មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ព្រមាន​បិទ​រាល់​អាជីវកម្ម មិន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរ ការពារ​កូ​វីដ​-19

ថ្ងៃពុធ 10 មីនា 2021, 10:43

(​ខេត្តបាត់ដំបង​)៖ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​នៅតាម​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ និង​តាម​បណ្តា​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា នៅក្នុង​ក្រុង​បាត់ដំបង របស់​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល រួម​និង​អាជ្ញាធរ​ក្រុង​បាត់ដំបង​នាយ​ប់​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០២១​នេះ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន ព្រមាន​បិទ​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ណា​ដែល​មិន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19​។​

 

​លោក ហម អនុ  -​ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា គោលបំណង​ដែល​ក្រុមការងារ​ចុះ​អនុវត្ត​នាយ​ប់​នេះ​គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ទៅដល់​អាជីវករ​នៅក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​ចូលរួម​អនុវត្ត​នៅក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍​អោយបាន​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​19​។​

 

​ហើយ​អ្វីដែល​យើង​ត្រូវអនុវត្ត​នាពេលនេះ​ក្នុងនោះ​មាន​! /​ទី​១-​ត្រូវ​វាស់​កំដៅ​គ្រប់​ភ្ញៀវ​ដែល​ចូល ,/​ទី​២-​គឺ​ធ្វើការ​ស្កែ​ន (q r code)​គ្រប់​ភ្ញៀវ​មុន​និង​ចូលមក​ទីតាំង​នឹង​ដើម្បី​បញ្ជាក់​ពី​ពេលវេលា អត្តសញ្ញាណ នៅពេលណា​ដែល​គាត់​មាន បញ្ហា​អ្វី​កើតឡើង​យើង​ងាយស្រួល​និង​ដឹងថា​គាត់​មក​កន្លែង​ហ្នឹង និង​បាន​ជួប​អ្នកណាខ្លះ /​ទី​៣-​គឺ​ត្រូវ​ពាក់​ម៉ាស់​ក៏ដូចជា​របាំង​បិទមុខ​ដល់​បុគ្គលិក​ដើម្បី​ការពារ​ខ្លាច​ភ្ញៀវ​ឬ​ចម្លង​អ្វី​ផ្សេងៗ /​ទី​៤-​គឺ​ការបាញ់​អាល់កុល​គ្រប់​ភ្ញៀវ​ដែល​ចូលមកក្នុង​អាជីវកម្ម គឺ​ត្រូវ​សម្អាត​ដៃ​ដោយ​សាប៊ូ ឬ​អាល់កុល ហើយ​អ្វីដែល​សំខាន់​គឺ​រក្សា​គម្លាត​សុវត្ថិភាព​ពី​តុ​មួយ​ទៅ​តុ​មួយ​។​

 

​លោក​បានបញ្ជាក់​បន្ថែម​ថា ទាក់ទង​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទៅលើ​អាជីវកម្ម​ចំនួន​ជាង​១០​កន្លែង​នាពេលនេះ ខាង​មន្ត្រី​ជំនាញ​ពិនិត្យឃើញថា រហូតមកដល់​ពេលនេះ​ឃើញថា អាជីវកម្ម​មួយចំនួន​បាន​ចូលរួម​បានល្អ ហើយ​មួយចំនួនទៀត​ក៏​នៅមាន​ចំណុច​ខ្វះខាត​ហើយ​ក្រុមការងារ​ក៏បាន​ធ្វើការ​ណែនាំ​ពួកគាត់​បន្ថែម ដោយ​ពួកគាត់​សន្យាថា​នឹងចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ​​បន្ថែម​។​

 

​លោក​បន្តថា ចាប់ពី​ថ្ងៃស្អែក​ទៅ​ក្រុមការងារ​និង​ចុះ​ជាប្រចាំ​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​មើល​ការអនុវត្ត​ប្រធាន​សុវត្ថិភាព​នៅតាម​អាជីវកម្ម​របស់គាត់​ទៀត ហើយ​ក្នុងករណី​បើ​មាន​អាជីវកម្ម​ណាមួយ​មិនបាន​អនុវត្តតាម​ការណែនាំ ខាង​ក្រុមការងារ​និង​មាន​សិទ្ធិ​ក្នុង​ការបិទ​ផ្អាក​អាជីវកម្ម​គាត់​ជា​បណ្តោះអាសន្ន ព្រោះ​កន្លងមក​ក្រុមការងារ​ក៏​ធ្លាប់​បានធ្វើ​ការបិទ​ផ្អាក​អាជីវកម្ម​មួយចំនួន​មកហើយ​ដែរ​ដែល​ពួកគាត់​មិនបាន​ចូលរួម​អនុវត្ត និង​មិនមាន​អាជ្ញាប័ណ្ណ​ហើយ​បើក​ដោយ​មិនមាន​ការត្រួតពិនិត្យ​សុវត្ថិភាព​អោយបាន​ត្រឹមត្រូវ​។

​លោក​ប្រធានការិយាល័យ​ដដែល​បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ សម្រាប់​ខេត្តបាត់ដំបង​នេះ យើង​ឃើញថា​មិនទាន់មាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​គូ​វីដ​-១៩​ណាមួយ​នៅក្នុង​សហគមន៍​នោះទេ ប៉ុន្តែ​ក្នុងនោះ​យើង​ក៏​មិនត្រូវ​មានការ​ហ្វេ​ស​ប្រហែស​ដែរ យើង​ត្រូវ​ចូលរួម​ការពារ​មិន​ថា​នៅតាម​អាជីវកម្ម​ទេសចរណ៍​ទេ សូម្បីតែ​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​ចុះទៅ​ទីកន្លែង​ណា ឬ​តាម​ទីផ្សារ​ផ្សេងៗ​គឺ​ត្រូវ​ចូលរួម​អនុវត្ត​អោយបាន ជាពិសេស​គឺ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​បាញ់​អាល់កុល​ជាដើម​។​

 

​ជា​ចុងក្រោយ​លោក​សំណូមពរ​ដល់​អាជីវកម្ម​ទេសចរ​ទាំង​អស់​នៅក្នុង​ខេត្តបាត់ដំបង​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព ពិសេស​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង បី​កុំ បី​ការពារ​អោយបាន​ជាប្រចាំ​នៅ​គ្រប់​ទីកន្លែង​ដើម្បី​ទប់ស្កាត់​កុំអោយ​ឆ្លង​ចូល​សហគមន៍ ក៏ដូចជា​ក្នុង​ខេត្តបាត់ដំបង​យើង​ទាំងមូល​ផងដែរ​។​

មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ព្រមាន​បិទ​រាល់​អាជីវកម្ម មិន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរ ការពារ​កូ​វីដ​-19

PLB Banner on article detail

អត្ថបទពេញនិយម