កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​

ថ្ងៃអង្គារ 6 តុលា 2020, 9:31

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ដើមខែ​តុលា ឆ្នាំ​២០២០ នេះ គេ​សង្កេតឃើញ​ប្រជាកសិករ​រស់នៅ​ក្រុងប៉ៃលិន ប្រកប​របរ​ដាំ​បន្លែ​ល្ពៅ ក្នុងនោះ​មាន​កសិករ​មួយ​គ្រួសារ ដាំ​បន្លែ​ល្ពៅ​ចំនួន​១៥​ហិកតា នៅលើ​ដីចម្ការ​របស់ខ្លួន ស្ថិតនៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ប្រមូល​ផល​បាន​ក្នុង​១​ហិកតា ចំនួន​២៥​តោន ប៉ុន្តែ​តម្លៃ​ទីផ្សារ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន ជាហេតុ​ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​ជីវភាព​យ៉ាងខ្លាំង​។

 

ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ហែម ហឿន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ជា​មេការ​នៅក្នុង​ចម្ការ​ខាងលើ បាន​រៀបរាប់​ឱ្យដឹងថា ៖ ម្ចាស់​ចម្ការ​របស់ខ្លួន បាន​ដាំ​បន្លែ​ល្ពៅ​ចំនួន​១៥​ហិកតា ហើយ​ល្ពៅ​ចាប់ផ្តើម​ទុំ ក៏បាន​ជួល​កម្មករ​ឱ្យ​ប្រមូល​ផល បេះ​លក់​ឱ្យ​ឈ្មួញ​ក្នុងតម្លៃ​ទាប​ជាង​ឆ្នាំមុន ដោយ​ល្ពៅ​លេខ​១ (​ទម្ងន់​ចាប់​៥-១២​គីឡូក្រាម​) ឈ្មួញ​ទិញ​១​គីឡូក្រាម​ត្រឹមតែ​៧០០​រៀល​។ រីឯ​ល្ពៅ​លេខ​២ ដែលមាន​ទម្ងន់ ចាប់ពី​៤​គីឡូក្រាម​ចុះក្រោម ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម​៣៥០​រៀល​ប៉ុណ្ណោះ ដែល​ខុសពី​ឆ្នាំមុន ល្ពៅ លេខ​១ ឈ្មួញ​ទិញ​១​គីឡូក្រាម​ក្នុងតម្លៃ​២០០០​ទៅ​២៥០០​រៀល​ឯណោះ​។

 

​គាត់​បន្តទៀតថា ដំណាំ​ល្ពៅ ក្នុង​ចម្ការ​ខាងលើ បេះ​បាន​ចំនួន​៥​ទៅ​៦​សារ​មកហើយ តែ​ការប្រមូល​ផល​នៅពេលនេះ ដោយសារតែ​ភ្លៀង​ខ្លាំងពេក នាំឱ្យមាន​ការលំបាក​ដឹក​ចេញពី​ក្នុង​ចម្ការ​។ គាត់​បន្ថែមទៀតថា ការដាំ​ល្ពៅ​នេះ មិនមាន​ការលំបាក​ប៉ុន្មាន​នោះទេ ដោយ​គ្រាន់តែ​ប្រើ​ជី និង​បាញ់ថ្នាំ​កំចាត់​សត្វល្អិត ហើយ​ជួល​កម្មករ​បេះ​ក្នុង​១​តោន​អស់​៥​ម៉ឺន​រៀល ចំណែក​ការ​លីសែង​ដាក់​រថយន្ត គឺ​ឈ្មួញ​ជា​អ្នកចេញ​ថ្លៃឈ្នួល​វិញ​។

 

​ចំណែក​ឈ្មួញ​ម្នាក់ ឈ្មោះ ម៉ាន លីន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា រហូតមកដល់​ពេលនេះ តម្លៃ​ទីផ្សារ​ដំណាំ​បន្លែ​ល្ពៅ មានការ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ខ្លាំ ង ដោយ​គាត់​ទិញ​ពី​ម្ចាស់​ចម្ការ ដឹក​តាម​រថយន្ត​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម រីឯ​ខាង​ប្រ ទេស​ថៃ អត់​ទទួល​ទិញ​បន្លែ​ផ្លែ​ល្ពៅ​ទាំងនេះ​ទេ​។​

 

​ប្រភព​បន្តទៀតថា ទោះបីជា​យ៉ាងណា ក៏​ខាង​គាត់​នៅតែ​ដើរ​ទិញ​បន្លែ​នេះ ដឹក​យកទៅលក់​បន្តទៀត គឺ​ឱ្យ​តែមាន នឹង​ទិញយក​ទាំងអស់​តែម្តង ដោយ​គិត​តាម​តម្លៃ​ទីផ្សារ និង​ប្រភេទ​ល្ពៅ​ល្អ ឬ​មិនសូវ​ល្អ​ប៉ុណ្ណោះ​៕​

 

កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​
កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​
កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​
កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​
កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​
កសិករខេត្ត​ប៉ៃលិន ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារល្ពៅ​ធ្លាក់ចុះ​

PLB Banner on article detail