រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ និង​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល បន្ត​ខិតខំ​បម្រើប្រជាជន​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​ខ្ពស់​

ថ្ងៃពុធ 18 ឧសភា 2022, 13:20

​ខេត្តបាត់ដំបង​!  រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​និង​ណែនាំ​ទៅដល់​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល​ទូទាំងប្រទេស ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បម្រើប្រជាជន​អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដោយស្មោះ​អស់ពីដួងចិត្ត​ជាមួយនឹង​អាកប្បកិរិយា ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​ខ្ពស់​។​

 

​ឯកឧត្តម​សាស្ត្រាចារ្យ ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​"​អគារ​សម្ភព និង​ថែទាំ​ទារក នៃ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដែល​ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២២​នេះ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង  ឯកឧត្តម PARK Heung-Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ និង​ឯកឧត្ដម លោក លោកស្រី ដែលជា​ប្រធាន អនុប្រធាន មន្ទីរ​ពាក់ព័ន្ធ ជាច្រើន​នាក់​ផងដែរ​។​

 

 ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា​"​អគារ​សម្ភព និង​ថែទាំ​ទារក នៃ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ជា​អំណោយ​ដ៏​ថ្លៃថ្លា​ប្រកបដោយ​មនុស្សធម៌​រប​ស់​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​អង្គការ​(KOFIH) នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផុស​ឡើង​នៅក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង ដែល​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​បំពាក់​ទៅដោយ​ឧបករណ៍​និង​បរិក្ខារ​ពេទ្យ​ទំនើបៗ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង និង​តំបន់​ជុំវិញ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល ដែល​អគារ​មួយ​នេះ​មាន​សារសំខាន់​ខ្លាំង​សម្រាប់​ពុក​ម៉ែ​បងប្អូន ពិសេស​បងប្អូន​ជា​ស្ដ្រី​ទាំងអស់​ដែលមាន​តម្រូវ​ការចាំបាច់​ពិនិត្យ​សុខភាព សម្រាល​បុត្រ ថែទាំ​មុន​សម្រាល និង​ក្រោយ​សម្រាល ក្នុង​គោលបំណង​ជៀស​អោយ​ខាន​តែ​បាន​នូវ​បញ្ហា​សុខភាព ឬ​គ្រោះថ្នាក់​នៅពេល​សម្រាល​បុត្រ ឬ​អាច​និង​បាត់បង់​អាយុជីវិត​ទាំង​ម្តាយ​និង​កូន​ជាយថាហេតុ​ណាមួយ​។​

 

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ជំងឺ​កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​នោះទេ ដូច្នេះ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជម្រុញ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ផ្តើមចេញពី​ការទទួលខុសត្រូវ​និង​ការចូលរួម​របស់​យើងទាំងអស់គ្នា នឹង​ថែរក្សា​នូវ​ភាព​សាំ​ក្នុង​គ្រួសារ ក្នុង​សហគមន៍​អោយបាន​យូរអង្វែង​តទៅទៀត​។​

 

​បន្ថែម​ពីនេះ​ឯកឧត្តម សាស្ត្រាចារ្យ​បន្ត​អំពាវនាវ​ទៅដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​សូម​អញ្ជើញ​មក​ទទួល​នូវ​សេវា​ដែល​បាន​បម្រើ​ជូន​នៅទីនេះ​អោយបាន​គ្រប់ៗ​គ្នា ពីព្រោះ​ការពង្រឹង​និង​ពង្រីក​សេវា​សុខាភិបាល​មក​កៀក​ជិត​នឹង​ផ្ទះ​បងប្អូន គឺ​ក្នុង​គោលបំណង​ចង់អោយ​បងប្អូន​ចំណាយ​ពេលវេលា​និង​ថវិកា​តិច ឬក៏​ថវិកា​មិន​សមស្រប និង​មិនមាន​ប្រសិទ្ធភាព​ទៅប្រើ​ប្រាស់​សេវា​ដែល​មិន​សមស្រប​តាមច្បាប់​និង​មិនមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​សុខាភិបាល​។​

 

 ជាមួយគ្នានេះ​ឯកឧត្តម​ជម្រុញ​អោយ​មន្ទីរ​សុខាភិបាល ជាពិសេស​ប្រធាន​មន្ទីរពេទ្យ អ្នកគ្រប់គ្រង​និង​អ្នកផ្តល់​សេវា​នៅទីនេះ ត្រូវ​ប្រើប្រាស់​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​អោយបាន​ចំ​ទិស ហើយ​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែលមាន​បញ្ហា​សុខភាព ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវ​និង​សមធម៌ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ ពណ៌​សម្បុរ ត្រូវមាន​ចិត្តសប្បុរស​ប្រកបដោយ​ការទទួលខុសត្រូវ​តាម​វិជ្ជាជីវ ជាពិសេស​ចំពោះ​ប្រជាជន​ក្រីក្រ ចាស់ជរា ស្ត្រី កុមា និង​ទូ​រគត​ជន​ជួប​ការលំបាក​ដែល​ត្រូវ​ការអោយ​យើង​ជួយ   ហើយ​អ្វីដែល​សំខាន់​ឯកឧត្តម​មិន​ចង់ឃើញ និង​មិន​ចង់​លឺ​នូវ​ស្ត្រី​ដែលមាន​ផ្ទៃពោះ មាន​បញ្ហា​គ្រោះថ្នាក់ បាត់​បង់ជីវិត​ដោយសារតែ​មិនបាន​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​អោយបាន​សមស្រប​និង​ទាន់ពេលវេលា​នោះឡើយ​។​

 

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ និង​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល បន្ត​ខិតខំ​បម្រើប្រជាជន​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​ខ្ពស់​
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ និង​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល បន្ត​ខិតខំ​បម្រើប្រជាជន​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​ខ្ពស់​
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ និង​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល បន្ត​ខិតខំ​បម្រើប្រជាជន​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវ​ខ្ពស់​

PLB Banner on article detail