ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​

ថ្ងៃសុក្រ 28 សីហា 2020, 9:40

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អះអាងថា តំបន់​បឹង​ស្នេហ៍ ក្នុង​ខេត្តព្រៃវែង នឹង​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដ៏​ច្រើន​ចូលទៅ​ទស្សនា ខណៈ​បច្ចុប្បន្ន​តំបន់​នោះ​សម្បូរ​ទៅដោយ​ពពួកសត្វ​ស្លាប​។​

 

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​បន្ទាប់ពី ចុះ​ពិនិត្យ​កន្លែង​អភិរក្ស​សត្វ​ស្លាប នៅ​ទួល​ពាន់តា​ឡី ក្នុង​តំបន់​បឹង​ស្នេហ៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២៧ ខែសីហា​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួង​កំពុង​សហការ​ជាមួយ​រដ្ឋបាលខេត្ត អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ គ្រប់គ្រង​តំបន់ការពារធម្មជាតិ តំបន់​បឹង​ស្នេហ៍ ដែល មាន​សក្តានុពល​ធម្មជាតិ​នេះ ដែល​សម្បូរ​ទៅដោយ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ជាពិសេស​ប្រភេទ​ជិត​ផុត​ពូជ និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក ដូចជា​ប្រភេទ​ស្មោញ ទុង​ប្រផេះ រនាល ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច និង​ប្រភេទ ចង្កៀលខ្យង​ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់ម៉ឺន​ក្បាល នៅតាម​ព្រៃ​លិច​ទឹក ព្រៃ​ល្បោះ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា «​យើង​បានផ្តល់​ដំណោះស្រាយ​អភិវឌ្ឍន៍​តំបន់​បឹង​ស្នេហ៍​នេះ ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ ដើម្បី​លើកកម្ពស់​ជីវភាព សហគមន៍​មូលដ្ឋាន ក៏ដូចជា​ការប្រើប្រាស់​ដោ​យ​ឈ្លាសវៃ និង​និរន្តរភាព​នូវ​ធនធាន​តំបន់ដីសើម​នេះ​»​។​

 

​សូម​បញ្ចា​ក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន នៅក្នុង​ភូមិសាស្ត្រ​តំបន់​ទួល​ពាន់តា​ឡី តំណាង​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន បានបង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការដាក់​តំបន់ដីសើម​បឹង​ស្នេហ៍​-​ទួល​ព័ន្ធ​តា​ឡី និង​ការចូលរួម​ក្នុងការ​អភិរក្ស​ជា​តំបន់ការពារធម្មជាតិ ។​

 

​រហូតមកដល់​បច្ចុប្បន្ន សត្វ​ស្លាប​ដែល​មក​រស់នៅ​តំបន់ អភិរក្ស​ទួល​ពាន់តា​ឡី មាន​ចំនួន​៦​ប្រភេទ ដូចជា ទុង ននៀល​ខ្យង កុក ខ្វែក ទាព្រៃ សត្វ​ក្អែកទឹក ក្អែកគោក និង​សត្វ​រាប់ពាន់​រាប់ម៉ឺន​ក្បាល​ផ្សេងទៀត រាប់ទាំង​ពពួកសត្វ​រស់នៅក្នុង​ទឹក និង​រស់នៅ​លើគោក​៕​

 

ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​
ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​
ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​
ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​
ក្រសួងបរិស្ថាន​នឹង​រៀបចំ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​

PLB Banner on article detail