សាលារៀន​១៩​កន្លែង នៅ​ស្រុក​ពួក បើក​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​២​ថ្ងៃ​

ថ្ងៃសុក្រ 12 មីនា 2021, 8:59

​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក ខេត្តសៀមរាប ប្រកាស​ឲ្យ​បើក​ដំណើរការ​ការសិក្សា ជាធម្មតា​វិញ​ឡើងវិញ ចំពោះ​សាលា​ទាំង​១៩ ដែល​បាន​ផ្អាក​មួយរយ​:​ពេល​ខ្លី កាលពីពេល​ថ្មីៗ​កន្លងមក​។​

 

​តាម​សេចក្ដីជូនដំណឹង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ក្រោយ​ការស្រាវជ្រាវ និង​ពិនិត្យ​សំណាក​លើក​ទី​១ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ឃើញថា​លទ្ធផល គឺ​អវិជ្ជមាន​កូ​វីដ​-១៩ ទាំងអស់នោះ ហេតុនេះ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដល់​ការសិក្សា​របស់ សិស្សានុសិស្ស និង​មានការ​យល់ព្រម​ពី​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត​ផង ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក ពួក សម្រេច​បើក​ដំណើរការ​ការសិក្សា​រប​ស់​សាលា​ទាំង​១៩ ជាធម្មតា​វិញ ដោយ​អនុវត្តតាម​វិធានការ ៣​ការពារ និង ៣​កុំ ឱ្យបាន​ខ្ជាប់​ខ្លួន ។​

 

​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា តាម​សំណើ​របស់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក និង​តាម​ការស្រាវជ្រាវ និង​ពិនិត្យ​សំណាក​លើក​ទី​១ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន កូ​វីដ -១៩ ទាំងអស់នេះ មន្ទីរ​យល់ព្រម​តាម​សំណើ​របស់​ការិយាល័យ​អប់រំ​ស្រុក​ពួក ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ប៉ុន្ដែ​ត្រូវ​អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់​ខ្លួន​។​

 

​សូមជម្រាបថា កាលពី​ថ្ងៃទី​០៩ ខែមីនា​ឆ្នាំ​២០២១​នេះ សាលារៀន​ចំនួន ១៩​កន្លែង នៅក្នុង​ឃុំ​ចំនួន​៤ ក្នុងនោះ​មាន ៖ ឃុំ​ខ្នាត ចំនួន ៦​សាលា​, ឃុំ​ពួក ចំនួន ៥​សាលា​, ឃុំ​សំរោង​យា​ចំនួន ៣​សាលា និង​ឃុំ​កែវ​ព៌​ណ ចំនួន ៥​សាលា បានសម្រេច​បិទ​មិន​ឲ្យ​សិស្ស​ចូលរៀន​ជា​បណ្ដោះអាសន្ន ក្រោយពេល​ស្ដ្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មកពី​ខេត្ដ​ព្រះសីហនុ ចូលក្នុង​សហគមន៍​នៅ​ស្រុក​ពួក​នោះ ៕

សាលារៀន​១៩​កន្លែង នៅ​ស្រុក​ពួក បើក​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​២​ថ្ងៃ​
សាលារៀន​១៩​កន្លែង នៅ​ស្រុក​ពួក បើក​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​២​ថ្ងៃ​

PLB Banner on article detail

អត្ថបទពេញនិយម