប់​សាលា​នគរបាល​ជាតិភូមិ​ភាគ​៥ ក៏ត្រូវ​ព​ន្លឿ​ន រៀបចំ​ការរុះរើ​នូវ​ក្លោងទ្វារ​ចាស់ ដើម្បី​រំកិល​ទៅ​ទីតាំង​ថ្មី ចៀសវាង​ការយឺតយ៉ាវ​ដល់​ការអនុវត្ត​គម្រោង និង​ជា​គម្រូ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ និង​ក្រុមការងារ​ជួសជុល​ផ្លូវ​បាន​អនុវត្តតាម​ផែនការ​ដែល​បាន​គ្រោងទុក ។​

 

​យោងតាម​ការបញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន និង​ជា​អ្នកបច្ចេកទេស​ជួសជុល​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​នោះ បាន​ឲ្យ​ដឹងថា ការសាងសង់​នេះ រាល់​ចំណុច​ផ្លូវ​ឆ្លងកាត់​ទាំង​តូច​ទាំង​ធំ​ទាំងអស់​ត្រូវ​ឆ្វៀល​ធ្វើ​ផ្លូវ​ឡា​គួ ដើម្បី​ងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់ និង​បត់​បាន​ត្រឹមត្រូវ​ដោយ​សុវត្ថិភាព​ទៅតាម​ទំហំ​ផ្លូវ​ជាក់ស្តែង​ទាំងអស់ ។​

 

​លោក​បាន​បញ្ជាក់ថា ការងារ​ដែល​ត្រូវធ្វើ​ទីនោះ នឹង​ចាប់ផ្តើម​អនុវត្ត​ឆាប់ៗ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដោយ​មិន​ពន្យា​ពេលវេលា​ក្នុងការ​អនុវត្ត​គម្រោង ហើយ​នៅទីនេះ ម្ចាស់​គម្រោង​ក៏បាន​ដោះស្រាយ​នូវ​សំណង​ផលប៉ះពាល់​ជូន​រួចរាល់​ហើយ​ដែរ ៕​

 

អភិបាលខេត្ត​បាត់ដំបង ជំរុញ​ការរុះរើ​សំណង់ ប៉ះពាល់​ការកែលម្អ​ផ្លូវជាតិ​លេខ​៥ ដើម្បី​ឲ្យ​គម្រោង​សម្រេច​តាម​កាលកំណត់​

PLB Banner on article detail

អត្ថបទពេញនិយម