មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង រៀបចំ​ក្រុម​បណ្តុំ​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​បន្ថែម​ពីលើ​មុខរបរ​ធ្វើស្រែ​ចម្ការ​

ថ្ងៃសុក្រ 28 សីហា 2020, 8:33

​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បានចាប់ផ្តើម​រៀបចំ​ក្រុម​បណ្តុំ កសិករ សម្រាប់​ចិញ្ចឹម​ត្រី​អណ្តែង​បន្ថែម ពីលើ​មុខរបរ​ធ្វើស្រែ​ចម្ការ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​របស់​កសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

 

​លោក សុខ សុទ្ធា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឲ្យ​ដឹងថា មន្ទីរ​កសិកម្ម​ខេត្ត​បានរៀបចំ​ក្រុម​បណ្តុំ​ប្រជាកសិករ​ចិញ្ចឹម​ត្រី អណ្តែង បាន​ចំនួន​៥១​បណ្តុំ ស្មើនឹង​៥០​គ្រួសារ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មាន​មុខរបរ​បន្ថែមទៀត​បន្ទាប់ពី​ការងារ​ស្រែចំការ​។​

 

​លោក​បន្តថា ការចិញ្ចឹម​ត្រី​អណ្តែង​នេះ គឺ​ចិញ្ចឹម​ក្នុង​ថង់​ប្លា​ស្ទិ​ច ដោយ​ក្នុង​មួយថង់ៗ អាចដាក់​កូន​ត្រី​បាន​ចំនួន​១៥០​ក្បាល ។ ចំពោះ​ការចិញ្ចឹម​នេះ គឺ​ត្រូវ​ប្រើ​រយះពេល​៣​ខែ ទើប​ទទួលបាន​ផល ដោយ​ក្នុង​១​គីឡូ មានតម្លៃ​ពី​១៨០០០​រៀល​ទៅ​២​ម៉ឺន​រៀល​។ លោក​បាន​បន្តទៀតថា ខាង​មន្ទីរ​ក៏បាន​ចុះទៅ​ផ្តល់​បច្ចេកទេស​ដល់​ប្រជាកសិករ ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​ការចិញ្ចឹម​ផងដែរ​។​

 

​លោក​អនុប្រធាន​បាន​បន្ថែមថា ការចិញ្ចឹម​ត្រី​អណ្តែង​នេះ គឺមាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ចិញ្ចឹម ព្រោះ​វា​ធន់​និង​បរិយាកាស​ជុំវិញ ។ លោក ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​ចិញ្ចឹម និង​ធ្វើតាម​ការណែនាំ ស្របតាម​បច្ចេកទេស ដើម្បី​ទទួលបាន​ផល​ច្រើន​៕​

មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង រៀបចំ​ក្រុម​បណ្តុំ​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​បន្ថែម​ពីលើ​មុខរបរ​ធ្វើស្រែ​ចម្ការ​
មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង រៀបចំ​ក្រុម​បណ្តុំ​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​បន្ថែម​ពីលើ​មុខរបរ​ធ្វើស្រែ​ចម្ការ​

PLB Banner on article detail