អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍ បកស្រាយ​រឿង​ពលរដ្ឋ​រិះគន់​រឿង​ដាក់កុង​ត្រូល​យកលុយ​

ថ្ងៃច័ន្ទ 10 ឧសភា 2021, 8:31

​ខេត្តបាត់ដំបង​៖ លោក​វរ​:​សេនីយ៍​ទោ ហេង ពិសិដ្ឋ អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង​បានធ្វើការ​បកស្រាយ​ក្រោយពី​បាន​លេចឮ​ព័ត៌មាន​ថា​មាន​ការដាក់​កុងត្រូល​កាក់​យកលុយ​ពី​ពលរដ្ឋ​ដឹកទំនិញ​តាម​រថយន្ត​ដោយ​ឲ្យ​បង់លុយ​ចាប់ពី​១​ម៉ឺន​រៀល​ឡើងទៅ​ដោយ​មិន​បានចេញ​វិក័យប័ត្រ​។​

 

​លោក​វរ​:​សេនីយ៍​ទោ​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១​នៅ​គោលដៅ​ចំណុច​ជិត​ស្ពាន​កំរៀង ស្ថិតក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​ថា ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​ការពារ​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​និង​ត្រួតពិនិត្យ​អ្នកធ្វើដំណើរ​ដោយ​វាស់​កំដៅ​បាញ់​អាល់កុល​ហើយ​បើ​ឃើញ​កំដៅ​របស់គាត់​ឡើង​លើសពី ៣៧​អង្សា ឡើងទៅ​ត្រូវយក​គាត់​ដាក់​នៅ​ឆ្ងាយ​ពី​គេ​ឲ្យ​គាត់​អង្គុយ​ពិសារ​ទឹក​លាងមុខ​លាង​មាត់​រួច​វាស់​កំដៅ​ជាថ្មី​បើ​កំដៅ​គាត់​ចុះ​អនុញាត​ឲ្យ​គាត់​អញ្ជើញ​ធ្វើដំណើរ តែបើ​កំដៅ​នៅតែ​ក្តៅ​យើង​ត្រូវ​រាយ​ការជូន​មន្ត្រី​សុខាភិបាល​ដើម្បី​យក​គាត់​ទៅពិនិត្យ​កំហាក​រក​ជម្ងឺ​កូ​វិដ​១៩​។​

 

​លោក​អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែលថា​ដាក់​ប៉ុស្តិ៍​ជំរិត​ទារលុយ​ពី​អ្នក​ដឹកទំនិញ​គ្រប់​ប្រភេទ​គឺជា​ការមិនពិត​ទេ​ហើយ​រឿង​កាក់​រថយន្ត​ដឹកគោ​ឆ្លងកាត់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ដោយ​មានការ​ប្រកែក​គ្នា​នោះ​គឺ​មកពី​មាន​ពលរដ្ឋ​បានមក​ប្តឹង​ករណី​បាត់គោ​ទើប​ខាង​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់​សួរនាំ​ដោយ​ហៅ​ឲ្យ​ម្ចាស់​គោ​មក​បង្ហាញមុខ​ទើប​ឲ្យ​ទៅ​។​

 

​ទោះជា​យ៉ាងណាក្តី​ពលរដ្ឋ​សង្ឃឹមថា​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខាងលើនេះ​ធ្វើ​ទៅដោយ​គោរព​តាម​គោល​ការ​ដោយ​មិន​ពុករលួយ​ដូច​ពាក្យចាស់​ថា​(​ត្រីងៀត​ឆ្លៀត​ពង​)​ពលរដ្ឋ​កំពុងតែ​ខ្វះខាត​និង​ប្រឈម​និង​ជម្ងឺ​កូ​វិដ​១៩ រកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​តែ​បែរជា​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​គ្រប់កន្លែង​៕​

 

អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍ បកស្រាយ​រឿង​ពលរដ្ឋ​រិះគន់​រឿង​ដាក់កុង​ត្រូល​យកលុយ​

PLB Banner on article detail

អត្ថបទពេញនិយម