​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​ស្វី​ស​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ​កម្ពុជា

ថ្ងៃសុក្រ 4 កញ្ញា 2020, 8:43

លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានទទួល​ជួប​លោក Markus Buerli នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​ស និង​ភ្នាក់ងារ​កុងស៊ុល​ស្វី​ស​ប្រចាំ​កម្ពុជា និង​សហការី ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

 

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល នៃ​ប្រទេស​ស្វី​ស ដែល​បាននិងកំពុង​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដោយ​ភាគី​ស្វី​សបាន​បន្ត​ការអនុវត្ត​គម្រោង ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ផ្កាយរណប​ជា​មូលដ្ឋាន និង​ការធានារ៉ាប់រង​ដំណាំ​ស្រូវ​ក្នុងប្រទេស​កម្ពុជា RIICE តាំងពី​ឆ្នាំ​២០១២​។​

 

​ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ភាគី​ស្វី​សបាន​បន្ត​ការអនុវត្ត​គម្រោង​នេះ ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បច្ចុប្បន្ននេះ​បាន​ឈានដល់ ជំហាន​ទី​៣ ២០១៩-២០២១ ក្នុង​គោលបំណង​គ្រប់គ្រង​គ្រោះធម្មជាតិ ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្វែងយល់​ព័ត៌មាន​ទិន្នន័យ​មួយចំនួនទៀត ដូចជា​ផ្ទៃដី​ដាំ​ដុះ​ជាក់ស្តែង ពេលវេលា​ចាប់ផ្តើម​រដូវ​ដាំ​ដុះ កម្រិត​កំពូល​នៃ​រដូវ​ដាំ​ដុះ ការព្យាករណ៍​ទិន្នផល​ពាក់កណ្តាល​រដូវ ការប៉ាន់ស្មាន​ទិន្នផល ពេល​ប្រមូល​ផល និង​ការវាយតម្លៃ​ការបាត់បង់​ដោយសារ​គ្រោះធម្មជាតិ​។​

 

​រដ្ឋមន្ត្រី វេ​ង សាខុន បាន​បញ្ជាក់ថា បច្ចេកវិទ្យា និង​ព័ត៌មាន​ទាំងអស់នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ជំនាញ ក្នុង​ការផ្តល់​ទិន្នន័យ និង​ព័ត៌មាន ដល់​ប្រជាកសិករ ហើយ​ពិតជា​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង ក្នុងការ​ជំរុញ​ការអនុវត្ត​ទំនើបកម្ម​កសិកម្ម យ​ន្តុ​ប​នីយកម្ម​កសិកម្ម ការធ្វើ​កសិកម្ម​ដែល​ធុន​នឹង​ការប្រែប្រួល​អាកាសធាតុ ការធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ជាពិសេស​លើកកម្ពស់​ខ្សែ​ច្រវាក់ ផលិតកម្ម​កសិកម្ម និង​តម្លៃបន្ថែម​។​

 

​ហេតុនេះ លោក​រដ្ឋមន្ត្រី​បានស្នើ​ដល់​ភាគី​ស្វី​ស បន្ត​ផ្តល់​កិច្ចសហការ​ដល់​ក្រសួង​លើ​ការងារ​ខាងលើ និង​ពិនិត្យ​លទ្ធភាព​ពង្រឹងសមត្ថភាព​មន្ត្រី និង​ប្រជាកសិករ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដូចជា​ប្រព័ន្ធ​ស្រោចស្រព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​កង្វះ​ទឹក បង្កដោយ​ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ការសិក្សា ស្រាវជ្រាវ និង​ផលិត​ពូជ​គ្រឹះ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​។​

 

​លោក Markus Buerli បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ដែល​បាន និង​បន្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក ជាពិសេស ក្នុងដំណាក់កាល​នៃ​ជំងឺ​វីរុស​កូ​វីដ​-១៩​។ លោក​ក៏​ឯកភាព ចំពោះ​កង្វល់​របស់លោក​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក និង​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​មាន​កម្រិត​ទាប​នៅឡើយ ដែល​អាច​ជះឥទ្ធិពល​ដល់​ការងារ​បង្កបង្កើនផល​ក្នុងឆ្នាំនេះ​។​

 

​ហេតុដូច្នេះ ភាគី​ស្វី​ស​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ផងដែរ ដើម្បី​រៀបចំ​គម្រោង​ឧបត្ថម្ភ​រយៈពេល​ខ្លី ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ប្រព័ន្ធ​ស្រោចស្រព​ដល់​កសិករ​។​

 

​មួយវិញទៀត ដោយ​ពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ ក្នុង​អនុវត្ត​គម្រោង RIICE ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ភាគី​ស្វី​ស នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ដោយ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​មួយ​ផ្សេងទៀត ដែលជា​គម្រោង​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម ដំណាំ​សាកវប្បកម្ម ហៅថា​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា CHAIN ជំហាន​ទី​៣ ពី​ខែមករា ឆ្នាំ​២០២១ ដល់​ខែធ្នូ ឆ្នាំ​២០២២​។​

 

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​ក៏បាន​លើក​ប្រធានបទ​មួយចំនួនទៀត មក​ពិភាក្សា​ផងដែរ ដូចជា​វឌ្ឍនភាព នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល និង​ច្បាប់​ព្រៃឈើ​ផងដែរ​៕

​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​ស្វី​ស​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ​កម្ពុជា
​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​ស្វី​ស​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ​កម្ពុជា
​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​ស្វី​ស​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ​កម្ពុជា
​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​ស្វី​ស​ជួយ​ពង្រឹងសមត្ថភាព​កសិក​រ​កម្ពុជា

PLB Banner on article detail