​បុរស​​ម្នាក់ ដាំ​ល្ហុង​៤​ហិកតា បារម្ភ​សត្វ​ស្វា​បេះ​ស៊ី​ទាំង​ហ្វូង

ថ្ងៃសុក្រ 22 មករា 2021, 8:12

 (​ប៉ៃលិន​) ៖  ប្រជាកសិករ​ពោះម៉ាយ​ម្នាក់ មានកូន​ស្រី​តូច​ម្នាក់​អាយុ​៣​ឆ្នាំ​នៅក្នុង​បន្ទុក បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​បន្លែ​ល្ហុង​ចំនួន​៤​ហិកតា នៅជាប់​នឹង​ជើងភ្នំ​ខៀវ ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់​បេះ​លក់បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។ គាត់ ក៏​ដាំ​ដំណាំ​ផ្សេងៗ ជាច្រើន​នៅលើ​ដី ចម្ការ​ប្រមាណ​១០​ហិកតា​ផងដែរ ។ តែ​គាត់​បារម្ភ​ពី​បញ្ហា​សត្វ​ស្វា​ទាំង​ហ្វូង ចូល​ស៊ី​និង​បេះ​ផ្លែ​ល្ហុង​ចូលក្នុង​ព្រៃ ភ្នំ​នាំ​កូនចៅ​ស៊ី​រាល់ថ្ងៃ ពិបាក​ក្នុងការ​ការពារ ។

 

​បើតាម​ការរៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ មុត ស្មា​អែល អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន ឱ្យ​ភ្នាក់ងារ​យើង​ដឹងថា ៖ រូបគាត់​បាន​ដាំ​ល្ហុង​មួយ​ប្រភេទ​ឈ្មោះ ហូ​ឡេ​ន ចំនួន​ជាង​៤០០០​ដើម ដែលជា​តម្រូវការ​ទីផ្សារ នៅលើ​ផ្ទៃដី​ប្រមាណ​១០​ហិកតា ។

 

​គាត់​បន្តទៀតថា ដំណាំ​ល្ហុង​ប្រភេទ​នេះ កាលពីមុន​ទាន់​មាន​ករណី​ជម្ងឺ​កូ​វីដ​១៩ នៅពេល​ទុំ​បេះ​លក់​១​គីឡូក្រាម​តម្លៃ​២០០០​រៀល ដោយមាន​ម៉ូយ​ធ្វើដំណើរ​មកពី​ក្រុងប៉ៃលិន ចូលទៅ​ម៉ៅ​ទិញ​ពេល​ជិត​ទុំ បេះ​ដឹក​យកទៅលក់​បន្ត​នៅតាម បណ្តា​ខេត្ត​នានា ។ គាត់​ដាំ​ដំណាំ​ល្ហុង​ប្រភេទ ហូ​ឡេ​ន​នេះ អស់​រយ​:​ពេល​ជាង​៣​ឆ្នាំ​មកហើយ គឺ​គេ​ទិញ​យកទៅ​ទទួលទាន​នៅពេល​ទុំ មិនមែនជា​ប្រភេទ​ល្ហុង​បន្លែ​នោះឡើយ ដោយមាន​រសជាតិ​ផ្អែម ឆ្ងាញ់ ។​

 

 តែ​អ្វីដែល​ធ្វើឱ្យ​គាត់​មានការ​ព្រួយបារម្ភ​នោះ ដោយសារតែ​នៅក្នុង​ចម្ការ​របស់គាត់​ជាប់​នឹង ជើងភ្នំ​ខៀវ សម្បូរ​ទៅដោយ​សត្វ​ស្វា ដែល​ចូលមក​ស៊ី​ល្ហុង​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ នៅពេល​ល្ហុង​ចាស់​ជិត​ទុំ គឺ​ចូល​បេះ​ស៊ី​ទាំង​ហ្វូង ហើយ​ជញ្ជូន​ឡើង​ទៅលើ​ភ្នំ​ថែមទៀត ។ ជួនកាល​ក៏មាន​សត្វ​ជ្រូក ព្រៃ ចេញពី​ក្នុង​ព្រៃភ្នំ មក​ស៊ី​ដំណាំ​របស់គាត់ នា​ពេលយប់​ស្ងាត់​ផងដែរ ។

 

​គាត់​បញ្ជាក់ទៀតថា នៅលើ​ដីចម្ការ​ខាងលើនេះ គាត់​មិន​ត្រឹមតែ​ដាំ​បន្លែ​ល្ហុង​ប៉ុណ្ណោះ​ទេ គឺមាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត ដូចជា ស្វាយកែវ​រមៀត ក្រូចសើច អំពិល ក្រូច​ខ្លុង មៀន​កោះក្របី ដើម​ខ្នុរ ដើម​ទឹកដោះ​។ ជាពិសេស​ជា​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ មាន​ប្រជាពលរដ្ឋ​ជាច្រើន ដែល រស់នៅក្នុង​ក្រុងប៉ៃលិន តែងតែ​បើកបរ​ម៉ូតូ និង​រថយន្ត ទៅលេង​ក្នុង​ចម្ការ​របស់គាត់ រហូត​ដល់ពេល ល្ងាច ទើប​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ ។

 

​គាត់​ក៏​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ឈប់សម្រាក​ពី​ការងារ អាច​ចូល​ទៅលេង​ចម្ការ របស់គាត់ ដោយ​ទិញ​ផ្លែឈើ​ផ្សេងៗ និង​ផ្លែ​ល្ហុង​ជាដើម ព្រោះ​ជា​ផ្លែឈើ​ធម្មជាតិ​សុទ្ធសាធ អត់​មាន ប្រើ​ជីគីមី​អ្វី​នោះឡើយ​៕​

 

​បុរស​​ម្នាក់ ដាំ​ល្ហុង​៤​ហិកតា បារម្ភ​សត្វ​ស្វា​បេះ​ស៊ី​ទាំង​ហ្វូង

PLB Banner on article detail