កសិផល​កម្ពុជា​១៨​ប្រភេទ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​

ថ្ងៃព្រហស្បតិ៍ 27 សីហា 2020, 8:56

​កសិផល​កម្ពុជា ចំនួន​១៨​ប្រភេទ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ ដោយ​ជោគជ័យ ខណៈ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​ដាក់ពាក្យ​ស្នើសុំ​នាំចេញ​កសិផល​ចំនួន​២​មុខ​បន្ថែមទៀត​។​

 

​នេះ​បើតាម​ការបង្ហាញ​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន ជាមួយ​ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​

 

​មានប្រសាសន៍​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ គុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​។ ជំនួយ​ដ៏​មានតម្លៃ​នេះ ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ស្តែងចេញ​ជា​លទ្ធផល​យ៉ាង​ជាក់ច្បាស់​ដូច​យើង​បានឃើញ​នាពេល​បច្ចុប្បន្ន​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បានអនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ចំនួន ១៨​ប្រភេទ រួចមកហើយ​រួមទាំង​ស្វាយកែវ​រមៀត​ស្រស់​ផង ហើយ​នៅមាន ២​មុខ​ទៀត​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​កំពុង​ដាក់ពាក្យ​ស្នើសុំ​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​រដ្ឋា ភិ​បាល​កូរ៉េ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត​។​
 

​ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត នឹង​នាំយក​នូវ​រាល់​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ទៅពិនិត្យ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ជំហានៗ​តាម​ការចាំបាច់ ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សារ កំណើនប្រជាជន និង​កំណើនសេដ្ឋកិច្ច​។​

 

​សូមបញ្ជាក់ថា កសិផល​កម្ពុជា​ទាំង ១៨​ប្រភេទ ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​រួមមាន​៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់​ក្រៀម ដំណាប់​ស្វាយ ស្វាយ​ស្រស់ ចំណិត​ផ្លែ ញ​ក្រៀម ម្សៅ​ញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់​ផ្លែ​ម្នាស់ ផ្សិត​លីង​ជឺ សណ្តែក​ផ្កាយ ស្លឹក​ទៀបបារាំង ម្សៅ​ម្រុំ និង​ស្លឹកគ្រៃ​៕​

កសិផល​កម្ពុជា​១៨​ប្រភេទ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​
កសិផល​កម្ពុជា​១៨​ប្រភេទ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​
កសិផល​កម្ពុជា​១៨​ប្រភេទ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​

PLB Banner on article detail