បិទសាលារៀន ក្នុងឃុំទាំង៤ នៅស្រុកពួក ខេត្តសៀមរាប ក្រោយរកឃើញស្ត្រីម្នាក់ មកពីខេត្តព្រះសីហនុ កើតជំងឺកូវីដ១៩

ថ្ងៃពុធ 10 មីនា 2021, 9:1

ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក លោក កែ វណ្ណនី បានសរសេរលិខិត ជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ស្នើសុំផ្អាការរៀន សាលារៀនមួយចំនួន ក្នុងស្រុកពួក ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍។

 

លិខិត លើកឡើងថា ក្រោយកិច្ចពិភាក្សាជាមួយលោកអភិបាលស្រុក នៅថ្ងៃទី៩មីនា នៅរសៀលថ្ងៃទី៩មីនានេះ ការិយាល័យអប់រំស្រុកពួក បានសម្រេច ផ្អាកសាលាទាំងអស់ ក្នុងឃុំទាំង ៤ ដូចខាងក្រោម៖ ១.ឃុំខ្នាត ( ០៦សាលា ) ២.ឃុំពួក ( ០៥សាលា ) ៣.ឃុំសំរោងយា ( ០៣សាលា ) ៤.ឃុំកែវពណ៌ ( ០៥សាលា )។

 

សូមរម្លឹកថា សាលារៀនទាំងអស់ នៅស្រុកពួក បិទទ្វារនេះ ក្រោយពីអាជ្ញាធរស្រុកពួក និងរដ្ឋបាលខេត្តសៀមរាប បានប្រកាសពីករណីស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានធ្វើតេស្តលើកទី១ រកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៩ ខែមីនានេះ។

 

ស្ត្រីរូបនេះ បានបម្រើការងារនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ និងបានចាកចេញពីខេត្តព្រះសីហនុ កាលម៉ោង ១១យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ តាមរយៈរថយន្តតាក់ស៊ី មកដល់រាជធានីភ្នំពេញ ហើយបានបន្តដំណើរ ដោយជិះរថយន្តក្រុង មកដល់ខេត្តសៀមរាប នៅម៉ោង ៥កន្លះល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

 

នៅព្រឹកថ្ងៃទី៨មីនា ស្ត្រីរូបនេះ បានចូលរួមពិធីហែជំនួន ក្នុងមង្គលការ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕

 

បិទសាលារៀន ក្នុងឃុំទាំង៤ នៅស្រុកពួក ខេត្តសៀមរាប ក្រោយរកឃើញស្ត្រីម្នាក់ មកពីខេត្តព្រះសីហនុ កើតជំងឺកូវីដ១៩
បិទសាលារៀន ក្នុងឃុំទាំង៤ នៅស្រុកពួក ខេត្តសៀមរាប ក្រោយរកឃើញស្ត្រីម្នាក់ មកពីខេត្តព្រះសីហនុ កើតជំងឺកូវីដ១៩

PLB Banner on article detail

អត្ថបទពេញនិយម