អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​

ថ្ងៃពុធ 16 ធ្នូ 2020, 8:25

(​ខេត្ត​ប៉ៃលិន​) ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែលមាន​ផ្ទះ​រស់នៅ​តាម​ផ្លូវលំ​១​កន្លែង ស្ថិតនៅ ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខំ​តែ​សប្បាយរីករាយ ខណ​:​ទទួលដំណឹង​ថា អាជ្ញាធរ មូលដ្ឋាន​នឹង​រៀបចំ​ធ្វើ​ផ្លូវ​បេតុង​ឱ្យ​ស្រួល​ធ្វើដំណើរ​ទាំងអស់គ្នា លុះ​ក្រោយ​បន្តិច​មក ស្រាប់តែ​ឃើញ ប្រជាបលរដ្ឋ​មួយចំនួន​ដាំ​បង្គោលរបង​នៅលើ​ផ្លូវ​ទៅវិញ ដោយ​ខំប្រឹង​តវ៉ា​ជជែក​យកឈ្នះ​មិន​ព្រមឱ្យ ធ្វើ​ផ្លូវ​ប៉ះ​ក្បាលដី​របស់ខ្លួន ។​

 

ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​យក​បង្គោលរបង​ថ្ម ទៅ​បោះ​នៅលើ​ចិញ្ចើមផ្លូវ មិន​អនុញ្ញាតិ​ឱ្យ អាជ្ញាធរ​ធ្វើ​ផ្លូវ​បេតុង​ជូន​ប្រើប្រាស់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ដោយ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ខាងលើ មានការ​លំបាក​ធ្វើដំណើរ​ចេញចូល ជាពិសេស​នៅ​រដូវវស្សា ទើប​អាជ្ញាធរ​ភូមិ បានដាក់ សំណើរ​សុំ​ទៅខាង​អាជ្ញាធរ​សង្កាត់ ដើម្បីឱ្យ​រៀបចំ​ឈូសឆាយ​ធ្វើ​ផ្លូវ​បេតុង សម្រាប់​ងាយស្រួល​ធ្វើដំណើរ​ចេញចូល​ទៅផ្ទះ​របស់ខ្លួន​។​

 

ប្រភព​បន្តទៀតថា គ្រាន់តែ​លេចឮ​ដំណឹង​ថា អាជ្ញាធរ​មូលដ្ឋាន នឹង​រៀបចំ​ធ្វើ​ផ្លូវ​ជូន​ពួកគាត់ ដែលមាន​ផ្ទះ​នៅ​ផ្នែក​ខាងក្រោយ​ឆាប់ៗ​នេះ ស្រាប់​តែមាន​បុរស​ម្នាក់ ឈ្មោះ ខ្លឹម សារ៉ាត់ អាយុ​៦៥​ឆ្នាំ ប្រពន្ធ ឈ្មោះ ផាន អាយុ​៥៩​ឆ្នាំ បាន​យក​បង្គោលរបង​ថ្ម​ទៅ​បោះ​នៅលើ​ផ្លូវ បណ្តាលឱ្យមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ។ ចំណែក​ផ្លូវ​នៅ​ខាងក្រោយ​វិញ ត្រូវ បាន​បុរស​ម្នាក់ ឈ្មោះ រិ​ទ្ធ ប្រពន្ធ ឈ្មោះ តក់ រី បាន​យក​បង្គោលរបង​ថ្ម​បិទផ្លូវ​ជិត មិន​អាចឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​កើត​នោះឡើយ ។ ដូច្នេះ ពួកគាត់​ម្នាក់ៗ ដែល​រស់នៅ​ផ្នែក​ខាងក្រោយ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណ​:​អាជ្ញាធរ​រៀបចំ​ធ្វើ​ផ្លូវ​បេតុង សម្រាប់​ឱ្យធ្វើ​ដំណើរ​ស្រួល​ទាំងអស់គ្នា​ហើយ បែរ ជាមាន​អ្នក​គិត​ឃើញ​ប្លែកៗ​ទៅវិញ ។

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ក់ សំអឿន អតីត​មេភូមិ​អូរ​ស្ងួត បាន​រៀបរាប់​ឱ្យដឹងថា ៖ ដី​ផ្លូវ​ខាងលើ គឺ​លោក​បាន​សុំ​ម្ចាស់​ដី​ឱ្យ​ប្រគល់ជូន​រដ្ឋ​ម្ខាង​ចំនួន​៤​ម៉ែត្រ សរុបទៅ​គឺ​៨​ម៉ែត្រ ហើយក៏​នាំគ្នា ធ្វើដំណើរ​អស់​រយ​:​ពេល​១០​ឆ្នាំ​មកហើយ​ដែរ ដោយ​មិនមាន​ការធ្វើ​របង​ហ៊ុ​ព័ទ្ធ ឬ​បិទ​ដូច​ពេលនេះ​ទេ ។​

 

លោក​បន្តទៀតថា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គ្រាន់តែ​ឮដំណឹង​ថា អាជ្ញាធរ​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ប្រហែល​ជាមាន​អ្នក​ចាក់ចុច​ដល់​ម្ចាស់​ដី ទើប​នាំគ្នា​ជីក​ដាំ​បង្គោល​បង្ខិត​ចូលទៅ​លើដី​ផ្លូវ​ទៅវិញ ។

 

ចំណែក​លោក ឆៀ ហឿន មេភូមិ​អូរ​ស្ងួត ទើប​ឡើងកាន់តំណែង​ថ្មី បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះដែរ​ថា កាលពី​ព្រឹក​ម៉ិ​ញ ខាង​អាជ្ញាធរ​សង្កាត់ ចុះទៅ​ធ្វើការ​ដោះស្រាយ​រួចរាល់​អស់ហើយ ដោយ​ខាង​ម្ចាស់​ដី សម្រេច​ប្រគល់​ដី​ផ្នែក​ខាងលិច​២​ម៉ែត្រ និង​ផ្នែក​ខាងកើត​ផ្លូវ​៣​ម៉ែត្រ ដើម្បីឱ្យ​អាជ្ញាធរ​រៀបចំ​ឈូសឆាយ​ធ្វើ​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ ខាងលើ​ងាយស្រួល​ធ្វើដំណើរ ។ ចំណែក​ដី​ផ្លូវ​ផ្នែក​ខាងក្រោយ ដែល​ត្រូវគេ​ហ៊ុ​របងលួស ខាង​លោក នឹង​ឱ្យគេ​រើចេញ ពេលដែល​អាជ្ញាធរ ត្រូវការ​ដី​ធ្វើ​ផ្លូវ​នៅ​ថ្ងៃ​ខាងមុខ ៕​

អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​
អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​
អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​
អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​
អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​
អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ ស្រាប់​ពលរដ្ឋ​មួយចំនួន បោះ​បង្គោលរបង​លើផ្លូវ មិនឱ្យ​ឈូសឆាយ​

PLB Banner on article detail